
ខណៈដែលប្រជាជនកម្ពុជាមួយចំនួន រំលឹកខួប ៦ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា អ្នកស្រី ប៊ូ រចនា ភរិយារបស់អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនេះ ស្ថិតនៅពីក្រោយនៃឃាតកម្ម។
ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនចែករំលែក ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបញ្ចេញប្រតិកម្ម និងមតិចម្រុះតបនឹងការអះអាងនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦កន្លងមក ដែលរៀបរាប់ថា «តាមស្ថានការស្រាវរបស់សមត្ថកិច្ចបានតម្រូវឱ្យដឹងថា អ្នកនៅក្រោយខ្នងឃាតករសម្លាប់លោក កែម ឡី គឺជាអតីតភិរយារបស់លោក»។
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើដំណើរនៃសំណុំរឿងនេះឃាតកម្មនេះ ហើយផ្ដល់ការពន្យល់មួយដូចតទៅនេះ។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែស នៅក្នុងម៉ាតមួយកន្លែងស្ថិតក្នុងបរិវេណនៃស្ថានីយប្រេងឥន្ធនៈកាល់តិច ម្ដុំស្តុបបូកគោ នៅព្រឹកថ្ងៃទី១០ ខែកក្កដា កាលពី ៦ឆ្នាំមុន។
តែប៉ុន្មាននាទីប៉ុណ្ណោះក្រោយកើតឃាតកម្ម ខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួនបាននៅចម្ងាយប្រហែល ៥០០ម៉ែត្រពីទីតាំងឃាតកម្ម។ ខ្មាន់កាំភ្លើងរូបនោះ បានហៅខ្លួនថា ជួប សម្លាប់ ប៉ុន្តែ ត្រូវបានគេស្គាល់ឈ្មោះពិតថា អឿត អាង ដែលរស់នៅក្នុងខេត្តសៀមរាប។
បើតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត និងការកាន់កាប់អាវុធដោយខុសច្បាប់ ៤ថ្ងៃក្រោយពីការស្លាប់របស់លោក កែម ឡី។
មានតែខ្មាន់កាំភ្លើងឈ្មោះ អឿត អាង តែម្នាក់ប៉ុណ្ណោះ ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែមីនា ឆ្នាំ២០១៧កន្លងមក។ សូមមើលសេចក្ដីរាយការណ៍លម្អិតរបស់សារព័ត៌មាន BBC។
រយៈពេល ២ឆ្នាំក្រោយមក ខ្មាន់កាំភ្លើងឈ្មោះ អឿត អាង នៅតែជាបុគ្គលតែម្នាក់ប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យទទួលខុសត្រូវចំពោះឃាតកម្មលើលោក កែម ឡី ប៉ុន្តែ អ្នកនៅក្រោយនៃឃាតកម្មនេះ មិនត្រូវបាននាំយកមកកាត់ទោសនោះឡើយ។
ទោះជាយ៉ាងណា តុលាការរាជធានីភ្នំពេញនិយាយថា សំណុំរឿងឃាតកម្មលើអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនេះ នៅតែបន្តបើកចំហរនៅឡើយសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត។ សូមអានសេចក្ដីរាយការណ៍របស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍។
សំណុំរឿងឃាតកម្មលើលោក កែម ឡី បានឃ្លាតមកអស់រយៈពេល ៦ឆ្នាំហើយគិតត្រឹមថ្ងៃទី១០ កក្កដា ឆ្នាំនេះ ប៉ុន្តែ គ្មានបុគ្គលណាផ្សេងទៀត ត្រូវបាននាំយកមកទទួលខុសត្រូវសម្រាប់ឃាតកម្មដ៏កក្រើកមួយនេះទេរហូតមកដល់ពេលនេះ។ សូមអានសេចក្ដីរាយការណ៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA)។
នៅចំខួប ៥ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានបញ្ជាក់ថា បុគ្គលស្ថិតនៅក្រោយនៃឃាតកម្មនេះ នៅតែមិនត្រូវបានគេរកឃើញ និងនាំខ្លួនមកទទួលខុសត្រូវនៅឡើយទេ ដែលនាំឱ្យសំណុំរឿងនេះ មិនទទួលបានយុត្តិធម៌ និងការពិតទាំងស្រុងនោះឡើយ។ សូមអានសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិតាមរយៈតំណភ្ជាប់នៅទីនេះ។
នៅចំខួប ៦ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនេះ នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក Phil Robertson បានប្រាប់អ្នកសារព័ត៌មានតាមអ៊ីម៉ែលថា ការពិតនៅតែស្ថិតនៅឆ្ងាយពីអ្វីដែលមិត្តភក្តិ និងក្រុមគ្រួសាររបស់លោក កែម ឡី ចង់ឃើញ ក៏ព្រោះតែមេខ្លោងនៃការបាញ់សម្លាប់នេះ មិនត្រូវបានលាតត្រដាងនៅឡើយ។
អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី ត្រូវបានសារព័ត៌មានវីអូឌី (VOD)ដកស្រង់សម្ដីចុះផ្សាយកាលពីឆ្នាំ២០១៩កន្លងមក ដែលនិយាយថា មនុស្សស្ថិតនៅពីក្រោយឃាតកម្មលើស្វាមីរបស់អ្នកស្រី គឺជាបុគ្គលមានអំណាចនៅកម្ពុជា ដែលមានឈ្មោះនៅក្នុងរបាយការណ៍មួយរបស់អង្គការ Global Witness។
ប៉ុន្មានថ្ងៃមុនឃាតកម្មលើលោក កែម ឡី អង្គការ Global Witness បានចេញរបាយការណ៍មួយដែលរកឃើញថា សមាជិកក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើននៅកម្ពុជា។ សូមអានខ្លឹមសារលម្អិតនៃរបាយការណ៍របស់អង្គការ Global Witness តាមរយៈតំណភ្ជាប់នៅទីនេះ។
ជាងនេះទៀត Fact Crescendo Cambodia ក៏បានស្វែងរកការបកស្រាយបន្ថែមពីអ្នកស្រី ប៊ូ រចនា ផងដែរ ប៉ុន្តែ ពុំទទួលបានការឆ្លើយតបនៅឡើយទេ។ Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត ក្រោយពីទទួលបានការបកស្រាយពីអ្នកស្រី ប៊ូ រចនា។

Title:អ្នកនៅពីក្រោយឃាតកម្មលោក កែម ឡី នៅតែស្ថិតនៅក្នុងទីអាថ៌កំបាំងនៅឡើយ
By: Jay UdomResult: Explainer
