Fact-Check: ប្រធានាធិបតី ចូ បៃដិន មិន​បាន​លត់​ជង្គង់​សុំ​ការ​លើក​លែង​ទោស​ពី​កូន​លោក ចច ផ្លយ​ ទេ

False International

ក្នុង​សង្វៀន​នយោបាយ​កម្ពុជា របៀប​នៃ​ការ​ដឹកនាំ​ប្រទេស​នេះ តែង​តែ​ត្រូវ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​ទៅ​នឹង​របៀប​នៃ​ការ​ដឹកនាំ​ប្រទេស​របស់​មេដឹកនាំ​អាមេរិក​ ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស ការ​គោរព​ច្បាប់ និង​បញ្ហា​និទណ្ឌភាព​ផង​ដែរ។

ទន្ទឹម​គ្នានេះ រូបថត​មួយ​សន្លឹក​របស់​មេដឹកនាំ​អាមេរិក​ដែល​បាន​លត់​ជង្គង់​នៅ​ចំពោះ​មុខ​កុមារា​ស្បែក​ខ្មៅ​ម្នាក់ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ បង្ហោះ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ជាមួយ​ការ​រៀប​រាប់​​ដែល​ឆ្លុះ​បញ្ចាំងថា មេដឹកនាំ​អាមេរិក​ មិន​អនុញ្ញាត​ឱ្យ​មាន​និទណ្ឌភាព​ក្នុង​សង្គម​នោះ​ឡើយ។

ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នោះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពាក់​ព័ន្ធ​នឹង​បញ្ហា​និទណ្ឌភាព​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

នៅ​ថ្ងៃ​ទី​១២ ខែ​មេសា អ្នក​ប្រើ​​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន លត់​ជង្គង់​នៅ​មុខ​កុមារ​ស្បែក​ខ្មៅ​ម្នាក់។ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ រៀបរាប់​ថា មេដឹកនាំ​អាមេរិក​រូប​នេះ​លត់​ជង្គត់​សុំ​ការ​លើក​លែង​ទោស​ពី​កូន​របស់​លោក ចច ផ្លយ ដែល​ត្រូវ​បាន​ប៉ូលិស​ស្បែក​ស​សង្កត់​ក​រហូត​ដល់​ស្លាប់​កាលពី​ខែ​ឧសភា ឆ្នាំ​២០២០។ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ រៀបរាប់​បន្ត​ថា ប៉ូលិស​អាមេរិក​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​កាត់​ទោស បន្ទាប់​ពី​រក​ឃើញ​ថា មាន​កំហុស។

សំណេរ​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ ឆ្លុះ​បញ្ចាំង​ថា បញ្ហា​និទណ្ឌភាព​នៅ​អាមេរិក​មិន​កើត​មាន​នោះ​ឡើយ មិន​ថា​អ្នក​ប្រព្រឹត្ត​ខុស​ជា​ប៉ូលិស​មាន​ឋានន្តរ​ស័ក្តិ​ខ្ពស់​ក៏​ដោយ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ដែរ។

ការ​បង្ហោះ​រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​ដល់​ទៅ​រាប់​រយដង និង​មាន​ការ​ផ្លាស់​ប្ដូរ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​នៃ​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​ សរសេរ​ថា​ «រឿង​សង្កត់​ក​ស្លាប់​នៅ​អាមេរិក ប្រធានាធិបតី ចូ បៃដិន សូម​ការ​លើក​លែង​ទោស​ពី​កូន​លោក ចច ផ្លយ ដែល​ត្រូវ​បាន​ប៉ូលិស​សង្កត់​ចំ​ក​ដល់​ស្លាប់ ហើយ​ពួក​ប៉ូលិស​ទាំង​នោះ ត្រូវ​យក​ទៅ​កាត់​ទោស​អស់​ហើយ។ អាមេរិក​មិន​មាន​អំពើ​និទណ្ឌភាព​ទេ ប៉ូលិស​ផ្កាយ​១០​ក៏​ត្រូវ​មាន​ទោស​ដែរ​ឱ្យ​តែ​មាន​កំហុស​ក្នុង​ការ​អនុវត្ត​ច្បាប់​ មិន​អាច​រួច​ខ្លួន​ទេ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការពិត​នៃ​រូបថត និង​ការ​អះ​អាង​នេះ​តាម​រយៈ​ដំណើរការ Google Reverse Image ដែល​ឱ្យ​រក​ឃើញ​រូបថត​ជាច្រើន​ពាក់​ព័ន្ធ​នឹង​រូបថត​ខាង​លើ និង​ខ្លឹមសារ​ពិត​ប្រាកដ​នៃ​រូបថត​នោះ។

បើ​តាម​អត្ថបទ​​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន The Times of India រូបថត​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន លត់​ជង្គង់​នៅ​ចំពោះ​មុខ​កុមារ​ម្នាក់​នោះ ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ការ​ពិត​រួច​រាល់​ហើយ​តាំង​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក​ម៉្លេះ។

​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ បង្ហាញ​ថា រូបថត​នោះ ត្រូវ​បាន​ថត​​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២០ ជា​ពេល​វេលា​ដែល​លោក បៃដិន កំពុង​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​នាម​លោក​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ពោល​គឺ​លោក​មិន​ទាន់​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ឡើយ​ទេ។

រូបថត​មួយ​សន្លឹក​នោះ ត្រូវ​បាន​ថត​ដោយ​លោក Leah Millis ដែល​ជា​អ្នក​ថត​រូប​ជាន់​ខ្ពស់​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ហើយ​រូបថត​នោះ​ក៏​មាន​នៅ​ក្នុង​បញ្ជី​រូបថត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ​ផង​ដែរ។

ការ​ត្រួត​ពិនិត្យ​ការពិត ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា លោក បៃដិន បាន​​ជួប​នឹង​កុមារ​ស្បែក​ខ្មៅ​មួយ​រូប​ដូច​ក្នុង​រូបថត​មែន ប៉ុន្តែ កុមារ​ម្នាក់​នោះ​មិន​មែន​ជា​កូន​​ស្រី​របស់​លោក ចច ផ្លយ នោះ​ឡើយ។

បើ​តាម​ស៊ើប​រក​ការពិត លោក បៃដិន បាន​លត់​ជង្គត់​ជជែក​នឹង​កុមារា​ស្បែក​ខ្មៅ​​ម្នាក់​ឈ្មោះ CJ Brown អំឡុង​ពេល​លោក​ឈប់​សំចត​បន្តិច​នៅ​ឯ​ហាង​លក់​សម្លៀក​បំពាក់​ «Three Thirteen» (៣១៣) ដើម្បី​ទិញ​របស់​របរ​មួយ​ចំនួន​សម្រាប់​ចៅ​ៗ​របស់​លោក អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ទីក្រុង Detroit ស្ថិត​ក្នុង​រដ្ឋ​មីឈីហ្គែន (Michigan)។

The Times of India’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ដូច​ដែល​បាន​លើក​ឡើងខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​ពិត លោក ចូ បៃដិន បាន​លត់​ជង្គង់​នៅ​ចំពោះ​មុខ​កុមារ​ស្បែក​ខ្មៅ​ម្នាក់​មែន ប៉ុន្តែ លោក​ធ្វើ​បែប​នេះ​ដើម្បី​ជជែក​ជាមួយ​កុមារ​នោះ អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​នាម​ជា​បេក្ខជន​ប្រធានាធិបតី​ ពោល​មិន​ទាន់​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត កុមារ​ស្បែក​ខ្មៅ​នោះ មិន​មែន​ជា​កូន​ស្រី​របស់​លោក ចច ផ្លយ នោះ​ឡើយ ប៉ុន្តែ ជា​កុមារ CJ Brown។

Avatar

Title:ប្រធានាធិបតី ចូ បៃដិន មិន​បាន​លត់​ជង្គង់​សុំ​ការ​លើក​លែង​ទោស​ពី​កូន​លោក ចច ផ្លយ​ ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *