Fact-Check: ភូមិ​កំណើត​​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​តែ​ជា​ទឹក​ដី​កម្ពុជា​ដដែល

False Political

ការ​គូស​វាស និង​កំណត់​បង្គោល​ព្រំដែន​រវាងកម្ពុជា និង​ប្រទេស​ជិត​ខាង តែង​តែ​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ ហើយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ជា​ពិសេស​ការ​គូស​​ខ្សែ​បន្ទាត់​ព្រំដែន​ និង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ ថ្មីៗ​នេះ បញ្ហា​នេះ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ជា​ថ្មី ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​បាន​អះអាង​ថា ទឹក​ដី​កម្ពុជា​នៅ​ត្រង់​ចំណុច​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ខាង​ប្រទេស​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ រាជ​ធានី​ភ្នំពេញ បាន​​បង្ហោះ​រូបថត​ពីរ​សន្លឹក ដែល​រូបថត​មួយ​សន្លឹក​បង្ហាញ​ផ្ទះ​ដូចៗ​គ្នា​ស្ថិត​នៅ​ជា​ជួរ​ត្រង់​អម​ទៅ​ដោយ​ប្រឡាយ​ទឹក​ដ៏​វែង ហើយ​រូបថត​មួយ​សន្លឹក​ទៀត​ បង្ហាញ​ផ្ទាំង​ថ្ម​សរសេរ​ថា «ភូមិ​អភិវឌ្ឍន៍​សម្ដេច​ចក្រី ហេង សំរិន អន្លង់ជ្រៃ»។

គណនី​ហ្វេសប៊ុក​នេះ អះ​អាង​ថា តំបន់​អភិវឌ្ឍន៍​ស្ថិត​នៅ​ឯ​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ប្រទេស​វៀតណាម​ហើយ។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ រាជ​ធានីភ្នំពេញ សរសេរ​​នៅ​លើ​រូបថត​ថា «លា​ហើយ​កម្ពុជា​អើយ!» និង​«លា​ទៅ​ខាង​កើត!»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​រូបថត​នៅ​ក្នុង​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដើម្បី​បាន​ដឹង​ពី​ទីតាំង​ពិត​ប្រាកដ​នៃ​រូបថត និង​តាម​រយៈ​ការ​សម្ភាស​ជាមួយ​ប្រភព​ពាក់​ព័ន្ធ​មួយ​ចំនួន​អំពី​បច្ចុប្បន្នភាព​នៃ​ទីតាំង​មួយ​មាន​នៅ​ក្នុង​រូបថត​នេះ។

​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ Google បង្ហាញ​ថា រូបថត​ផ្ទះ​ដែល​មាន​រចនាបថ​ដូចៗ​គ្នា​ស្ថិត​នៅ​ជា​ជួរ​នេះ គឺ​ជា​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច ដែល​ជា​ភូមិ​កំណើត​របស់​លោក ហេង សំរិន។ ផ្ទះ​ទាំង​នេះ ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្រោម​ការ​ផ្ដួចផ្ដើម​របស់​ប្រធាន​រដ្ឋ​សភា​រូប​នេះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ភូមិ​កំណើត​របស់លោក។

Google Map | Archived Link

ក្រៅ​ពី​ផ្ទះ​ប៉ិត គម្រោង​អភិវឌ្ឍន៍​អន្លង់ជ្រៃ​របស់​លោក ហេង សំរិន ក៏​បាន​សាង​សង់​ផ្ទះ​ម៉ូដ​កាតាំង​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ឯ​ភូមិ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ផង​ដែរ។

Google Map | Archived Link

អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧​កន្លង​មក បាន​ចុះ​ផ្សាយ​ថា តាម​លក្ខណៈ​បច្ចេកទេស​កិច្ចការ​ព្រំដែន ភូមិ​កំណើត​របស់​លោក ហេង សំរិន ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម។ សារព័ត៌មាន​នេះ ក៏​បាន​ដក​ស្រង់​សម្ដី​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​កម្ពុជា ដែល​និយាយ​ថា កម្ពុជា​គ្រោង​ដោះ​ដូរ​ភូមិ​ដើម្បី​រក្សា​ទុក​ភូមិ​កំណើត​របស់​លោក ហេង សំរិន។

Phnom Penh Post’s report | Archived Link

ក្នុង​កិច្ច​សម្ភាស​ជាមួយ Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ លោក វ៉ា គឹមហុង បាន​ច្រាន​ចោល​ចំពោះ​ការ​អះ​អាង​ថា ភូមិ​កំណើត​របស់​លោក​ ហេង សំរិន ត្រូវ​បាន​កាត់​ទៅ​ឱ្យ​ប្រទេស​វៀតណាម​នោះ។

លោក វ៉ា គឹមហុង បញ្ជាក់​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​នៅ​កន្លែងផ្សេង​​ទៅ​ឱ្យ​ប្រទេស​វៀតណាម ដើម្បី​រក្សា​ទុក​ភូមិ​កំណើត​របស់​លោក ហេង សំរិន។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា​ «គ្រាន់តែ​បញ្ជាក់ [ភូមិ​ហ្នឹង]អត់​មាន​បាត់​ទៅ​កើត​ទេ នៅ​តែ​ជា​ភូមិ​សម្ដេច ហេង សំរិន ដដែល។ ទីតាំង​នៅ​ត្រង់​ណា នៅ​ត្រង់​ហ្នឹង»។

លោក ឃីម សុខៃ អាយុ ៣០​ឆ្នាំ បាន​ប្រាប់​ថា លោក​ជា​ពលរដ្ឋ​មាន​ភូមិ​កំណើត​នៅ​ភូមិ​អន្លង់ជ្រៃ និង​កំពុង​បន្ត​រស់​នៅ​ក្នុង​ភូមិ​មួយ​នេះ។ ពលរដ្ឋ​​រូប​នេះ បាន​ឱ្យ​ដឹង​ថា ភូមិ​កំណើត​របស់​លោក មិន​មាន​ជន​ជាតិ​វៀតណាម​ណា​ម្នាក់​ចូល​មក​រស់នៅ​នោះ​ទេ។ លោក សុខៃ បន្ថែម​ថា ភូមិ​របស់​លោក​នៅ​តែ​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​គ្រប់​គ្រង​របស់​កម្ពុជា​ដដែល។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​គាត់ បង្ហាញ​ថា ​លោក ហេង សំរិន បាន​បន្ត​អភិវឌ្ឍ​បន្ថែម​ទៀត​ជា​បន្ត​បន្ទាប់​នៅ​ភូមិ​អន្លង់ជ្រៃ​ដែល​ស្រុក​កំណើត​របស់​លោក​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​មក​នេះ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក​នេះ លោក ហេង សំរិន អាយុ ៨៧​ឆ្នាំ និង​ភរិយា​របស់​​លោក បាន​រៀបចំ​ពិធី​បុណ្យ​មួយ​នៅ​ឯ​ផ្ទះ​របស់​លោក​ស្ថិត​នៅ​ក្នុង​ភូមិ​កំណើត ដែល​ស្ថិតក្នុង​បរិវេណ​នៃ​តំបន់​អភិវឌ្ឍន៍​ភូមិ​អន្លង់ជ្រៃ។

Facebook Post | Archived Link

​ប៉ុស្តិ៍​​មួយ​ដែល​បង្ហោះ​នៅ​​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២១ បង្ហាញ​លោក ហេង សំរិន ស្ថិត​ក្នុង​សម្លៀក​បំពាក់​សាមញ្ញ បាន​ចុះ​ទៅ​​វិទ្យាល័យ​​សម្ដេច ហេង សំរិន អន្លង់ជ្រៃ ហើយលោក​ថែម​ទាំង​សម្រេច​ផ្ដល់​អគារ​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ទៅ​ដល់​សាលារៀន​មួយ​នេះ​ទៀត​ផង។

Facebook Post | Archived Link

ជាង ១​ខែ​ក្រោយ​មក លោក ហេង សំរិន បាន​ទៅ​សម្ពោធ​អគារ​សិក្សា​នោះ​ដែល​ត្រូវ​បាន​សាង​សង់​រួច​ហើយ​​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​សម្ដេច ហេង សំរិន អន្លង់ជ្រៃ ស្ថិត​នៅ​ឯ​ភូមិ​កំណើត​របស់​លោក។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ តំបន់​អភិវឌ្ឍន៍​ភូមិ​អន្លង់ជ្រៃ មិន​ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ខាង​ប្រទេស​វៀតណាម​ទេ។ ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា គឺ​នៅ​តែ​ជា​ទឹក​ដី​កម្ពុជា​ដដែល។

Avatar

Title:ភូមិ​កំណើត​​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​តែ​ជា​ទឹក​ដី​កម្ពុជា​ដដែល

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *