
ក្រោយពីមានប្រតិកម្មចម្រុះយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមសម្ដីរបស់អ្នកស្រី តាំង ហ្គិចលៀង ការអះអាងមួយបានលើកឡើងថា ស្ត្រីរូបនេះបានទទួលមរណភាព។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គម ព្រមទាំងមានការបញ្ចេញមតិយ៉ាងច្រើនផងដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹករបស់អ្នកស្រី តាំង ហ្គិចលាង ជាមួយសំណេរថា អ្នកស្រីបានទទួលមរណភាពហើយ។
ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ហ្វេកប៊ុកខាងលើ ដែលបានសរសេរថា «ចូលរួមរំលែកទុក្ខដល់បងស្រីដែលត្រូវបានអ្នកក្រស្អប់គ្រប់គ្នា»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈបណ្ដាសារព័ត៌មាន និងវីដេអូថ្លែងសូមទោសរបស់អ្នកស្រី តាំង ហ្គិចលៀង ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
ដំណឹងមរណភាពរបស់អ្នកស្រី គួរតែត្រូវបានផ្សព្វផ្សាយនៅតាមបណ្ដាសារព័ត៌មាន និងតាមមធ្យោបាយនៃការផ្សព្វផ្សាយសំខាន់ៗដទៃទៀត ប៉ុន្តែ គិតត្រឹមមកដល់ថ្ងៃទី០៧ ខែមេសានេះ យើងសង្កេតឃើញថា នៅតាមបណ្តាព័ត៌មានជាតិ និងអន្តរជាតិ ពុំមានព័ត៌មានផ្លូវការណាមួយត្រូវបានផ្សព្វផ្សាយអំពីករណីមួយនេះឡើយ។
វីដេអូឃ្លីបរបស់អ្នកស្រី តាំង ហ្គិចលៀង បង្ហាញការថ្លែងសូមទោសជាសាធារណៈពាក់ព័ន្ធការលើកឡើងរឿងអ្នកមាន អ្នកក្រ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ត្រូវបានផ្សព្វផ្សាយ និងបង្ហោះនៅលើសារព័ត៌មាន Fresh News កន្លងទៅ ដែលមានរយៈពេល ៥ថ្ងៃក្រោយ ពីការអះអាងរបស់អ្នកប្រើប្រាស់ខាងលើ។
Fresh News Link | Archived Link
នៅក្នុងសារសំឡេងរបស់លោកកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានណែនាំអ្នកស្រី តាំង ហ្គិចលៀង ឱ្យបញ្ឈប់បញ្ចេញយោបល់តទៅទៀតជុំវិញការប្រៀបធៀបប្រជាជនធម្មតាគ្មានទម្ងន់ និងអំពាវនាវឱ្យប្រជាពលរដ្ឋទទួលនូវការសូមទោស។
ដូចគ្នាករណីខាងលើនេះ ក៏ត្រូវបានផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មានកោះសន្ដិភាព ផងដែរ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយបានដកស្រង់នូវសារបង្ហោះសំឡេង ឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការលើកឡើងអំពីរឿងអ្នកមាន និងអ្នកក្រកាលពីពេលកន្លងមក។

Koh Santepheap Daily Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះភ្ជាប់ជាមួយនឹងការអះអាងខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ការពិត អ្នកស្រី តាំង ហ្គិចលៀង នៅរស់រានមានជីវិតធម្មតា និងទើបតែធ្វើការថ្លែងសូមទោសជាសាធារណៈចំពោះពាក្យសម្តីរបស់អ្នកស្រី ដែលពាក់ព័ន្ធនឹងការលើកឡើងអំពីរឿងអ្នកមាន និងអ្នកក្រកាលពីថ្ងៃទី០៥ ខែមេសា កន្លងទៅនេះ។

Title:អ្នកស្រី តាំង ហ្គិចលៀង មិនបានទទួលមរណភាពដូចការលើកឡើងនោះឡើយ
Fact Check By: Kakada SimResult: False