រូបថត​ឈ្លើយ​សឹក​អ៊ុយក្រែន​ឆ្នាំ​២០១៤ ត្រូវ​បាន​អះ​អាង​ថា ជា​ទាហ​ាន​រុស្ស៊ី​ដែល​អ៊ុយក្រែន​ចាប់​ខ្លួន​ថ្មីៗ

International Misleading

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូបថត​ ២​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​កង​ទ័ព​អ៊ុយក្រែន​ចាប់​ខ្លួន។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ ២​សន្លឹក ដែល​បង្ហាញ​ទាហាន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ថា ទាហាន​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​អ៊ុយក្រែន​ចាប់​ខ្លួន​បាន​នៅ​ក្នុង​សង្គ្រាម​​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ចិត្ត​ទេវទ្ត មាត់​ទេវតា ដែល​សរសេរ​រៀបរាប់​ថា «សំណាង​ហើយ​ដែល​ទាហាន​អ៊ុយក្រែន​អត់​សម្លាប់​ចោល! នេះ​ជា​ពួក​ទាហាន​រុស្ស៊ី​ ដែលទាហាន​អ៊ុយក្រែន​ចាប់​បាន និង​ព្រម​ដោះ​លែង​ឱ្យ​ទៅ​ជួប​ជុំ​គ្រួសារ​របស់​ពួកគេ​វិញ»។

FACEBOOK POST | ARCHIVED

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដូច​គ្នា​នេះ ដែល​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​នៅ​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ចុង​ក្រោយ​នេះ។

FACEBOOK POST | ARCHIVED

FACEBOOK POST | ARCHIVED

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ​ Reverse Image Search ដែល​​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដែល​បង្ហាញ​ទាហាន​​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហ​ទំព័រ​រូបថត Alamy ដែល​បញ្ជាក់​ថា រូបថត​នេះ ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៤​កន្លង​មក ឬ ៨​ឆ្នាំ​មុន​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ឆ្នាំ​នេះ។

គេហទំព័រ​មួយ​នេះ បាន​ឱ្យ​ដឹង​ថា ក្រុម​ទាហាន​អ៊ុយក្រែន ត្រូវ​បាន​កង​ទ័ព​​បះ​បោរ​​ស្និទ្ធ​នឹង​រុស្ស៊ី ចាប់​ខ្លួន​ជា​ឈ្លើយ​សឹក និង​បណ្ដើរ​នៅ​តាម​ផ្លូវ​កណ្ដាល​ទីក្រុង​ដូណេតស៍ (Donetsk) កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៤។

ALAMY | ARCHIVED

គេហទំព័រ​មួយ​នេះ បាន​បញ្ជាក់​ផង​ដែរ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​យក​ពី​ទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ (Reuters) ហើយ​យើង​ក៏​បាន​រក​ឃើញ​រូបថត​ដូច​គ្នា​នេះ​នៅ​ក្នុង​គេហទំព័រ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ផង​ដែរ។

REUTERS | ARCHIVED

ចំណែក​ឯ​រូថត​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​បុរស​ ២​នាក់​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​នៃ​សារព័ត៌មាន​ Mail Online របស់​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឬ ៤​ថ្ងៃ​ក្រោយ​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

សារព័ត៌មាន​មួយ​នេះ បាន​សរសេរ​ថា ទាហាន​រុស្ស៊ី ២​នាក់ ត្រូវ​បាន​កង​ទ័ព​អ៊ុយក្រែន​ចាប់​ខ្លួន​បាន​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ ទាហាន​រុស្ស៊ី​ទាំង​ ២​នាក់​នោះ ត្រូវ​បាន​គេ​ជឿ​ថា មាន​ឈ្មោះ Rafik Rakhmankulov អាយុ ១៩​ឆ្នាំ (ខាង​ឆ្វេង) និង​ម្នាក់​ទៀត​ឈ្មោះ Mgomd Mgomdov អាយុ ២៦​ឆ្នាំ។

សារព័ត៌មាន​អង់គ្លេស​ Mail Online បាន​បញ្ជាក់​ថា រូបថត​នេះ ត្រូវ​បាន​យក​ពី​អគ្គសេនាធិការ​ចម្រុះ​កង​ទ័ព​អ៊ុយក្រែន។

MAIL ONLINE | ARCHIVED

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត ២​សន្លឹក​ដែល​ត្រូវ​បាន​អះ​អាង​ថា​ជា​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​អ៊ុយក្រែន​ចាប់​ខ្លួន​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទាហាន ២​នាក់ គឺ​ជា​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​សឹក​ដោយ​កង​ទ័ព​អ៊ុក្រែន។ ចំណែក​ឯ​រូបថត​ដែល​បង្ហាញ​ក្រុម​ឈ្លើយ​សឹក​នេះ​ត្រូវ​បាន​បណ្ដើរ​នៅ​តាម​ដង​ផ្លូវ​នោះ គឺ​ជា​ទាហាន​អ៊ុយក្រែន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​បះបោរ​ផ្ដាច់​ខ្លួន​គាំ​ទ្រ​ដោយ​រុស្ស៊ី ហើយ​បណ្ដើរ​នៅ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ដូណេតស៍ (Donetsk) កាល​ពី​ឆ្នាំ​២០១៤​កន្លង​មក​។

Avatar

Title:រូបថត​ឈ្លើយ​សឹក​អ៊ុយក្រែន​ឆ្នាំ​២០១៤ ត្រូវ​បាន​អះ​អាង​ថា ជា​ទាហ​ាន​រុស្ស៊ី​ដែល​អ៊ុយក្រែន​ចាប់​ខ្លួន​ថ្មីៗ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.