
ព្រឹត្តិការណ៍ប្រឡងដណ្ដើមពានរង្វាន់បវរកញ្ញាចក្រវាឡឆ្នាំ២០២០ ត្រូវបានធ្វើឡើងនៅក្នុងតំបន់លម្ហែកាយ Seminole Hard Rock រដ្ឋ Florida ក្នុងទឹកដីសហរដ្ឋអាមេរិក។ កញ្ញា Andrea Meza ដែលជាបេក្ខនារីមកពីប្រទេសម៉ិកស៊ិក បានក្លាយជាម្ចាស់ម្កុដបវរកញ្ញាឆ្នាំ២០២០។ ក្រោយពីបានប្រកាសនូវលទ្ធផលនៃជ័យលាភីភ្លាមៗនោះ រូបថតមួយសន្លឹកដែលបានបង្ហាញអំពីក្មេងស្រីម្នាក់បាននឹងកំពុងលេងលោតកម្ពស់នៅលើឆាក។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញអំពីទិដ្ឋភាពនៃការប្រឡងបវរកញ្ញាចក្រវាឡ ដែលក្នុងនោះមានរូបក្មេងស្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូក កំពុងតែលោតកម្ពស់នៅលើឆាកនៃកម្មវិធីទាំងមូល។ ការអះអាងមួយនេះ ត្រូវបានចែករំលែកតៗគ្នានាប៉ុន្មានថ្ងៃចុងក្រោយនេះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក បានរៀបរាប់ថា «Admin សុំកំប្លែងៗ ប្លែកៗមួយថ្ងៃហេីយណា កុំខឹង admin admin ចង់ចែករំលែកសេីចមួយគ្នា»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញការពិតប្រភពដើមនៃទិដ្ឋភាពនៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡមួយនេះ ដែលមានទម្រង់ដូចគ្នាទាំងស្រុង និងតាមរយៈការបំភ្លឺបន្ថែមពីទំព័រដែលបានអះអាងដោយផ្ទាល់ផងដែរ។
តាមរយៈការបង្ហោះរូបថតមួយដែលមានទម្រង់ដូចគ្នាទាំងស្រុងនៅលើបណ្តាញគេហទំព័រ Sunday Times កន្លងទៅនេះ ដែលបានបញ្ជាក់ និងរៀបរាប់អំពីការប្រកួតប្រជែងបវរកញ្ញាចក្រវាឡ ដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលយើងសង្កេតឃើញថា ពុំមានវត្តមានរបស់ក្មេងស្រីដូចដែលគេបានផ្សព្វផ្សាយនោះទេ។
រូបភាពផ្ដាមចេញពីសារព័ត៌មាន Sunday Times ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Zozi Tunzi’s final Miss Universe look took an astounding 800 hours to make» ប្រែជាភាសាខ្មែរមានន័យថា «សម្លៀកបំពាក់របស់ Zozi Tunzi ប្រើពេលអស់ ៨០០ម៉ោងដើម្បីសម្រេចបានឈុតដ៏អស្ចារ្យមួយនេះ»។
Sunday Times Report | Archived Link
តាមរយៈទំព័រផ្លូវការរបស់ Miss Universe នៅលើបណ្តាញសង្គម Twitter យើងក៏បានរកឃើញនូវវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដែលបានបង្ហាញសកម្មភាពអំឡុងពេលកំពុងប្រកាសជ័យលាភីបវរកញ្ញាឯកចក្រវាឡ។ វីដេអូមួយនេះ ពុំមានវត្តមានក្មេងស្រីក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូក ដែលកំពុងលេងលោតកម្ពស់ក្នុងកម្មវិធីប្រកួតប្រជែងមួយនេះទេ។
រូបភាពផ្ដាមចេញពីទំព័រផ្លូវការរបស់ Miss Universe ដែលបានសរសេររៀបរាប់នៅក្នុងចំណងជើងជាភាសាអង់គ្លេសថា «The new Miss Universe is Mexico» ឬប្រែជាភាសាខ្មែរមានន័យថា «ម្ចាស់ជ័យលាភីបវរកញ្ញាឯកពិភពលោក បានទៅលើបវរកញ្ញាដែលមកពីប្រទេសម៉ិកស៊ីក»។
ឆ្លើយតបនឹងការសាកសួរបន្ថែមពី Fact Crescendo Cambodia តាមរយៈប្រព័ន្ធផ្ញើសារនៅថ្ងៃនេះ ទំព័រហ្វេសប៊ុក ដែលបានអះអាងខាងលើនោះ បានប្រាប់ឲ្យបានដឹងថា ការបង្ហោះមួយនេះ គឺគ្រាន់តែ ជាការចង់បានការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើបណ្ដាញសង្គម និងដើម្បីជាការលេងសើចសប្បាយប៉ុណ្ណោះ។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា រូបថតមួយសន្លឹកដូចដែលបានរៀបរាប់ខាងលើ មិនមែនជាការពិតនោះឡើយ។ រូបថតនេះ ត្រូវបានគេកាត់ត ដែលរូបថតពិតប្រាកដពុំមានវត្តមានក្មេងស្រីម្នាក់នោះទេ។

Title:រូបភាពការប្រឡងបវរកញ្ញាចក្រវាឡត្រូវបានគេកាត់តភ្ជាប់នឹងរូបថតក្មេងស្រីម្នាក់
Fact Check By: Kakada SimResult: Satire