
ខណៈដែលថៃកំពុងប្រឈមមុខនឹងរលកកម្ដៅដ៏ខ្ពស់នៅក្នុងរដូវប្រាំងនេះ ការផ្សាយមួយដោយសារព័ត៌មានមួយនៅកម្ពុជា បាននិយាយថា សីតុណ្ហភាពនៅថៃកើនឡើងដល់ក្បែរ ៦០អង្សាហើយ។ ការផ្សាយបែបនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ពាន់ដងត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងច្រើន បានបញ្ចេញមតិបែបព្រួយបារម្ភ និងចោទសួរពីភាពត្រឹមត្រូវនៃការផ្សាយព័ត៌មាននេះ។ ទោះជាយ៉ាងណា យើងផ្ទៀងផ្ទាត់ឃើញថា ការផ្សាយនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកសារព័ត៌មានក្នុងស្រុកមួយ បានផ្សាយនៅថ្ងៃនេះថា ប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងនៃកម្ដៅរហូតដល់ក្បែរ ៦០អង្សានៅតាមតំបន់មួយចំនួនរបស់ប្រទេសមួយនេះ។
ការផ្សាយបែបនេះ ទទួលបានការចែករំលែកបន្តរហូតដល់ទៅរាប់ពាន់ដងនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក៏បានបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបផងដែរទៅនឹងការផ្សាយបែបនេះ ក្នុងនោះមួយចំនួនបានសម្ដែងក្ដីបារម្ភ ហើយមួយចំនួនទៀត បានបង្ហាញការសង្ស័យទៅលើការផ្សាយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សាយរបស់ទំព័រហ្វេសប៊ុកស៊ីស៊ីថាមស៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ថៃប្រកាសអាសន្នពីកំដៅកើនឡើងក្បែរ៦០អង្សាសេក្នុងតំបន់មួយចំនួន ខណៈអាជ្ញាធរកំពុងសំដែងការព្រួយបារម្ភជាខ្លាំង The Nation Thailand»។

បន្ទាប់ពីការផ្សាយបែបនេះរបស់សារព័ត៌មានស៊ីស៊ីថាមស៍ ការអះអាងមួយនេះ ក៏ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងទទួលបានមតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គម។
ខាងក្រោមនេះ គឺជាការអះអាងដ៏ល្បីសុះសាយលើបណ្ដាញសង្គមនៅថ្ងៃនេះ ដែលរៀបរាប់ថា «ប្រទេសថៃប្រកាសអាសន្នកម្ដៅឡើងដល់ ៦០អង្សាសេក្នុងប្រទេសរបស់ខ្លួន ខណៈកម្ពុជាយើងសូមថែរក្សាសុខភាពអំឡុងពេលនេះផង។ អរគុណ»។

ខាងក្រោមនេះ គឺជាការបង្ហោះខ្លឹមសារដដែលនេះដោយទំព័រហ្វេសប៊ុកមួយទៀត ដែលទទួលបានការចែករំលែកបន្តរហូតដល់ជិត ២ពាន់ដង និងមតិយោបល់យ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម។

