
ជាង ១ខែក្រោយពីហេតុការណ៍ផ្ទុះឆេះដ៏ខ្លាំងមួយនៅកណ្ដាលទីក្រុងប៉ារីសដែលបណ្ដាលឱ្យមនុស្ស ៣៧នាក់រងរបួសនោះ វីដេអូមួយដែលបង្ហាញឱ្យឃើញកំសួលភ្លើងនៃការផ្ទុះមួយដ៏ខ្លាំងក្លា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដោយត្រូវបានអះអាងថា ជាហេតុការណ៍កើតឡើងនៅទីក្រុងប៉ារីស។ វីដេអូនេះជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមួយ ដែលបង្ហាញហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាបំផ្លិចបំផ្លាញទីតាំងមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា ហេតុការណ៍ដ៏គ្រោះថ្នាក់នេះ បានកើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។
វីដេអូឃ្លីបដែលមានសំណេរបែបនេះ ត្រូវបានចែករំលែកបន្ដជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «ផ្ទុះឆេះដ៏ធំមួយ នៅកណ្ដាលទីក្រុងប៉ារីស មនុស្សជាង ៣០នាក់បានរងរបួស»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
យើងបានរកឃើញវីដេអូឃ្លីបដូចគ្នាជាច្រើន បង្ហាញទិដ្ឋភាពនៃការផ្ទុះដ៏ខ្លាំងក្លាមួយខាងលើនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានជាច្រើន។
ក្នុងសេចក្ដីរាយការណ៍មួយរបស់ខ្លួនកាលពីខែសីហា ឆ្នាំ២០២០ ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញទិដ្ឋភាពដូចគ្នានៃហេតុការណ៍ផ្ទុះមួយកន្លែង ដែលមានទីតាំងនៅក្នុងបរិវេណកំពង់ផែទីក្រុងបេរុត (Beirut) ប្រទេសលីបង់។ ហេតុការណ៍មួយនេះ បានកើតឡើង និងបង្កដោយការផ្ទុះនូវសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate)។
ខាងក្រោម គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានសរសេរជាភាសាអង់គ្លេស ដែលមានអត្ថន័យជាភាសាខ្មែរថា «យ៉ាងហោចណាស់មនុស្ស ១៣៥នាក់ បានបាត់បង់ជីវិតពីការផ្ទុះមួយនៅក្នុងតំបន់កំពង់ផែ ទីក្រុងរបស់ប្រទេសលីបង់ កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ»។

ដូចគ្នានេះ ហេតុការណ៍នៃការផ្ទុះខាងលើ ក៏ត្រូវបានផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន CNN ផងដែរកាលពីឆ្នាំ២០២០កន្លងទៅ។ គេហទំព័រដដែលខាងលើ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅតំបន់កំពង់ផែនៃទីក្រុងបេរុត (Beirut) ប្រទេសលីបង់ ដោយសារការផ្ទុះនូវសារធាតុគីមីអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ដែលរក្សាទុកនៅក្នុងឃ្លាំងមួយ នៃតំបន់កំពង់ផែមួយនេះ អស់រយៈពេល ៦ឆ្នាំមកហើយ។
CNN News Report | Archived Link
ខាងក្រោមនេះ គឺជាវីដេអូរាយការណ៍ព័ត៌មានមួយពីទូរទស្សន៍កាណាដា Global News កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ ដែលបានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅប្រទេសលីបង់ ពុំបានកើតឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនោះឡើង។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបនេះ គឺជាទិដ្ឋភាពនៃការផ្ទុះដ៏ខ្លាំងក្លាមួយ ដែលបានកើតឡើងនៅតំបន់កំពង់ផែនៃទីក្រុងបេរុត (Beirut) ប្រទេសលីបង់ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០កន្លងទៅ ពុំបានកើតឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនាពេលថ្មីៗនេះទេ។

Title:តើវីដេអូផ្ទុះឆេះដ៏ខ្លាំងមួយនេះបានកើតឡើងនៅទីក្រុងប៉ារីសមែនដែរឬទេ?
Written By: Kakada SimResult: False
