Fact Check: អ្នក​ទោសដែលចង​ភ្ជាប់​​នឹង​ច្រវាក់​​នោះ​​ មិន​មែន​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទេ​

False Political

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ជា​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​រស់​នៅ​ទីនោះ ដែល​ត្រូវ​បាន​ចែក​រំលែក និង​ជជែក​ដេញ​ដោល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​ត្រូវ​បាន​ចង​ជាម​ួយ​នឹង​ច្រវាក់​ជើង​ និង​រាង​កាយ​នោះ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេសប៊ុក​ម្នាក់​ បាន​អះ​អាង​ថា​​គឺ​ជា​ទិដ្ឋ​ភាព​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពី​សំណាក់​ជន​ជាតិ​វៀត​ណាម​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ការ​ចាប់​ចង​ក្រុម​មនុស្ស​មួយ​ក្រុម​ដោយ​ដាក់​នឹង​ច្រវាក់​ដៃ​ ​ជើង​ និង​ក​យ៉ាង​តឹង​រឹង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ ទិដ្ឋ​ភាព​មួយ​នោះ​គឺ​ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោមពី​ជន​ជាតិ​វៀត​ណាម​។​​

រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិចម្រុះ​ និង​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ពាន់​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ័​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «មើល​សិន​ទៅ​មុន​នឹង​សម្រេច​ចិត្ត​ស្រលាញ់​​យួន​ នេះ​ជា​រូប​ភាព​ខ្មែរ​ក្រោម​ដែល​យួន​ធ្វើ​ទារុណ​កម្ម​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួនដូច​ខាង​ក្រោម​។

រូប​ថត​ដែល​មាន​ទម្រង់​ និង​ទិដ្ឋ​ភាព​​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ​ត្រូវ​បាន​​រក​​ឃើញ​​នៅ​ក្នុង​គេហ​ទំព័រ​ Granger ​ជា​គេហទំព័រ​បណ្ណសារ​ដ្ឋាន​មួយ​ដែល​បាន​រក្សា​ទុក​នូវ​រូប​ថត​បុរាណ​ និង​ប្រវត្តិ​សាស្ត្រ​នា​នា​ជា​ច្រើន​។ គេហទំព័រ​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋ​ភាព​អ្នក​ទោស​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ផែន​ការ​ចង់​បំពុល​ មេ​យោធ​ភូមិ​ភាគជន​ជាតិ​បារាំង​ម្នាក់​ ដែល​ត្រៀម​នឹង​​យក​ទៅ​កាត់​ក្តីជំនុំ​ជម្រះ​​ក្នុង​អំឡុង​ឆ្នាំ​១៩០៨​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «HANOI: PRISONERS, 1908. Accused participants in a Vietnamese plot to poison the French colonial garrison at Hanoi awaiting trial in 1908 while locked in the stocks at Hoa Loa prison, later known as the ‘Hanoi Hilton’»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរថា​ «ទីក្រុង​ហាណូយ​៖ អ្នក​ទោស​ក្នុង​អំឡុង​ឆ្នាំ​១៩០៨​ ដែល​ជា​អ្នក​ចូលរួម​​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ផែន​ការ​ ដើម្បី​បំពុល​យោធ​ភូមិ​ភាគ​អាណា​និគម​បារាំង​នៅ​ទីក្រុង​ហាណូយ​ រង់​ចាំ​ការ​ជំនុំ​ជម្រះ​នៅឆ្នាំ​១៩០៨​ ខណៈ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ហូ​ឡៅ​ (Hoa Loa prison) ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ស្គាល់​ហៅ​ថា​ជា ​ហាណូយ​ហ៊ីល​តុន​»។​

Granger Link | Archived Link

តាម​រយៈ​គេហ​ទំព័រផ្សេង​មួយ​ទៀត​​របស់​ Atlas Obscura ក៏​បាន​ផ្សព្វ​ផ្សាយ​​រូប​ថត​មួយ​សន្លឹក​ ​មាន​ទម្រង់​ដូច​គ្នា​អំពី​ទិដ្ឋ​ភាព​ការ​ចាប់​ចង​ដាក់​ច្រវាក់​ទៅ​លើ​មនុស្ស​មួយ​ក្រុម​នោះ​ផងដែរ​​ ដោយ​គេហទំព័រ​ដដែល​នេះ​ ​​ពុំ​បានបញ្ជាក់​ក្រុម​មនុស្ស​ដែល​ជា​អ្នក​ទោស​នោះ​ថា​ជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដូច​បាន​អះ​អាង​ខាង​លើ​​​នោះ​ឡើយ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​បញ្ជាក់​ជា​ភាសា​អង់​គ្លេស​ថា​ «Vietnamese prisoners in 1908 »​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «អ្នក​ទោស​ជន​ជាតិ​វៀតណាម​នៅ​អំឡុង​ឆ្នាំ​១៩០៨​»។

Atlas Obscura Link | Archived Link

រូប​ថត​មួយ​សន្លឹក​ដែល​មានទម្រង់​ និង​ភិនភាគ​ដូច​គ្នា​ទាំង​ស្រុង​ ក៏​ត្រូវ​បានរក​ឃើញ​នៅ​ក្នុង​គេហទំព័រសារព័ត៌មាន​វៀតណាម​ VOV World ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១១​ ខែកក្កដា​​ ឆ្នាំ​២០១៧​កន្លង​មក​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌​មាន​ដែល​បាន​សរសេររៀប​រាប់ជា​ភាសា​វៀត​ណាម​ថា​ «Bức ảnh tư liệu về những chiến sỹ bị thực dân Pháp bắt nhốt»​ ឬ​ប្រើ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «រូប​ថត​ឯកសារ​បង្ហាញ​ទិដ្ឋ​ភាព​​អ្នក​ទោស​​ដែល​ទាហាន​នា​សម័យ​អាណា​និគម​និយម​បារាំង​ចាប់​បាន​»។​

VOV World’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិន​មែន​ជា​ទិដ្ឋ​ភាពដែល​​វៀត​ណាម​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ទេ​​។​ ការ​ពិត​រូប​ថត​នេះ​ គឺ​ជា​​ក្រុម​អ្នក​ទោស​ជន​ជាតិ​វៀត​ណាម​នៅ​ក្នុង​ពន្ធនាគារ​ហូ​ឡៅ ​ត្រៀម​នឹង​យក​ទៅ​កាត់​ក្តី​ជំនុំ​ជម្រះ​ ក្រោយ​ពី​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ផែន​ការបំពុល​មេ​យោធ​ភូមិ​ភាគជន​ជាតិ​បារាំង​ម្នាក់ ក្នុង​​អំឡុង​ឆ្នាំ​១៩០៨។​

Avatar

Title:អ្នក​ទោសដែលចង​ភ្ជាប់​​នឹង​ច្រវាក់​​នោះ​​ មិន​មែន​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទេ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *