Fact Check: លោក​ សម​ រង្ស៊ី​ រត់​ក្នុង​ឈុត​​រុំ​ក្រណាត់​ស​ ជា​រូប​ថត​កាត់​ត​

Altered Political

លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយនៅ​​កម្ពុជា​​ ខក​​ខាន​​មិន​​បាន​​វិល​​ត្រឡប់​​ទៅ​​កម្ពុជា​​នោះ​ឡើយ​។​ ការ​បរាជ័យ​នៃ​ការ​​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ និង​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​នៅ​តាម​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​

ទន្ទឹម​នឹង​នេះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​លោក​ សម​ រង្ស៊ី​ ក្នុង​សម្លៀក​បំពាក់​ឈុត​ស​​ រត់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ភ្ជាប់​ដោយ​អក្សរ​ដែល​បាន​សរសេសរ​ថា​ «ឈ្នះ​ហើយ​បង​ប្អូន​»។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ច្រើន​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ ប្រជុំ​កំពូល​អ្នក​នយោបាយ​ ដែល​​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាពអតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ដោយ​បច្ចុប្បន្ន​នេះ​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង​នោះ​ បាន​កំពុង​រត់​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ឈុត​សម្លៀក​បំពាក់​ស​ (ឈុត​សម្រាប់​បុគ្គល​​ស្លាប់​)។​

រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​ថ្ងៃ​នេះ​ខួប ​៣​ឆ្នាំ​នៃ​ខ្មោច​ អា​សម​ រង្ស៊ី​ ហក់​ចោល​មេន​ពេល​កំពុង​ដឹក​ទៅ​ដុត​ចោល​ ៩​ វិច្ឆិកា​ ២០១៩​ – ៩​ វិច្ឆិកា​ ២០២១​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​​គេហទំព័រ​សារព័ត៌​មាន​ជា​ភាសា​ថៃ​ Daily News ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ដែល​មាន​​ចំណង​ជើង​ជា​ភាសា​ថៃ​ថា​ «มิติใหม่นักวิ่งแต่งคอสเพลย์ หลอนผีห่มผ้าดิบถือดอกบัว» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «កីឡា​ករ​រត់​ប្រណាំង​ម៉ារ៉ាតុន​ តែង​ខ្លួន​ជា​សាក​សព​ក្នុង​ឈុត​សម្លៀក​បំពាក់​ស​»។​

Daily News Report | Archived Link

ដូច​គ្នា​នេះ​ដែរ​ តាម​រយៈ​គេហ​ទំព័រ​សារព័ត៌​មាន​ជា​ភាសា​អង់​គ្លេស​ The Smart Local ​បាន​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​ថត​ និង​សកម្ម​ភាព​ដូច​គ្នា​ទាំង​ស្រុង​ ដោយ​​បាន​យក​ចេញ​មក​ពី​ការ​ចូល​រួម​រត់​ប្រណាំង​ម៉ារ៉ា​តុន​ (Mairood Challenge Run 2019) ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ត្រាត​ ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារព័ត៌​មាន​ ក៏​បាន​សរសេរ​ជា​ភា​សា​អង់​គ្លេស​ថា​ «Thai Man Cosplays As Corpse During Marathon And Scares The Crap Out Of Fellow Runners» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «បុរស​​ជន​ជាតិ​ថៃ​​ម្នាក់​ស្លៀក​ពាក់​តែង​ខ្លួន​ជា​​សាក​សព​​ ក្នុង​​ពេល​​រត់​​ម៉ារ៉ាតុង​ ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​​​ខ្លាច​​ក្រែង​​ពី​សំណាក់​អ្នក​​រត់​​ប្រណាំង​ដទៃ​ផ្សេង​ទៀត​»។​

រូប​ភាព​ផ្តាម​មួយ​ផ្សេង​ទៀត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​ខាង​លើ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​បុរស​ជន​ជាតិ​ថៃ​​ពេល​កំពុង​រត់​ និង​ពេល​ទទួល​បាន​រង្វាន់​។​

The Smart Local Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ដែល​បាន​ចូល​រួម​ប្រកួត​ការ​រត់​ម៉ារ៉ាតុន (Mairood Challenge Run 2019) ​ដោយ​​បាន​ស្លៀក​ពាក់​ និង​តុប​តែង​ខ្លួន​ជា​​សាក​សព​​ (ឈុត​ស​)។ កម្មវិធី​មួយ​នេះ​ត្រូវបាន​ធ្វើ​ឡើងនៅ​ក្នុង​ខេត្ត​ត្រាត​ ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​​។​

Avatar

Title:Fact Check: លោក​ សម​ រង្ស៊ី​ រត់​ក្នុង​ឈុត​​រុំ​ក្រណាត់​ស​ ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *