ការអះអាងមិនត្រឹមត្រូវថា មនុស្សជាង១ពាន់នាក់ឆ្លងមេរោគអេដស៍កាលពីចុងខែមុន
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា មនុស្សជាង ១ពាន់នាក់ បានឆ្លងមេរោគអេដស៍កាលពីចុងខែកក្កដាកន្លងមកនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា បន្ទាប់ពីការបញ្ជាក់ពីក្រសួងសុខាភិបាល យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា មនុស្សរហូតដល់ជាង ១,០០០នាក់ បានឆ្លងមេរោគអេដស៍នៅថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ ហើយក៏បានព្រមានទៅដល់បុរសៗដែលស្វែងរកការរួមភេទនៅខាងក្រៅ ឱ្យការពារខ្លួន និងក្រុមគ្រួសារពីជំងឺនេះ។
ការអះអាងនេះ ទទួលបានការចែករំលែកដល់ទៅជិត ២ម៉ឺនដង ការបញ្ចេញមតិរាប់រយដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជាការអះអាងដែលផ្ទុះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ជំងឺអេដស៍ថ្ងៃនេះផ្ទុះឡើង ១ពាន់នាក់ជាងហើយ ឱជីវិតប្រពន្ធកូននៅផ្ទះទៅជាយ៉ាងណា បើប្ដីលួចមានដៃគូច្រើន»។
ការអះអាងដូចគ្នានេះ ក៏ត្រូវបានទំព័រហ្វេសប៊ុក ឱសថការី Pharmacist បង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនផងដែរកាលពីថ្ងៃទី៣១ ខែកក្កដាកន្លងមកនេះ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់ជាង ៥០០ដង និងការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។
ទំព័រហ្វេសប៊ុក ឱស្ថាន សន្តិភាព ក៏បានបង្ហោះការអះអាងនេះផងដែរកាលពីថ្ងៃទី៣១ ខែកក្កដា ហើយទទួលបានការចែករំលែកបន្តដល់ទៅជិត ៤០០ដង និងមានការបញ្ចេញមតិយោបល់ជាច្រើន។
ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដទៃទៀតផងដែរចាប់តាំងពីចុងខែកក្កដាកន្លងមកនេះ។ សូមមើលការអះអាងទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការស្នើសុំការបញ្ជាក់ពីខាងក្រសួងសុខាភិបាល និងការពិនិត្យមើលតួលេខផ្លូវការដែលចេញពីប្រភពគួរឱ្យទុកចិត្តមួយចំនួន ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ឆ្លើយតបប្រាប់មកកាន់ Fact Crescendo តាមបណ្ដាញតេឡេក្រាមកាលពីថ្ងៃម្សិលមិញនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានច្រានចោលនូវការអះអាងនេះ ដោយចាត់ទុកជាព័ត៌មាន«មិនពិត» និងបានស្នើទៅអ្នកបង្កើតការអះអាងបែបនេះ ឱ្យបញ្ឈប់ការផ្សព្វផ្សាយបែបនេះ ដើម្បីកុំឱ្យមហាជនយល់ច្រឡំ។
វេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា «ព័ត៌មានខាងលើនេះជាព័ត៌មានមិនពិតទេ ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុង ហើយសូមម្ចាស់គណនីដែលផ្សាយនេះ បញ្ឈប់ការផ្សាយបែបនេះតទៅទៀត។ សូមបងប្អូនសាធារណជនជ្រាប និងចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះផង»។
នៅពេលត្រូវបានសាកសួរអំពីតួលេខអ្នកឆ្លងមេរោគអេដស៍នៅកម្ពុជា អ្នកស្រី ឱ វណ្ណឌីន បានចង្អុលទៅសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ ដែលចេញដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងការិយាល័យពហុប្រទេសនៃអង្គការកម្មវិធីអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS)។
បន្ទាប់ពីការស្នើសុំការបញ្ជាក់ពី Fact Crescendo ក្រសួងសុខាភិបាលក៏បានបង្ហោះព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលច្រានចោលការអះអាងខាងលើនេះ។ សូមមើលខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក អៀង ម៉ូលី បានប្រាប់ Fact Crescendo តាមតេឡេក្រាមកាលពីថ្ងៃម្សិលមិញថា យ៉ាងហោចណាស់មនុស្ស ៤នាក់ ត្រូវបានប៉ាន់ប្រមាណថា ជាករណីឆ្លងថ្មីក្នុងមួយថ្ងៃនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៣នេះ។
លោក អៀង ម៉ូលី បានឱ្យដឹងទៀតថា តួលេខឆ្លងមេរោគអេដស៍ថ្មី បានកើនឡើងចំនួន ៣០០ករណី ឬជិត ៣០ភាគរយនៅឆ្នាំ២០២២កន្លងមក បើធៀបនឹងតួលេខឆ្លងថ្មីចំនួន ១,១០០ករណីនៅឆ្នាំ២០២១។
បើតាមលោក អៀង ម៉ូលី កម្ពុជាបានកត់ត្រាកំណើនករណីឆ្លងមេរោគអេដស៍ថ្មីចាប់តាំងពីឆ្នាំ២០១៩កន្លងមក ដែលតម្រូវឱ្យអាជ្ញាធរសុខាភិបាលកម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការផ្ទុះឡើងវិញនៃជំងឺអេដស៍នៅក្នុងប្រទេសនេះ។
ដោយសារតែការអះអាងលើបណ្ដាញសង្គមមិនបានបញ្ជាក់ថា តួលេខឆ្លងថ្មីនេះនៅកម្ពុជា ឬនៅទីណានោះ Fact Crescendo ក៏បានពិនិត្យមើលតួលេខឆ្លងថ្មីនៅកម្រិតពិភពលោកផងដែរ។
តួលេខរបស់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បង្ហាញថា មនុស្សរហូតដល់ ៣៩លាននាក់ កំពុងផ្ទុកមេរោគអេដស៍នៅទូទាំងសកលលោកនៅឆ្នាំ២០២២កន្លងមក។
តួលេខក៏បង្ហាញឱ្យដឹងទៀតថា មនុស្សរហូតដល់ ១.៣លាននាក់ បានក្លាយជាករណីឆ្លងមេរោគអេដស៍ថ្មីនៅឆ្នាំ២០២២កន្លងមក ឬមានន័យថា តួលេខឆ្លងថ្មីមានចន្លោះពី ៣,៥០០ ទៅ ៤,០០០ករណីក្នុងមួយថ្ងៃនៅទូទាំងពិភពលោក។ សូមមើលតួលេខរបស់ UNAIDS ទាំងស្រុងនៅទីនេះ។
UNAIDS Fact Sheet | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចាត់ទុកការអះអាងនេះថា ជាព័ត៌មានមិនពិត។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ជាក់ថា តួលេខឆ្លងមេរោគអេដស៍ថ្មី មានត្រឹមតែ ៤នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ នៅកម្រិតពិភពលោកវិញ តួលេខឆ្លងថ្មីប្រចាំថ្ងៃមានចន្លោះពី ៣,៥០០ ទៅ ៤,០០០ករណី។
Title:ការអះអាងមិនត្រឹមត្រូវថា មនុស្សជាង១ពាន់នាក់ឆ្លងមេរោគអេដស៍កាលពីចុងខែមុន
Written By: Jay UdomResult: False