ស្ថានភាព​កីឡាករ​អារ៉ាប៊ីសាអ៊ូឌីត​​​មិន​ធ្ងន់​ធ្ងរ​រហូត​ប្រេះ​ឆ្អឹង​មុខ​ជា​ពីរ​ដូច​ការ​អះ​អាង​ឡើយ

International Misleading

ខណៈ​ដែល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២២ (World Cup 2022) កំពុង​បន្ត​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​កាតា​នោះ ការ​អះ​អាង​មួយ​ដ៏​កក្រើក​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា មុខ​កីឡាករ​ខ្សែ​ការពារ​អារ៉ាប៊ីសាអ៊ូឌីត Yasser Al-Shahrani បាន​រង​របួស​ប្រេះ​បែក​ជា​ពីរ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ ឬ​ចែក​រំលែក​បន្ត​យ៉ាង​ផុល​ផុស​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​គ្រោង​ឆ្អឹង​មុខ​ប្រេះ​ស្រាំដែល​ថត​ដោយ​ម៉ាស៊ីន​កាំរស្មី X-Ray នោះ​ ​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​នៃ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចុះ​ផ្សាយ​ថា ​ជា​គ្រោង​ឆ្អឹង​មុខរបស់​កីឡាករ​ខ្សែ​ការពារ​​អារ៉ាប៊ីសាអ៊ូឌីត Yasir Al-Shahrani ដែល​បាន​ប្រេះ​បែក​ជា​ពីរ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។

រូបថត​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចុះ​ផ្សាយ​ដោយទូរទស្សន៍ PNN នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ដែល​សរសេរ​រៀបរាប់​ថា «ខ្សែ​បម្រើ​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត កីឡាករ Yasir Al-Shahrani ត្រូវ​បាន​បែក​ឆ្អឹង​មុខ និង​ត្រូវ​វះកាត់​ជា​បន្ទាន់ ពេល​នេះ​ដែល​សហព័ន្ធ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ស្នើ​សុំ​ជើង​ហោះ​ហើរ​ពិសេស​មួយ​ដើម្បី​បញ្ជូន​រូប​គេ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ព្យាបាល»។

Facebook Post | Archived Link

ការ​អះ​អាង​ដដែល​នេះ រឹត​តែ​ផុស​ផុល​ថែម​ទៀត បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​បន្តដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះថា «ព្រឹត្តិការណ៍ FIFA World Cup 2022» នៅយប់​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ពោល​គឺ​ ១​ថ្ងៃ​ក្រោយ​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ «ព្រឹត្តិការណ៍ FIFA World Cup 2022» ដែល​សរសេរ​រៀបរាប់​ថា «ពុទ្ធោ!!! ជូន​ពរ​ឱ្យ​ឆាប់​ជា​សះ​ស្បើយ ខ្សែ​ការពារ Yasir Al-Shahrani បាន​បែក​ឆ្អឹង​មុខ​ជា​ពីរ ដោយ​ត្រូវ​វះកាត់​ឆ្អឹង​មុខ​ជា​បន្ទាន់ ខណៈ​ដែល​អារ៉ាប៊ីសាអ៊ូឌីត​បាន​ស្នើ​ជើង​ហោះ​ហើរ​ពិសេស​ក្នុង​[ការ]​ដឹក​កីឡការ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ព្យាបាល។ សូម​ព្រះ​ជា​ម្ចាស់​តាម​ថែរក្សា​ផង​ចុះ! ស្រឡាញ់​កីឡា ស្រឡាញ់​ជីវិត!»។

Facebook Post | Archived Link

ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ ក៏​ត្រូវ​បាន​បង្ហោះ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ​ផង​ដែរ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​ចុះ​ផ្សាយ​នេះ​តាម​រយៈ​ Google Reverse Image Search និង​ការ​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​ពី​ស្ថានភាព​របួស​របស់​កីឡាករ​អារ៉ាប៊ីសាអ៊ូឌីត​រូប​នេះដែល​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​អន្តរជាតិ​ធំៗ។

កីឡាករ​ខ្សែ​ការពារ​អារ៉ាប៊ីសាអ៊ូឌីត​ Yasser Al-Shahrani (ឈ្មោះ​សរសេរ​ដោយ​ត្រឹមត្រូវ) បាន​ដេក​ដួល​នៅ​លើ​ទីលាន​ប្រកួត បន្ទាប់​ពី​បុក​ជាមួយ​មិត្ត​រួម​ក្រុម​កីឡាករ Mohammed Al-Owais នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នៅ​ឯ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា។

រូបថត​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​ធំៗ បង្ហាញ​ឱ្យ​ឃើញ​ផ្ទៃ​មុខផ្នែក​ខាង​ឆ្វេង​​របស់​កីឡាករ Yasser Al-Shahrani បាន​បុក​នឹង​ជង្គង់​របស់​កីឡាករ Mohammed Al-Owais ដែល​ជា​មិត្ត​រួម​ក្រុម​លេង​តំណែង​ជា​អ្នក​ចាំ​ទី​ក្នុង​​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ី​សាអ៊ូឌីត។

កីឡាករ Yasser Al-Shahrani ត្រូវ​បាន​ប្ដូរ​ចេញ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ ហើយ​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត បាន​ទទួល​ជ័យ​ជម្នះ​ជាមួយ​លទ្ធផល ២ ទល់ ១ លើ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

បន្ទាប់​ពី​មក រូបថត​ថត​កាំរស្មើ X-Ray នៃ​គ្រោង​ឆ្អឹង​ក្បាល​មួយ ត្រូវ​បាន​គេ​ចុះ​ផ្សាយ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ត្រូវ​បាន​អះ​អាង​ថា ជា​គ្រោង​ឆ្អឹង​ក្បាល​របស់​កីឡាករ Yasser Al-Shahrani ដែល​រង​របួស​បែក​ឆ្អឹង​មុខ។

ការ​ពន្យល់​របស់ Cleveland Clinic ដែល​ជា​មជ្ឈ​មណ្ឌល​វេជ្ជសាស្ត្រ​មិន​គិត​កម្រៃ​មាន​អាយុ​កាល ១០១​ឆ្នាំ​មក​ហើយ​នោះ បាន​ឱ្យ​ដឹង​ថា ការ​រង​របួស​​បាក់ ឬ​បែក​​ឆ្អឹង​ផ្ទៃ​មុខ ដែល​ធ្វើ​ឱ្យ​គ្រោង​ឆ្អឹង​ផ្ទៃ​មុខ​ប្ដូរ​ទីតាំង​ខុស​ប្រក្រតី តែង​តែ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ធ្ងន់​ធ្ងរ និង​ធ្វើ​ឱ្យ​ពិបាក​និយាយ ឬ​ក៏​ហូប​អាហារ ហើយ​ក៏​ធ្វើ​ឱ្យ​ពិបាក​ដក​ដង្ហើម​ផង​ដែរ។

Cleveland Clinic | Archived Link

ប៉ុន្តែ វីដេអូ​​មួយ​មាន​រយៈ​ពេល ២០​វិនាទី​ដែល​បង្ហោះ​ដោយ​ទំព័រហ្វេសប៊ុក Saudi Arabian Football Federation នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា បង្ហាញ​ឱ្យ​ឃើញ​កីឡាករ Yasser Al-Shahrani ស្ថិត​នៅ​លើ​គ្រែ​វេជ្ជសាស្ត្រ និង​និយាយ​ទៅ​កាន់​អ្នក​គាំ​ទ្រ។

ទំព័រហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​សារ​ជា​អក្សរ​អារ៉ាប់ ហើយ​បក​ប្រែ​ថា «សារ​ពី​កីឡាករ Yasser Al-Shahrani ទៅ​កាន់​សាធារណជន​អារ៉ាប៊ីសាអ៊ូឌីត»។

នេះ​បញ្ជាក់​ថា គ្រោង​ឆ្អឹង​មុខ​របស់​កីឡាករ​អារ៉ាប៊ីសាអ៊ូឌីត​រូប​នេះ មិន​ស្ថិត​ក្នុង​ស្ថានភាព​ប្រេះ​បែក​ជា​ពីរ​ដូច​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ឬ​ចុះ​ផ្សាយ​ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​នោះ​ឡើយ។

រូបថត​គ្រោង​ឆ្អឹង​មុខ​បែក​ប្រេះ​ជា​ពីរ​នេះ ដែលត្រូវ​បាន​ផ្សាយ​ភ្ជាប់​នឹង​ស្ថានភាព​របួស​របស់​កីឡាករ​អារ៉ាប៊ីសាអ៊ូឌីត​ខាង​លើ​នេះ ក៏​ត្រូវ​បាន​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ព័ត៌មាន​ពិត​នៃ​សារព័ត៌មាន Newsweek (archived) ផ្ទៀង​ផ្ទាត់​ផង​ដែរកាល​ពី​សប្ដាហ៍​មុន។ លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ បង្ហាញ​ថា គ្រោង​ឆ្អឹង​មុខ​របស់​កីឡាករ Yasser Al-Shahrani មិន​រង​របួស​ប្រេះ​បែក​ជា​ពីរ​ដូច​រូបថត​កាំរស្មី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។

ទំព័រហ្វេសប៊ុក​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត បាន​បញ្ជាក់​លើ​ផេក​របស់​ខ្លួន​ថា កីឡាករ Yasser Al-Shahrani ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទីក្រុង​រីយ៉ាដ ប្រទេស​កំណើត​របស់​លោក​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។ នៅ​យប់​ថ្ងៃ​ដដែល​នោះ ទំព័រហ្វេសប៊ុក​របស់​ស្ថាប័ន​គ្រប់​គ្រង​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត ក៏​បាន​បង្ហោះ​សារ​បន្ថែម​ទៀត​ថា ការ​វះកាត់​របួស​លើ​ផ្ទៃ​មុខ​កីឡាករ Yasser Al-Shahrani ត្រូវបាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ។

នៅ​ថ្ងៃ​នេះ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បញ្ជាក់​ជា​ថ្មី​ថា កីឡាករ Yasser Al-Shahrani បាន​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ ពោល​គឺ ១​សប្ដាហ៍​ក្រោយ​ពី​ទទួល​បាន​ការ​វះ​កាត់​របួស​លើ​ផ្ទៃ​មុខ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ ឬ​ការ​ផ្សព្វផ្សាយ​រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ រូបថត​គ្រោង​ឆ្អឹង​ក្បាល​ដែល​ថត​ដោយ​កាំរស្មី X-Ray មួយ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​របួស​របស់​កីឡាករ​ខ្សែ​ការពារ​អារ៉ាប៊ីសាអ៊ូឌីត Yasser Al-Shahrani នោះ​ឡើយ។

Avatar

Title:ស្ថានភាព​កីឡាករ​អារ៉ាប៊ីសាអ៊ូឌីត​​​មិន​ធ្ងន់​ធ្ងរ​រហូត​ប្រេះ​ឆ្អឹង​មុខ​ជា​ពីរ​ដូច​ការ​អះ​អាង​ឡើយ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *