
ទំព័រហ្វេសប៊ុកជាច្រើន បានផ្សព្វផ្សាយថា ក្រុមហ៊ុន Samsung និងហាងលក់រាយដែលជាដៃគូរបស់ក្រុមហ៊ុននេះ បានផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ៧០%សម្រាប់នាឡិកាដៃឆ្លាតវៃ និងកាសស្ដាប់។ ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃទាំងនេះ ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅតាមបណ្ដាប្រទេសនានានៅក្នុងតំបន់។ ទោះជាយ៉ាងណា Fact Crescendo បានរកឃើញថា ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃនេះ មិនមែនជាព័ត៌មានត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
សារបង្ហោះដោយទំព័រហ្វេសប៊ុកជាច្រើន បានអះអាងថា ក្រុមហ៊ុន Samsung និងហាងលក់រាយដែលជាដៃគូរបស់ខ្លួន បានលក់បញ្ចុះតម្លៃរហូតដល់ ៧០% ទៅ ៨០% សម្រាប់ផលិតជាច្រើនមុខ ដូចជានាឡិកាដៃឆ្លាតវៃ និងកាសស្ដាប់។
ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់បែបនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាច្រើនភាសា ដែលសំដៅទៅរកអ្នកប្រើប្រាស់បណ្ដាញសង្គមនៅតាមបណ្ដាប្រទេសនានានៅក្នុងតំបន់។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុក ដែលផ្សព្វផ្សាយកាលពីខែមករាកន្លងមកថា ក្រុមហ៊ុន Samsung បានដាក់លក់បញ្ចុះតម្លៃរហូតដល់ ៧០% សម្រាប់នាឡិកាដៃឆ្លាតវៃ Galaxy Watch Active 2។
ក្រៅពីការផ្សព្វផ្សាយជាភាសាអង់គ្លេសខាងលើដែលសំដៅទៅរកអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសហ្វីលីពីនហើយនោះ គេក៏សង្កេតឃើញការផ្សព្វផ្សាយលក់បញ្ចុះតម្លៃបែបនេះ ត្រូវបានធ្វើឡើងជាភាសាថៃផងកាលពីចុងខែមីនាកន្លងមក ដែលសំដៅទៅរកអ្នកប្រើប្រាស់ហ្វេសប៊ុកក្នុងប្រទេសថៃ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសារផ្សព្វផ្សាយលក់បញ្ចុះតម្លៃជាភាសាថៃ ដែលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ SamCenter Thailand។ ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃនេះ បានប្រកាសថា ផលិតផលកាសស្ដាប់ Samsung Galaxy Buds 3 Pro ត្រូវបានដាក់លក់ក្នុងតម្លៃពិសេសសម្រាប់ការបញ្ជាទិញតាមអនឡាញតែប៉ុណ្ណោះ។
នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់បែបនេះ ក៏លេចឡើងនៅលើបណ្ដាញសង្គមជាភាសាខ្មែរ និងវៀតណាម ដោយសារសំដៅទៅអ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងប្រទេសទាំងពីរនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយជាភាសាខ្មែរដោយទំព័រហ្វេសប៊ុកមួយឈ្មោះ Samcenter Cambodia ដែលផ្សព្វផ្សាយថា ផលិតផលកាសស្ដាប់ Galaxy Buds Pro 3 របស់ក្រុមហ៊ុន Samsung ត្រូវបានដាក់លក់បញ្ចុះតម្លៃពិសេសសម្រាប់ការបញ្ជាទិញតាមអនឡាញ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក SamCenter Vietnam ដែលផ្សព្វផ្សាយជាភាសាវៀតណាមថា ផលិតផលកាសស្ដាប់ Galaxy Buds Pro 3 របស់ក្រុមហ៊ុន Samsung ក៏ត្រូវបានដាក់លក់បញ្ចុះតម្លៃពិសេសសម្រាប់ការបញ្ជាទិញតាមអនឡាញនៅក្នុងប្រទេសវៀតណាមផងដែរ។
