
អង្គរវត្តដែលជាសំណង់ប្រាសាទបុរាណដ៏ធំអស្ចារ្យរបស់កម្ពុជា តែងតែត្រូវបានបង្ហោះជារឿយៗនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងព័ត៌មានមិនច្បាស់លាស់ផងដែរ។ ថ្មីៗ វីដេអូឃ្លីបមួយដែលបង្ហាញសំណង់បុរាណនានា ត្រូវបានភ្ជាប់ថា ជា ប្រាសាទអង្គរវត្តរបស់កម្ពុជា។ ការបង្ហោះបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការភ្ជាប់មួយនេះ គឺមិនត្រឹមត្រូវទាំងអស់នោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីបមានរយៈពេលប្រមាណជាង ៣នាទី រៀបរាប់អំពីប្រវតិ្តសាស្ត្រ និងអាថ៌កំបាំងនៃប្រាសាទអង្គរវត្តរបស់កម្ពុជា។
ក្នុងនោះ ទិដ្ឋភាពប្រាសាទបុរាណ មានសណ្ឋានកំពូលស្រួច ក៏ត្រូវបានភ្ជាប់ និងអះអាងថា ជាប្រាសាទអង្គរវត្ត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបផងដែរ។
ការបង្ហោះវីដេអូឃ្លីបភ្ជាប់ទៅនឹងការអះអាងខាងលើនេះ ត្រូវបានចែករំលែកបន្ដជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។
វីដេអូឃ្លីបទាំងស្រុង ផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «The Secrets and Mysteries of Angkor Wat» ឬប្រែជាភាសាខ្មែរមានន័យថា «អាថ៌កំបាំងនៃប្រាសាទអង្គរវត្ត»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
រូបថតនៃប្រាសាទបុរាណដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រ Shutterstock ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រខាងលើនេះ ពុំបានបញ្ជាក់ និងបង្ហាញថា ប្រាសាទបុរាណនោះ ជាប្រាសាទអង្គរវត្ត របស់កម្ពុជានោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានបង្ហាញទិដ្ឋភាពទាំងមូល នៃប្រាសាទបុរាណ “Wat Phra Si Sanphet” នៅក្នុងតំបន់ប្រវត្តិសាស្ត្រអយុធ្យា ប្រទេសថៃ។

Shutterstock Link | Archived Link
ដោយឡែករូបថតមួយសន្លឹកដែលមានទម្រង់ដូចគ្នាទាំងស្រុង និងបង្ហាញពីទិដ្ឋភាពនៃការផ្តិតរូបប្រាសាទបុរាណមួយនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយ និងបង្ហោះផងដែរតាមរយៈគេហទំព័រ UNESCO។ រូបភាពផ្តាមចេញពីគេហទំព័រដែលបានសរសេររៀបរាប់ថា «ទីក្រុងប្រវត្តិសាស្ត្រអយុធ្យា»។

UNESCO World Heritage Site | Archived Link
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប ដែលបានបង្ហាញអំពីទិដ្ឋភាពទីក្រុងបុរាណប្រវត្តិសាស្ត្រអយុធ្យា នៅក្នុងប្រទេសថៃ ដែលពុំបានអះអាងថា នោះគឺជាប្រាសាទអង្គរវត្ត របស់កម្ពុជានោះឡើយ។
លោកអ្នក ក៏អាចស្វែងរកទីតាំងនៃប្រាសាទបុរាណ “Wat Phra Si Sanphet” តាមរយៈ Google Map ដែលមាននៅទីនេះផងដែរ។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការភ្ជាប់សំណេរទៅនឹងវីដេអូឃ្លីបខាងលើ ដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺមិនត្រឹមត្រូវទាំងអស់នោះឡើយ។ ប្រាសាទបុរាណដែលត្រូវបានបង្ហាញនៅដើមដំបូងនៃវីដេអូនេះ គឺជាប្រាសាទWat Phra Si Sanphet ស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រអយុធ្យា ប្រទេសថៃ។

Title:សំណង់ដូចចេតិយនៅក្បាលដំបូងនៃវីដេអូនេះមិនមែនជាផ្នែកមួយនៃប្រាសាទអង្គរវត្ត
Written By: Kakada SimResult: Partly False
