
ព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមកាលពីខែកញ្ញាកន្លងមកនេះ បានលើកឡើងថា រដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា ត្រូវបានព្រះមហាក្សត្រដំឡើងគោរមងារជា “សម្ដេច” ហើយប្រមុខរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងគោរមងារជា “សម្ដេចក្រុមព្រះ”។ ប៉ុន្តែ ព័ត៌មាននេះ ត្រូវបានច្រានចោលទៅវិញ ដោយចាត់ទុកជាព័ត៌មាន “ក្លែងក្លាយ”។
ការអះអាងលើបណ្ដាញសង្គម
កាលពីដើមខែកញ្ញាកន្លងមកនេះ ព្រះរាជក្រឹត្យចំនួន ២សន្លឹក ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដោយបង្ហាញថា លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ដែលសព្វថ្ងៃនេះមានគោរមងារជា “សម្ដេចបវរធិបតី”ហើយនោះ ត្រូវបានព្រះមហាក្សត្រដំឡើងគោរមងារទៅជា “សម្ដេចក្រុមព្រះ”។
ខាងក្រោមនេះ គឺជាលិខិតដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយគណនីហ្វេសប៊ុកឈ្មោះ PM Hun Manet Leads Cambodia’s Growing Economy to Participate in Economic Market Competition។
ក្រៅពីនេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមទៀតថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលមានគោរមងារជា “ឯកឧត្ដមអភិសន្តិបណ្ឌិត”នោះ ក៏ត្រូវបានព្រះមហាក្សត្រដំឡើងគោរមងារដែរទៅជា “សម្ដេចអភិសន្តិបណ្ឌិត”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះសំណេរដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដែលសំណេរនោះបានហៅលោក ស សុខា ថា “សម្ដេចអភិសន្តិបណ្ឌិត”។
ជាងនេះទៀត ក៏មានការផ្សព្វផ្សាយថា លោក ស សុខា ត្រូវបានដំឡើងទៅគោរមងារជា “សម្ដេចក្រឡាហោម” ដែលគោរមងារនេះដូចទៅនឹងគោរមងារឪពុករបស់លោក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះសំណេរដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលសំណេរនោះ បានហៅលោក ស សុខា ថា “សម្ដេចក្រឡាហោម” ហើយហៅលោក ហ៊ុន ម៉ាណែត ថា “សម្ដេចតេជោ”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះសំណេរដូចគ្នានេះដោយគណនីហ្វេសប៊ុកឈ្មោះ PM Hun Manet Leads Cambodia’s Growing Economy to Participate in Economic Market Compettion កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយហៅលោក ហ៊ុន ម៉ាណែត ថា “សម្ដេចតេជោ” ហើយហៅលោក ស សុខា ថា “សម្ដេចក្រឡាហោម”។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យទៅលើព័ត៌មាននេះតាមរយៈការពិនិត្យមើលព័ត៌មានពីប្រភពផ្លូវការ និងព័ត៌មានចុះផ្សាយដោយសារព័ត៌មានដ៏គួរឱ្យទុកចិត្តនានា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចនាយករដ្ឋមន្ត្រីអស់រយៈពេលជាង ១ឆ្នាំមកហើយនោះ ទទួលបានការប្រទានគោរមងារពីព្រះមហាក្សត្រជា “សម្ដេចមហាបវរធិបតី”កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងមក។
ខាងក្រោមនេះ គឺជាព្រះរាជក្រឹត្យព្រះមហាក្សត្រព្រះរាជទានគោរមងារ “សម្ដេចមហាបវរធិបតី” ជូនដល់លោក ហ៊ុន ម៉ាណែត ដែលព្រះរាជក្រឹត្យនេះត្រូវបានផ្សព្វផ្សាយដោយវេបសាយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។
រហូតមកដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ គ្មានគោរមងារថ្មីត្រូវបានផ្ដល់ជូនលោក ហ៊ុន ម៉ាណែត នោះឡើយ ហើយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល នៅតែបន្តប្រើគោរមងារ “សម្ដេចមហាបវរធិបតី” នៅក្នុងសំណេរព័ត៌មានរបស់ពួកគេអំពីលោក ហ៊ុន ម៉ាណែត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអត្ថបទព័ត៌មានមួយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)ដែលនៅបន្តប្រើគោរមងារ “សម្ដេចមហាបវរធិបតី”ហៅលោក ហ៊ុន ម៉ាណែត នៅក្នុងអត្ថបទព័ត៌មានចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ចំពោះការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា លោក ស សុខា ត្រូវបានដំឡើងគោរមងារជា “សម្ដេច” ដែរនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានច្រានចោលនូវការផ្សព្វផ្សាយនេះកាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងមកនេះ ដោយចាត់ទុកជាព័ត៌មាន“ក្លែងក្លាយ”។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក ស សុខា ក៏បានប្រាប់ទៅអាជ្ញាធរឱ្យស្រាវជ្រាវករណីនេះ ដើម្បីនាំខ្លួនអ្នកបង្កើតព័ត៌មានមិនត្រឹមត្រូវនេះយកទៅប្រឈមមុខច្បាប់។
ដកស្រង់សម្ដីដោយសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍កាលពីដើមខែកញ្ញាកន្លងមកនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ បានលើកឡើងពីការកើនឡើងនៃព័ត៌មានក្លែងក្លាយនាពេលបច្ចុប្បន្ន និងបានជំរុញប្រជាពលរដ្ឋចូលរួមទប់ស្កាត់បញ្ហានេះនៅលើបណ្ដាញសង្គមតាមរយៈការផ្លាស់ប្ដូរទម្លាប់ចែករំលែកឆាប់រហ័សពេកនូវព័ត៌មាននៅលើបណ្ដាញសង្គម។
សេចក្ដីរាយការណ៍របស់វិទ្យុបារាំងអន្តរជាតិកាលពីដើមខែកញ្ញាកន្លងមកនេះ បានឱ្យដឹងថា ព័ត៌មានក្លែងក្លាយរហូតដល់ ១,៧០១ករណី ត្រូវបានកត់ត្រាដោយក្រសួងព័ត៌មាននៅត្រឹមឆមាសទី១នៃឆ្នាំ២០២៤នេះ ពោលគឺបានកើនឡើង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងមក។
បើតាមសេចក្ដីរាយការណ៍ដដែលនេះ ព័ត៌មានក្លែងក្លាយរហូតដល់ជាង ៣,០០០ករណី ត្រូវបានកត់ត្រាដោយក្រសួងព័ត៌មានកាលពីឆ្នាំ២០២៣កន្លងមក។
ដកស្រង់សម្ដីដោយសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា – CamboJA) បានលើកឡើងថា វាចាំបាច់ត្រូវបែងចែកឱ្យច្បាស់លាស់រវាងព័ត៌មានក្លែងក្លាយ និងការបញ្ចេញមតិរិះគន់ត្រឹមត្រូវទៅលើរដ្ឋាភិបាល។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ព័ត៌មានដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានច្រានចោលព័ត៌មាននេះដោយចាត់ទុកជាព័ត៌មាន “ក្លែងក្លាយ”។ ចំណែកគោរមងាររបស់លោក ហ៊ុន ម៉ាណែត ក៏គ្មានការកែប្រែដែរ។

Title:ព័ត៌មានក្លែងក្លាយផ្សាយថា ព្រះមហាក្សត្រប្រទានគោរមងារ “សម្ដេច”ដល់លោក ស សុខា
Written By: Jay UdomResult: False