Fact Check: តើ​​កង​រាជ​អាវុធ​ហត្ថ​ទើប​តែ​​ដុត​​រថយន្តរបស់​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃ​១៥​មិថុនា​មែន​ទេ?

Misleading Social

ការ​បង្ក្រាប​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​សំណាក​មន្ត្រី​មាន​សមត្ថកិច្ច ពេល​ខ្លះ ទទួល​បាន​ការ​សាទរ​ពី​សំណាក​មហាជន ហើយ​ពេល​ខ្លះ​ក៏​ទទួល​បាន​មតិ​រិះ​គន់​ពី​មហាជន​នៅ​លើ​បណ្ដាញ​សង្គម​ទៅ​វិញ។ ក្នុង​នោះ រូបថត​បង្ហាញ​ការ​ដុត​ចោល​រថយន្ត​ធុន​១២​កៅអី​ចំនួន​៣​គ្រឿង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រថយន្ត​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​ដុត​ចោល​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១​នេះ។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​១៥​​​​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​​​ ​​​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​​ បាន​​​​​​​បង្ហោះ​​រូប​​ថត​​​បួន​​​​សន្លឹក​ ដែល​បង្ហាញ​រថយន្ត​ធុន​ ១២​កៅអី​ចំនួន ៤​គ្រឿង ត្រូវ​បាន​កង​កម្លាំង​អាវុធ​ហត្ថ ដុត​ចោល។ អ្នក​ប្រើ​ហ្វេសប៊ុក​នេះ អះ​អាង​ថា រថយន្ត​ធុន​ដឹក​ជញ្ជូន​ទាំង​នោះ ត្រូវ​បាន​ដុត​ចោល​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១។ ប៉ុន្តែ អ្នក​ប្រើ​ហ្វេស​ប៊ុក​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​នោះ​ទេ​។​

រូប​ថត​​ជាមួយ​​សំណេរ​​បែប​នេះ ​ត្រូវ​​បាន​ចែក​​រំលែក​ត​ៗ​​គ្នា​​ជា​​ច្រើនពាន់​ដង​​​ រួម​​ជាមួយ​នឹង​​ការបញ្ចេញ​មតិ​ចម្រុះ​​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

អ្នក​ប្រើ​ហ្វេស​ប៊ុក​​មួយ​ចំនួន ក៏​​បាន​​បញ្ចេញ​មតិ​​​តប​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​ទាំង​ឡាយ​នោះ​ផង​ដែរ​ ដោយ​បាន​សំណូម​ពរ​​ឲ្យ​ពិចារណា​ពី​ប្រភព​ព័ត៌មាន​សិន​ មុន​នឹង​បញ្ចេញ​មតិ​ និង​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ​ព័ត៌​មាន​នេះ​បាន​កើតឡើង​តាំង​ពី​ឆ្នាំ​២០១៩​​ ដែល​អ្នក​ប្រើ​យក​មក​បង្ហោះ​បំពុល​សង្គម​។​

Facebook Post | Archived Link

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​សារ​បង្ហោះ​របស់​អ្នក​ប្រើ​ហ្វេស​ប៊ុក​ខាង​លើ​ បាន​​រៀប​រាប់​​ថា​​ «ជម្រាប​​សួរ​បង​ប្អូន​ ថ្ងៃ​ទី​១៥​ គឺ​ជា​ថ្ងៃ​ចង្រៃ​បំផុត​ក្នុង​ជីវិត​ពួក​ខ្ញុំ​ដែល​ជា​ម្ចាស់​ឡាន​ដែល​គេ​យក​ទៅ​ដុត​ចោល​ ដោយ​គ្មាន​អាណិត​អាសូរ​ដល់​ប្រជា​ពលរដ្ផ​ដែល​គ្នា​រក​សុី​តូច​តាច​សម្រាប់​ចិញ្ចឹម​ក្រពះ​សោះ​ ពួក​អស់​លោក​ថ្ងៃ​ណា​មួយ​នឹង​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​!​!​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​ទិដ្ឋ​​ភាពរូប​ថតទាំង​ឡាយ​​នេះ​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង​។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រសារព័ត៌​មាន FRESH NEWS ដែល​​​បាន​ចុះ​​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី២៥​​​​ ខែ​កក្កដា​​​​ ឆ្នាំ​២០១៩​កន្លង​​មក​។​

សេច​ក្តី​រាយ​ការណ៍ខាង​លើ​ ក៏​បាន​បញ្ជាក់​​ថា​ ហេតុ​ការណ៍​នេះ​ បាន​កើត​​ឡើង​នៅ​ចំណុច​ថ្ម​បាំង​ ភូមិ​បន្ទាយ​ ឃុំ​គោ​លាប់​ ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ នៅ​ពេល​ដែល​កម្លាំង​កង​រាជ​អាវុធ​ខេត្ត​ បាន​ចុះ​ទៅ​ដុត​ចោលរ​ថយន្ដ​សាំង​យ៉ុង​ដឹក​ឈើ​ខុស​ច្បាប់​ចំនួន​ ៤​គ្រឿង​។​

ការ​ចុះ​បង្ក្រាប​ និង​រឹប​អូស​រថ​យន្ត​ទាំង​ ៤​គ្រឿងនេះ​ ​ធ្វើ​ឡើងនៅ​លើ​ផ្លូវ​ជាតិចំនួន​​៤​គោល​ដៅ​ផ្សេង​គ្នា ​ដោយ​បាន​ឃាត់​រថ​យន្ត​ទី​មួយ​នៅ​ថ្ងៃ​ទី​២១​ ខែ​កក្ក​ដា​ រថ​យន្ត​ទី​ពីរ​​នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្ក​ដា​ រថ​យន្ត​ទី​បី​ និង​ទី​បួន​ នៅ​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩​។

FRESH NEWS Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាងរបស់​អ្នក​ប្រើ​​ហ្វេស​ប៊ុក​​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។ រូប​ថត​ទាំង​បួន​សន្លឹក​​នោះ​ មិន​​​មែនជា​ទិដ្ឋភាព​​​ដែល​កង​កម្លាំង​អាជ្ញាធរកង​រាជ​អាវុធ​ហត្ថ​ បាន​ដុត​បំ​ផ្លាញ​រថយន្ត​ដោយ​គ្មាន​មូល​ហេតុ​នោះ​ទេ​ ហើយ​ហេតុ​ការណ៍​មួយ​នេះ​ក៏​មិន​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១​​ដែរ​​​។ ​​​​ហេតុការណ៍​​នេះ ​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ ឆ្នាំ​២០១៩​​​ នៅ​​​ពេល​ដែល​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ បាន​ដុត​​ចោល​រថយន្ដ​សាំង​យ៉ុង​ដឹក​ឈើខុស​ច្បាប់​​ចំនួន​​ ៤​គ្រឿង​​នៅ​ចំណុច​ថ្ម​បាំង ​ស្រុក​ចិត្រ​បុរី​។​​​

Avatar

Title:តើ​​កង​រាជ​អាវុធ​ហត្ថ​ទើប​តែ​​ដុត​​រថយន្តរបស់​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃ​១៥​មិថុនា​មែន​ទេ?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.