ទំនាក់​ទំនង​កម្ពុជា-វៀត​ណាម​ តែង​តែ​ត្រូវ​បាន​ជជែក​នៅ​លើ​បណ្ដាញ​សង្គមនោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទង់​ជាតិ​វៀតណាម​ត្រូវ​បាន​បង្ហូត​ឡើង​ព្រម​គ្នា​ជាមួយ​ទង់​ជាតិ​កម្ពុជា​នៅ​ក្នុង​បរិវេណ​សាលា​រៀន​មួយ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​សីហា​កន្លង​មក​នេះ​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

កាល​ពី​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០២៣​ មាន​ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «ប្រវត្តិសាស្ដ្រ​ខ្មែរ​» បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​​សាលា​រៀន​មួយ​កន្លែង​ ដែល​មាន​សិស្សានុសិស្ស​​តម្រង់​ជួរ​ និង​បង្ហូត​ទង់​ជាតិ​វៀតណាម​​ព្រម​គ្នា​ជាមួយ​នឹង​ទង់​ជាតិ​កម្ពុជា។​

សន្លឹក​រូប​ថត​ភ្ជាប់​នៅ​ក្នុង​វីដេអូ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​វីដេអូ​ TikTok ម្នាក់​ បាន​បង្ហោះ​ និង​បង្ហាញ​ទិដ្ឋភាព​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទង់​ជាតិ​វៀត​ណាម​ បង្ហូត​អម​នឹង​ទង់​ជាតិ​កម្ពុជា​នៅ​ក្នុង​​ទីធ្លា​សាលារៀន​មួយ។​

https://www.tiktok.com/@duongnel1/video/7246622273237486849?_r=1&_t=8eSfbDHzDlZ

TikTok Video | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​ខាង​លើ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link)​។​

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នាមួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ World Assistance for Cambodia ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អង្គការ​ឯករាជ្យ​មួយ​ ដែល​ផ្ត​ល់ឱកាស​អប់​រំ​សម្រាប់​យុវជ​ន និង​ជនក្រីក្រ​នៅ​ជនបទក្នុង​ប្រទេសក​ម្ពុជា​។​

គេហទំព័រ​ខាងលើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​អត្ថបទ​របស់​ខ្លួន​ថា​ រូប​ថត​មួយ​សន្លឹក​នោះ​ គឺ​ជាទិ​ដ្ឋភាពនៃ​​ការ​បង្ហូត​ទង់​ជាតិ​កម្ពុជា​នៅ​ក្នុង​បរិវេណ​​សាលា​រៀនមួយ​ឈ្មោះ​ថា​ «The Harris Family School»​ អំឡុង​ពេល​បើក​សម្ពោធ​​នៅ​ខេត្ត​កោះ​កុង​ កាល​ពី​ឆ្នាំ​២០០២​កន្លង​ទៅ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ បង្ហាញ​ទិដ្ឋភាព​កូន​សិស្ស​បាន​បង្ហូត​ទង់​ជាតិ​កម្ពុជា​ ដោយ​ពុំ​មាន​ទិដ្ឋភាព​ទង់​ជាតិ​នៃ​ប្រទេស​វៀត​ណាម​នោះ​ឡើយ​។​

World Assistance for Cambodia Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ និង​រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋានFact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាពនៃ​​ការ​បង្ហូត​ទង់​ជាតិ​កម្ពុជា​នៅ​ទីធ្លា​សាលា​រៀនមួយ​ អំឡុង​ពេល​បើក​សម្ពោធ​នៅ​​ខេត្ត​កោះ​កុង​​កាល​ពី​ឆ្នាំ​២០០២​កន្លង​ទៅ​ ដែល​មិន​មាន​ការ​បង្ហូត​ទង់​ជាតិ​វៀត​ណាម​អម​នោះ​ឡើយ​។​

Avatar

Title:រូបភាព​ការ​បង្ហូត​ទង់​ជាតិ​វៀតណាម​ព្រម​នឹង​ទង់​ជាតិ​កម្ពុជា​​ក្នុង​សាលា​រៀន​មួយ គឺ​​​ជា​រូប​ថត​កាត់​ត​

Written By: Kakada Sim

Result: Altered