
បន្ទាប់ពីការប្រកួតរវាងក្រុមបិសាចក្រហម និងក្រុមមាន់ខ្នាយមាសកាលពីចុងសប្ដាហ៍មកនេះ មហាជនបានចាប់អារម្មណ៍ខ្លាំងទៅលើរូបថតនៅលើបណ្ដាញសង្គមដែលបង្ហាញអតីតវីរបុរសក្លឹបបិសាចក្រហម លោក Wayne Rooney មានរូបរាងកាយធាត់ខ្លាំង និងមុខចាស់ជាងមុនខ្លាំង។ រូបថតនេះ ត្រូវបានគេចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ដែលនាំឱ្យអ្នកគាំទ្រអតីតកីឡាករឆ្នើមអង់គ្លេសរូបនេះចោទសួរអំពីសុខភាពរបស់គាត់។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតនេះត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញអតីតកីឡាករបាល់ទាត់អង់គ្លេស លោក Wayne Rooney មានរូបរាងធាត់ខ្លាំង និងពោរពេញដោយពុកមាត់សព្រាតនៅលើមុខនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។
លោក Wayne Rooney អាយុ ៣៨ឆ្នាំ គឺជាអតីតកីឡាករបាល់ទាត់ដ៏ឆ្នើមលេងឱ្យក្លឹបបិសាចក្រហម Manchester United ហើយសព្វថ្ងៃនេះ លោកគឺជាអ្នកចាត់ការនៃក្លឹប Plymouth Argyle នៃលីគបាល់ទាត់លំដាប់ទី២របស់ប្រទេសអង់គ្លេស បន្ទាប់ពីលោកចូលនិវត្តន៍ពីការប្រកបអាជីពបាល់ទាត់កាលពីដើមឆ្នាំ២០២១។
រូបថតមួយសន្លឹកនេះ ត្រូវបានផ្សព្វផ្សាយ និងចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម និងទទួលបានប្រតិកម្មផ្សេងៗ និងការបញ្ចេញមតិយោបល់ចម្រុះបែប ជាពិសេសចោទសួរពីការប្រែប្រួលរូបរាងកាយដ៏លឿនរបស់អតីតកីឡាករឆ្នើមរូបនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “វីរបុរសក្លឹបម្នាក់នេះ បច្ចុប្បន្នកំពុងដឹកនាំ Plymouth ក៏ជាក្រុមដែលបិសាចក្រហម Man Utd មិនគួរមើលរំលងផងដែរ ប្រសិនបើពួកគេសម្រេចចិត្តចែកផ្លូវគ្នាជាមួយតាហាក់នោះ”។
ក្រៅពីបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរនោះ រូបថតរបស់វីរបុរសក្លឹបបិសាចក្រហមមានរូបរាងកាយធាត់បែបនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតដែរ។
ទំព័រហ្វេសបុក Unbelievable Jeff បានបង្ហោះរូបថតមួយសន្លឹកនេះកាលពីថ្ងៃទី៣០ ខែកញ្ញា ជាមួយសំណេររៀបរាប់ជាភាសាអង់គ្លេសក្នុងន័យថា “រីករាយដែលបានឃើញវីរបុរសក្លឹប United លោក Wayne Rooney នៅឯកីឡដ្ឋាន Old Trafford នៅថ្ងៃនេះ” ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតលោក Wayne Rooney នៅលើបណ្ដាញសង្គមដែលត្រូវបានចែករំលែកបន្តរហូតដល់រាប់ពាន់ដង។
ខាងក្រោមនេះ គឺជាការបង្ហោះរូបថតលោក Wayne Rooney ដោយទំព័រហ្វេសប៊ុកមួយផ្សេងទៀតកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ហើយត្រូវបានចែករំលែកបន្តរាប់រយដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ចំណែកនៅលើបណ្ដាញសង្គម X (អតីត Twitter)វិញ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយ បានបង្ហោះរូបថតអ្នកចាត់ការក្លឹប Plymouth រូបនេះ និងចោទជាសំណួរថា “តើមានអ្វីកើតឡើងចំពោះលោក Wayne Rooney”។
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គម X មួយទៀត បានបង្ហោះរូបថតមួយសន្លឹកនេះដែរ ហើយសរសេរថា “ចាំជានិច្ចថា [Christiano] Ronaldo អាយុច្រើនជាង Wayne Rooney”។
រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលនាំឱ្យមានការចែករំលែកបន្តព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបថតលោក Wayne Rooney ដែលត្រូវបានគេយកទៅផ្សាយនៅក្នុងវីដេអូមួយនៅលើបណ្ដាញសង្គម YouTube ជាមួយសំណេររៀបរាប់ថា រូបថតមួយសន្លឹកនេះ បានជំរុញឱ្យអ្នកគាំទ្រអតីតកីឡាកររូបនេះមានក្ដីបារម្ភអំពីសុខភាពរបស់គាត់។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថត និងវីដេអូរបស់អតីតកីឡាករបាល់ទាត់អង់គ្លេសដ៏ឆ្នើមរូបនេះ ដែលបានទៅទស្សនាការប្រកួតរវាងក្រុមបិសាចក្រហម Man Utd និងក្រុមមាន់ខ្នាយមាស Tottenham Hotspure នៅឯកីឡដ្ឋាន Old Trafford កាលពីចុងសប្ដាហ៍កន្លងមកនេះ។
វេបសាយព័ត៌មានកីឡាមួយ បានផ្ដាមរូបភាពលោក Wayne Rooney ដែលកាមេរ៉ាទូរទស្សន៍ Sky Sports បានផ្ដោតទៅលើអតីតកីឡាករបាល់ទាត់រូបនេះ ដែលកំពុងអង្គុយទស្សនាការប្រកួតរវាងក្រុម Man Utd និងក្រុម Spur កាលពីរាត្រីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកនេះ។
រូបភាពផ្សព្វផ្សាយដោយវេបសាយមួយនេះ បង្ហាញលោក Wayne Rooney មិនមានរូបរាងកាយធាត់ខ្លាំង និងមុខចាស់ខ្លាំងនោះឡើយ ថ្វីបើមានពុកមាត់ និងរូបរាងកាយធាត់បន្តិចមែន។
All Football App | Archived Link
សារព័ត៌មានអង់គ្លេស Daily Mail បានចុះផ្សាយរូបថតរបស់ Wayne Rooney អង្គុយទស្សនាការប្រកួតរវាងក្រុម Man Utd ជាមួយក្រុម Spurs នៅក្នុងអត្ថបទមួយដែលនិយាយអំពីក្ដីបារម្ភអំពីសុខភាពរបស់គាត់។
ខាងក្រោមនេះ គឺរូបភាពផ្ដាមចេញពីការផ្សាយរបស់វេបសាយ Daily Mail កាលពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលបង្ហាញលោក Wayne Rooney ទស្សនាការប្រកួតបាល់ទាត់។
Daily Mail Report | Archived Link
នៅលើគណនីបណ្ដាញសង្គម X (អតីត Twitter)របស់ខ្លួន ទូរទស្សន៍ Sky Sports ក៏បានបង្ហោះរូបភាពលោក Wayne Rooney អង្គុយទស្សនាការប្រកួតបាល់ទាត់រវាងក្រុមបិសាចក្រហម និងក្រុមមាន់ខ្នាយមាសកាលពីចុងសប្ដាហ៍នេះដែរ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតពិតប្រាកដដែលបង្ហោះនៅលើបណ្ដាញសង្គមដោយទូរទស្សន៍ Sky Sports និងរូបថតកាត់តដែលបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមនានា។
សន្និដ្ឋាន
Fact Crescendo រកឃើញថា រូបថតដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតដែលបង្ហាញអតីតកីឡាករឆ្នើមអង់គ្លេស Wayne Rooney មានរូបរាងធាត់ និងចាស់ខ្លាំងនោះ គឺជារូបភាពកាត់តតែប៉ុណ្ណោះ។ រូបថតច្បាប់ដើមដែលបង្ហោះនៅលើបណ្ដាញសង្គមដោយ Sky Sports បង្ហាញវីរបុរសក្លឹបបិសាចក្រហមរូបនេះ មិនធាត់ជ្រុល និងមិនចាស់ជ្រុលនោះឡើយ។

Title:រូបថតកាត់តបង្ហាញវីរបុរសបិសាចក្រហម Wayne Rooney ធាត់ខ្លាំង និងមុខចាស់ជ្រុល
Written By: Jay UdomResult: Altered