
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីចុងសប្ដាហ៍មុន ដែលនាំឱ្យមានការរិះគន់ព្រោងព្រាតទៅលើដំណើរទស្សនកិច្ចនេះ។ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញលោក ហ៊ុន សែន និងមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មិន អ៊ុងហ្លាំង បានផ្លាស់ប្ដូររូបថតជាមួយគ្នាទៅវិញទៅមក។ រូបថតដែលមេដឹកនាំប្រទេសទាំងពីរប្រគល់ឱ្យគ្នាទៅវិញទៅមក បង្ហាញលោក ហ៊ុន សែន និងលោក មិន អ៊ុងហ្លាំង ស្ថិតក្នុងឯកសណ្ឋានយោធា។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរចែករំលែកតគ្នាជាច្រើនដង រួមជាមួយការបញ្ចេញមតិផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ដោយ Fact Crescendo Cambodia បានរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃម្សិលមិញនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅក្នុងចំណោមរូបថតដទៃទៀត ដែលបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបរួមគ្នាជាមួយមេដឹកនាំយោធាភូមា លោក មិន អ៊ុងហ្លាំង។
មេដឹកនាំទាំងពីរបានប្រគល់ និងទទួលរូបថតមួយផ្ទាំង ដែលបង្ហាញលោក ហ៊ុន សែន ស្ថិតក្នុងសម្លៀកបំពាក់យោធា ហើយលោក មិន អ៊ុងហ្លាំង ក៏ស្ថិតក្នុងឯកសណ្ឋានយោធាផងដែរ។
រូបថតមួយសន្លឹកនេះដែលបង្ហោះរួមជាមួយរូបថតដទៃទៀត ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។
ខាងក្រោមនេះ គឺជារូបភាបផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលសរសេររៀបរាប់ថា «ក្រោយជំនួបនៅភូមា ហ៊ុន សែន និង មិន អ៊ុងហ្លាំង ក្លាយជាបងប្អូនបង្កើតរួមសុខ រួមទុក្ខ រួមសាច់រួមឈាម…[…]»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់តៅលើរូបថតនេះតាមរយៈការត្រួតពិនិត្យទៅលើរូបថតដែលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីសប្ដាហ៍មុន។
រូបថតច្បាប់ដើម បង្ហាញលោក ហ៊ុន សែន និងលោក មិន អ៊ុងហ្លាំង ប្រគល់ និងទទួលរូបថតមួយផ្ទាំង ដែលរូបថតនោះនោះ បង្ហាញលោក ហ៊ុន សែន ឈរជាមួយលោក មិន អ៊ុងហ្លាំង។
រូបថតមួយផ្ទាំងនោះ ត្រូវបានប្រគល់ និងទទួលអំឡុងពេលមេដឹកនាំប្រទេសទាំងពីរទទួលទានអាហាររួមគ្នា ដែលរៀបចំឡើងដោយភាគីម្ចាស់ផ្ទះកាលពីរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅឯរដ្ឋធានីណៃពិដោរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមករា ជាអ្វីដែលមេដឹកនាំកម្ពុជាហៅថា ដើម្បីស្វែងរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ា។

Hun Sen’s Facebook Page | Archived Link

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតច្បាប់ដើម បង្ហាញលោក ហ៊ុន សែន និងលោក មិន អ៊ុងហ្លាំង ប្រគល់ និងទទួលផ្ទាំងរូបថតមួយសន្លឹកដែលរូបថតរបស់ពួកគាត់ទាំងពីរនាក់។

Title:តើរូបថតអ្វីដែលលោក ហ៊ុន សែន និងលោក មិន អ៊ុងហ្លាំង ប្រគល់ឱ្យគ្នាទៅវិញទៅមក?
Fact Check By: Jay UdomResult: Altered
