
ស្របពេលដែលយុវជនមួយក្រុម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីកាប់សម្លាប់មនុស្ស នៅក្នុងភូមិសាស្រ្តខេត្តតាកែវ កាលពីសប្ដាហ៍មុននោះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពរបស់ពួកគេ ឈរសើចញញឹម ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន។ រូបថតនោះ ត្រូវបានចែកចាយ និងប្រតិកម្មបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងផុសផុលនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «កម្សាន្ត TV» បានបង្ហោះ និងផ្សព្វផ្សាយព័ត៌មានមួយ ដែលមានរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពយុវជនទំនើង៣នាក់ បានសើចសប្បាយ ក្រោយពីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ការបង្ហោះរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ស្ទាវខេត្តតាកែវ! ទឹកមុខឪពុកម្តាយឡើងកម្សត់ ខ្លះយំឡើងសន្លប់ ខណៈកូនៗ ហាក់បីដូចជាសប្បាយ ទោះត្រូវជាប់គុក»។

រូបថតខាងលើ ក៏ត្រូវបានរកឃើញ និងបង្ហោះព្រោងព្រាតផងដែរ ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃផ្សេងទៀតកាលពីពេលថ្មីៗកន្លងទៅនេះ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញ និងបង្ហោះដោយទំព័រហ្វេសប៊ុក «អធិការដ្ឋាននគរបាលស្រុកគិរីវង់» កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ។ យុវជនទាំង៣នាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចស្រុកគិរីវង់ ខេត្តតាកែវ ក្នុងករណីកាប់សម្លាប់ជនរងគ្រោះនៅតាមផ្លូវជាតិលេខ២ ស្ថិតនៅចំណុចឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពរូបថតដើម បង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ ដែលពុំបានបង្ហាញទិដ្ឋភាពយុវជនទាំង៣នាក់ សើចសប្បាយនោះឡើយ។

ទិដ្ឋភាពជនសង្ស័យទាំង៣នាក់ផ្សេងទៀត ក៏ត្រូវបានរកឃើញ និងចុះផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ផងដែរ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ដោយពុំបានបង្ហាញភាពសប្បាយ ឬសើចញញឹមពីសំណាក់ជនសង្ស័យនោះឡើយ។

ករណីខាងលើនេះ ក៏ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មានកោះសន្តិភាពផងដែរ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ដែលការពិតយុវជននោះ មានទឹកមុខរាបស្មើ និងមិនញញឹមឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មានខាងលើ ដែលមានចំណងជើងអត្ថបទថា «ករណីយុវជនហ៊ានកាប់សម្លាប់មនុស្សយ៉ាងសាហាវ យើងត្រូវតែទប់ស្កាត់»។

Kohsantepheap Daily | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តឱ្យឃើញជនសង្ស័យទាំង៣នាក់នេះ មានទឹកមុខសើចញញឹម ដែលការពិតយុវជនទាំងនោះ មានទឹកមុខរាបស្មើ និងមិនញញឹមឡើយ។

Title:យុវជនស្ទាវ៣នាក់ ត្រូវបានកាត់តដោយមានទឹកមុខសើចសប្បាយ
Fact Check By: Kakada SimResult: Altered