ការផ្សាយនេះ ត្រូវបានចែករំលែកតៗគ្នាដោយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត។ សូមមើលខ្លឹមសារតាមរយៈតំណភ្ជាប់នៅទីនេះ [១, ២, ៣, ៤, ៥]។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍ចេញផ្សាយដោយសារព័ត៌មានគួរជាទីទុកចិត្តរបស់ប្រទេសថៃ។ ជាលទ្ធផល យើងបានរកឃើញការពិតដូចខាងក្រោមនេះ។
សេចក្ដីរាយការណ៍របស់សារព័ត៌មានបាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា រលកកម្ដៅនៅក្នុងប្រទេសថៃ ត្រូវបានគេព្យាករថានឹងកើនឡើងដល់ ៤៣អង្សា ដែលជាកម្រិតខ្ពស់បំផុតដែលត្រូវបានគេព្យាករថា នឹងបន្តរហូតដល់ចុងបញ្ចប់នៃរដូវក្ដៅនេះ។
សារព័ត៌មានថៃមួយនេះ បានចេញផ្សាយដូច្នេះដោយផ្អែកតាមសម្ដីរបស់លោក ស៊ុំខ្វាន់ ថាន់ចាន់ (Somkhvan Tanchan) ដែលជាប្រធាននាយកដ្ឋានអង្កេតឧតុនិយមរបស់ប្រទេសថៃ។
ទោះជាយ៉ាងណា សារព័ត៌មានបាងកក ប៉ុស្តិ៍ ក៏បានដកស្រង់សម្ដីរបស់លោក ឈុំផារី ឈុំភូរ៉ាត់ (Chomphari Chomphurat) ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧតុនិយមថៃ ដែលនិយាយថា ពលរដ្ឋមានអារម្មណ៍ថា រលកកម្ដៅនៅតំបន់បាងណាក្នុងទីក្រុងបាងកក ខេត្តឈុនបុរី និងភូកេត ហាក់ដូចជា ៥៤អង្សា។
សារព័ត៌មាននេះ បានប្រើពាក្យថា «Feel like» ដែលចង់សម្ដៅដល់រលកកម្ដៅដែលរាងកាយមនុស្សយើងទទួលបាន នៅពេលសំណើមបូកលាយឡំជាមួយខ្យល់ក្ដៅ។
ក្រៅពីចំណុចទាំងពីរខាងលើនេះ សារព័ត៌មានថៃមួយនេះ មិនបានផ្សាយទាល់តែសោះថា រលកកម្ដៅនៅប្រទេសថៃកើនឡើងដល់ ឬក្បែរ ៦០អង្សានោះឡើយ។ សូមមើលខ្លឹមសារលម្អិតនៃសេចក្ដីរាយការណ៍របស់សារព័ត៌មានបាងកក ប៉ុស្តិ៍ នៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
បើតាមការបញ្ជាក់របស់សារព័ត៌មានស៊ីស៊ីថាមស៍ ការផ្សាយរបស់់ខ្លួន គឺផ្អែកទៅតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Nation របស់ប្រទេសថៃ។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានឱ្យបញ្ជាក់ថា កម្ដៅនៅប្រទេសថៃ បានកើនដល់កម្រិត ៤៥អង្សាកាលពីចុងសប្ដាហ៍កន្លងមកនេះ ដែលជាកម្រិតខ្ពស់បំផុតជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រថៃ។
ចំណែកកម្ដៅមានកម្រិតដល់ ៥៤អង្សានៅតំបន់បាងណា ខេត្តឈុនបុរី និងខេត្តភូកេត ស្ថិតនៅភាគខាងត្បូងប្រទេសថៃនោះ គ្រាន់តែជា Heat Index ដែលសម្ដៅដល់កម្រិតកម្ដៅដែលមនុស្សយើងមានអារម្មណ៍។
សារព័ត៌មានថៃមួយនេះ ក៏មិនបានផ្សាយផងដែរថា រលកកម្ដៅនៅប្រទេសថៃកើនឡើងដល់ ឬក្បែរ ៦០អង្សានោះឡើយ។ សូមអានខ្លឹមសារទាំងស្រុងនៃសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Nation នៅទីនេះ ឬតាមរយៈតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។
ក្រៅពីសារព័ត៌មានថៃទាំងពីរខាងលើនេះ សារព័ត៌មានអង់គ្លេស Sky News ក៏បានផ្សាយអំពីការកើនឡើងនូវរលកកម្ដៅនៅក្នុងប្រទេសថៃផងដែរនៅថ្ងៃសៅរ៍នេះ។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន Sky News បានឱ្យដឹងថា រលកកម្ដៅនៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៤២អង្សានៅទីក្រុងបាងកកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែ សន្ទស្សន៍កម្ដៅទៅតាមអារម្មណ៍របស់មនុស្សយើង គឺដល់ទៅ ៥៤អង្សាឯណោះ។
បើតាម Sky News សីតុណ្ហភាពនៅក្នុងខេត្តចំនួន ២៨នៅក្នុងចំណោមខេត្តសរុប ៧៧របស់ប្រទេសថៃ ត្រូវបានគេព្យាករថាមានកម្រិតទាបជាង ៤០អង្សានៅចុងសប្ដាហ៍នេះ។ សូមអានខ្លឹមសារលម្អិតនៃសេចក្ដីរាយការណ៍របស់សារព័ត៌មាន Sky News តាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ទាំងសារព័ត៌មានរបស់ថៃ និងសារព័ត៌មានអង់គ្លេស សុទ្ធតែផ្សាយថា សីតុណ្ហភាពនៅក្នុងប្រទេសថៃ កើនឡើងខ្ពស់ត្រឹម ៤៥អង្សាប៉ុណ្ណោះ ប៉ុន្តែ សន្ទស្សន៍កម្ដៅដែលមនុស្សយើងមានអារម្មណ៍នោះ គឺមានដល់កម្រិត ៥៤អង្សា។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការផ្សាយដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ សីតុណ្ហភាពនៅក្នុងប្រទេស បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៤៥អង្សានៅចុងសប្ដាហ៍នេះ។ ចំណែកឯសន្ទស្សន៍កម្ដៅដែលមនុស្សយើងមានអារម្មណ៍ថាកម្ដៅនោះ មានកម្រិតដល់ទៅ ៥៤អង្សានៅតាមតំបន់មួយចំនួនក្នុងប្រទេសថៃ។

Title: តើសីតុណ្ហភាពនៅថៃកើនឡើងដល់ក្បែរ ៦០អង្សាមែនឬទេ?
Fact Check By: Jay UdomResult: Misleading