ដោយសារតែការផ្សព្វផ្សាយបែបនេះមានច្រើននៅលើបណ្ដាញសង្គម គេអាចរកឃើញការផ្សព្វផ្សាយលក់បញ្ចុះតម្លៃបែបនេះដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុន Samsung នៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់ផ្សេងទៀត៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived)។
ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃបែបនេះទាក់ទាញការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅតាមបណ្ដាប្រទេសនានានៅក្នុងតំបន់ ដែលជំរុញឱ្យមានការចែកចាយបន្ត និងការបញ្ចេញមតិជាច្រើន។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search សាកសួរព័ត៌មានបន្ថែមពីភ្នាក់ងារក្រុមហ៊ុន និងការរុករកជាមួយពាក្យគន្លឹះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដោយបានពិនិត្យមើលទៅលើភាពត្រឹមត្រូវនៃទំព័រហ្វេសប៊ុកដែលផ្សព្វផ្សាយការលក់បញ្ចុះតម្លៃទាំងនេះ វាបង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃទាំងនេះ មិនមែនចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Samsung Electronics នោះឡើយ។ ទំព័រហ្វេសប៊ុកទាំងនេះ ទើបតែត្រូវបានបង្កើតឡើងថ្មីៗកាលពីចុងឆ្នាំមុន ហើយមានអ្នកតាមដានតិចតួចប៉ុណ្ណោះ។
ក្រុមហ៊ុន Samsung Electronics ដំណើរការតែទំព័រហ្វេសប៊ុកផ្លូវការតែមួយគត់ (Official Page) ដែលផ្ដល់ព័ត៌មាន ការគាំទ្រដល់អតិថិជន និងផ្សព្វផ្សាយការលក់បញ្ចុះតម្លៃ ហើយទំព័រហ្វេសប៊ុកនេះ មានច្រើនភាសា ដោយសំដៅកាន់ទីផ្សារប្រទេសនីមួយៗ។ ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងមួយនេះ មានសញ្ញាបញ្ជាក់ពីការទទួលជាផ្លូវការ (verified) និងមានអ្នកតាមដានរហូតដល់ ១៦២លាន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Samsung Electronics ដែលបង្ហាញព័ត៌មានជាភាសាខ្មែរសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមពីប្រទេសកម្ពុជា។
នៅពេលទាក់ទងតាមលេខទូរស័ព្ទភ្ជាប់ជាមួយទំព័រហ្វេសប៊ុកផ្លូវការមួយនេះ ភ្នាក់ងារបម្រើអតិថិជនរបស់ក្រុមហ៊ុន បានឆ្លើយតបជាភាសាខ្មែរ ដោយបានព្រមានមហាជនអំពីការឆបោកតាមអនឡាញដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុន Samsung។ ភ្នាក់ងារបម្រើអតិថិជន បានផ្ដល់ការណែនាំឱ្យអតិថិជនស្វែងរកទិញទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃពីហាងលក់រាយដែលទទួលបានសិទ្ធិចែកចាយ និងលក់បន្តនៅរាជធានីភ្នំពេញ ដើម្បីទទួលបានផលិតផលសុទ្ធ និងមានសុវត្ថិភាព។
ជាងនេះទៀត តាមរយៈ Google Reverse Image Search វាបានបង្ហាញប្រភពដើមនៃរូបថតដែលត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងសារផ្សព្វផ្សាយលក់បញ្ចុះតម្លៃជាភាសាខ្មែរនៅលើបណ្ដាញសង្គម។
សេចក្ដីរាយការណ៍មួយសារព័ត៌មានវៀតណាម បញ្ជាក់ថា រូបថតដែលបង្ហាញមនុស្សម្នាដ៏ច្រើនឈរតម្រង់ជួរនៅមុខហាងមួយឈ្មោះ SAMCENTER នោះ គឺជារូបថតនៃពិធីបើកដំណើរការជាផ្លូវការនូវហាងដែលទទួលបានសិទ្ធិចែកចាយ និងលក់បន្តនៅក្នុងប្រទេសវៀតណាម កាលពីជិត ២ឆ្នាំមុន។
