
ការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើពីសំណាកមន្ត្រីមានសមត្ថកិច្ច ពេលខ្លះ ទទួលបានការសាទរពីសំណាកមហាជន ហើយពេលខ្លះក៏ទទួលបានមតិរិះគន់ពីមហាជននៅលើបណ្ដាញសង្គមទៅវិញ។ ក្នុងនោះ រូបថតបង្ហាញការដុតចោលរថយន្តធុន១២កៅអីចំនួន៣គ្រឿង ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា រថយន្តប្រជាពលរដ្ឋត្រូវបានដុតចោលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតបួនសន្លឹក ដែលបង្ហាញរថយន្តធុន ១២កៅអីចំនួន ៤គ្រឿង ត្រូវបានកងកម្លាំងអាវុធហត្ថ ដុតចោល។ អ្នកប្រើហ្វេសប៊ុកនេះ អះអាងថា រថយន្តធុនដឹកជញ្ជូនទាំងនោះ ត្រូវបានដុតចោលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្តែ អ្នកប្រើហ្វេសប៊ុកខាងលើនេះ ពុំបានបញ្ជាក់អំពីមូលហេតុ និងព័ត៌មានលម្អិតជាក់លាក់នោះទេ។
រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនពាន់ដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
អ្នកប្រើហ្វេសប៊ុកមួយចំនួន ក៏បានបញ្ចេញមតិតបទៅនឹងការបង្ហោះរូបថតទាំងឡាយនោះផងដែរ ដោយបានសំណូមពរឲ្យពិចារណាពីប្រភពព័ត៌មានសិន មុននឹងបញ្ចេញមតិ និងខ្លះទៀតបានលើកឡើងថា ព័ត៌មាននេះបានកើតឡើងតាំងពីឆ្នាំ២០១៩ ដែលអ្នកប្រើយកមកបង្ហោះបំពុលសង្គម។
រូបភាពផ្ដាមចេញពីសារបង្ហោះរបស់អ្នកប្រើហ្វេសប៊ុកខាងលើ បានរៀបរាប់ថា «ជម្រាបសួរបងប្អូន ថ្ងៃទី១៥ គឺជាថ្ងៃចង្រៃបំផុតក្នុងជីវិតពួកខ្ញុំដែលជាម្ចាស់ឡានដែលគេយកទៅដុតចោល ដោយគ្មានអាណិតអាសូរដល់ប្រជាពលរដ្ផដែលគ្នារកសុីតូចតាចសម្រាប់ចិញ្ចឹមក្រពះសោះ ពួកអស់លោកថ្ងៃណាមួយនឹងរលាយដូចអំបិលត្រូវទឹកអញ្ចឹង!!»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃទិដ្ឋភាពរូបថតទាំងឡាយនេះដែលមានទម្រង់ដូចគ្នាទាំងស្រុង។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រសារព័ត៌មាន FRESH NEWS ដែលបានចុះផ្សាយតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩កន្លងមក។
សេចក្តីរាយការណ៍ខាងលើ ក៏បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅចំណុចថ្មបាំង ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ នៅពេលដែលកម្លាំងកងរាជអាវុធខេត្ត បានចុះទៅដុតចោលរថយន្ដសាំងយ៉ុងដឹកឈើខុសច្បាប់ចំនួន ៤គ្រឿង។
ការចុះបង្ក្រាប និងរឹបអូសរថយន្តទាំង ៤គ្រឿងនេះ ធ្វើឡើងនៅលើផ្លូវជាតិចំនួន៤គោលដៅផ្សេងគ្នា ដោយបានឃាត់រថយន្តទីមួយនៅថ្ងៃទី២១ ខែកក្កដា រថយន្តទីពីរនៅថ្ងៃទី២៣ ខែកក្កដា រថយន្តទីបី និងទីបួន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
FRESH NEWS Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងរបស់អ្នកប្រើហ្វេសប៊ុកដូចបានរៀបរាប់ខាងលេីនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។ រូបថតទាំងបួនសន្លឹកនោះ មិនមែនជាទិដ្ឋភាពដែលកងកម្លាំងអាជ្ញាធរកងរាជអាវុធហត្ថ បានដុតបំផ្លាញរថយន្តដោយគ្មានមូលហេតុនោះទេ ហើយហេតុការណ៍មួយនេះក៏មិនបានកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ដែរ។ ហេតុការណ៍នេះ កើតឡើងតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅពេលដែលសមត្ថកិច្ចខេត្តក្រចេះ បានដុតចោលរថយន្ដសាំងយ៉ុងដឹកឈើខុសច្បាប់ចំនួន ៤គ្រឿងនៅចំណុចថ្មបាំង ស្រុកចិត្របុរី។

Title:តើកងរាជអាវុធហត្ថទើបតែដុតរថយន្តរបស់ប្រជាពលរដ្ឋនៅថ្ងៃ១៥មិថុនាមែនទេ?
Fact Check By: Kakada SimResult: Misleading