សារព័ត៌មានវៀតណាមដដែលរាយការណ៍ថា រូបថតនេះ បង្ហាញឱ្យឃើញអតិថិជនឈរតម្រង់ជួរចាំនៅមុខហាង SAMCENTER ដែលបើកដំណើរការហាងទី៣០ នៅទីក្រុងហូជីមិញ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសេចក្ដីរាយការណ៍របស់សារព័ត៌មានវៀតណាម SAOSTAR ដែលនិយាយពីការបើកដំណើរការជាផ្លូវការនូវហាងទី៣០របស់ក្រុមហ៊ុនលក់រាយ SAMCENTER នៅក្នុងប្រទេសវៀតណាម។
SAOSTAR REPORT | Archived Link
SAMCENTER គឺជាហាងលក់រាយដែលទទួលបានសិទ្ធិចែកចាយ និងលក់ផលិតផលរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសវៀតណាម។ បណ្ដាញលក់រាយមួយនេះ មានបានពង្រីកសាខារហូតដល់ ៣០នៅទូទាំងប្រទេសមុននឹងបិទហាងចំនួន ៥កាលពីប៉ុន្មានខែកន្លងមកនេះ។ ហាងលក់រាយមួយនេះមានគេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដាក់ឈ្មោះថា SamCenter Việt Nam ដែលមានអ្នកតាមដានជាង ៣ម៉ឺននាក់។
ការពិនិត្យទៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ហាងលក់រាយមួយនេះ បង្ហាញថា SamCener Vietnam មិនបានផ្សព្វផ្សាយលក់បញ្ចុះតម្លៃដូចដែលទំព័រហ្វេសប៊ុកមួយចំនួនទៀតព្យាយាមប្រកាសនៅលើបណ្ដាញសង្គមនោះឡើយ។
ពេលសាកសួរតាមរយៈ Messenger ភ្នាក់ងារបម្រើអតិថិជនរបស់ SamCenter Vietnam បានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះគ្មានទំនាក់ទំនងអ្វីទៅនឹងការផ្សព្វផ្សាយបោកប្រាស់នៅលើបណ្ដាញសង្គមនោះឡើយ។
ការស្វែងរកនៅលើបណ្ដាញសង្គមតាមរយៈឈ្មោះ SamCenter បង្ហាញឱ្យឃើញទំព័រហ្វេសប៊ុកជាច្រើនដែលបានប្រើឈ្មោះដូចនេះជាមួយឈ្មោះប្រទេសនានានៅក្នុងតំបន់ ដូចជា កម្ពុជា ហ្វីលីពីន និងថៃ ជាដើម។ ទំព័រហ្វេសប៊ុកទាំងនេះ បានប្រើប្រាស់ឈ្មោះ SamCenter ដោយគ្មានការអនុញ្ញាត។
គ្រាន់តែនៅប្រទេសវៀតណាមមួយ ទំព័រហ្វេសប៊ុកមិនក្រោម ១០ទេ ដែលត្រូវបានបង្កើតឡើងដោយប្រើឈ្មោះ SamCenter Vietnam ហើយបង្ហោះ និងចែកចាយការផ្សព្វផ្សាយថា ក្រុមហ៊ុន Samsung លក់បញ្ចុះតម្លៃសម្រាប់ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចដទៃទៀត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីបណ្ដាញសង្គម ដែលបង្ហាញបញ្ជីទំព័រហ្វេសប៊ុកមានឈ្មោះ SamCenter Vietnam ដែលសុទ្ធតែផ្សព្វផ្សាយលក់បញ្ចុះតម្លៃបោកប្រាស់។
ភ្នាក់ងារបម្រើអតិថិជនរបស់ SAMCENTER បានបញ្ជាក់ថា ក្រុមហ៊ុនមិនមានហាងលក់រាយនៅតាមបណ្ដាប្រទេសដទៃនៅក្នុងតំបន់នោះឡើយ ហើយថា ទំព័រហ្វេសប៊ុកដែលប្រើប្រាស់ឈ្មោះដូចនឹងឈ្មោះរបស់ក្រុមហ៊ុននោះ មិនមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយរបស់ក្រុមហ៊ុនឡើយ។
ការពិនិត្យមើលទំព័រហ្វេសប៊ុកនីមួយៗ បង្ហាញឱ្យឃើញថា ទំព័រហ្វេសប៊ុកទាំងនោះទើបតែត្រូវបានបង្កើតឡើងនាពេលថ្មីៗ ហើយវេបសាយដែលភ្ជាប់ជាមួយទំព័រហ្វេសប៊ុកទាំងនោះ មិនមែនជាតំណភ្ជាប់ណាមួយស្ថិតនៅក្រោមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung នោះឡើយ។
Fact Crescendo បានព្យាយាមទាក់ទងក្រុមហ៊ុន Samsung Electronics តាមរយៈអ៊ីម៉ែលជាច្រើន ប៉ុន្តែ មិនទទួលបានការឆ្លើយតបនោះឡើយ។ ការធ្វើបច្ចុប្បន្នភាពព័ត៌មាន នឹងកើតឡើងឆាប់រហ័ស ប្រសិនបើមានការឆ្លើយតប។
ការបោកប្រាស់តាមអនឡាញប្រើប្រាស់ឈ្មោះក្រុមហ៊ុនល្បីៗលើពិភពលោក
ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃបែបនេះ ត្រូវបានគេប្រទះឃើញមានជាហូរហែរនៅលើបណ្ដាញសង្គមក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថល បានចាត់ទុកវាជាការបោកបញ្ឆោតតាមអនឡាញ និងការប៉ុនប៉ងល្បួងអ្នកប្រើប្រាស់បណ្ដាញសង្គម។
កាលពីឆ្នាំមុន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានព្រមានអ្នកប្រើប្រាស់បណ្ដាញសង្គមពីហានិភ័យសម្រាប់អ្នកទាំងឡាយដែលចូលរួមសកម្មភាព ឬការផ្សព្វផ្សាយអនឡាញ។
អ្នកនាង ឈិត កណិកា អ្នកបណ្ដុះបណ្ដាលសុវត្ថិភាពឌីជីថលនៃវេទិកាជំរុំឌីជីថល បានកត់សម្គាល់ថា ការផ្សព្វផ្សាយបែបបោកបញ្ឆោតនេះ កើតមានជាច្រើនឆ្នាំមកហើយ ជាពិសេស ការប្រើប្រាស់ឈ្មោះក្រុមហ៊ុនល្បីៗនៅលើពិភពលោក ដើម្បីល្បួងអ្នកប្រើប្រាស់បណ្ដាញសង្គមដែលមិនបានពិនិត្យឱ្យបានហ្មត់ចត់។
អ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថលរូបនេះ ពន្យល់ថា ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃបែបបោកបញ្ឆោតបែបនេះ គឺជាទម្រង់នៃការបោកប្រាស់ ដែលព្យាយាមអូសទាញអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យចុចលើតំណភ្ជាប់ននា ឬក៏ផ្ដល់ព័ត៌មានផ្ទាល់ខ្លួន។
អ្នកនាង កណិកា បានព្រមានអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យដកថយ ឬកុំចុចទៅលើតំណភ្ជាប់នានា ឬក៏បំពេញព័ត៌មានផ្ទាល់ខ្លួនទៅតាមការណែនាំ ដើម្បីបញ្ចៀសការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន ដែលអាចត្រូវបានក្រុមជនខិលខូចយកទៅប្រើប្រាស់ក្នុងបំណងមិនល្អ ឬបោកប្រាស់។
ចាប់តាំងពីដំណើរការប្រតិបត្តិការនៅកម្ពុជា Fact Crescendo បានពិនិត្យ និងផ្ទៀងផ្ទាត់ជាបន្តបន្ទាប់នូវការផ្សព្វផ្សាយលក់បញ្ចុះតម្លៃបែបបោកបញ្ឆោតដូចនេះ ដើម្បីផ្ដល់ព័ត៌មាន និងការយល់ដឹងដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ឱ្យចៀសផុតពីការបោកបញ្ឆោតអនឡាញ។
ការបោកបញ្ឆោតទាំងនេះ តែងតែប្រើប្រាស់ឈ្មោះ ផលិតផល រូបថត និងនិមិត្តសញ្ញារបស់ក្រុមហ៊ុនល្បីៗនៅលើពិភពលោក ដើម្បីបង្កើតការផ្សព្វផ្សាយដែលមើលទៅដូចត្រឹមត្រូវអ៊ីចឹង។ គោលបំណងរបស់ពួកគេ គឺដើម្បីល្បួងអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬក៏ណែនាំឱ្យបង់ប្រាក់ដោយមិនត្រឹមត្រូវ។
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instagram
សន្និដ្ឋាន
Fact Crescendo បានរកឃើញថា ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ដោយប្រើឈ្មោះក្រុមហ៊ុន Samsung មិនមែនជាព័ត៌មានត្រឹមត្រូវនោះឡើយ។ ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃបែបនេះ មិនមែនចេញពីក្រុមហ៊ុន Samsung Electronics ឬក៏ដៃគូរបស់ក្រុមហ៊ុននោះឡើយ។ ផ្ទុយទៅវិញ ការផ្សព្វផ្សាយបែបនេះ គឺជាការបោកបញ្ឆោតនៅលើបណ្ដាញសង្គមដោយប្រើឈ្មោះ និងផលិតផលរបស់ក្រុមហ៊ុន Samsung។

Title:ការបោកបញ្ឆោតលើបណ្ដាញសង្គមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Samsung
Written By: Jay UdomResult: False