រូបថតព្រះសង្ឃមួយអង្គបំពាក់ជាមួយឧបករណ៍ស្រូបសំឡេងច្រើន ជារូបភាពកាត់ត
ព្រះសង្ឃមួយអង្គដែលគង់នៅក្នុងអាស្រមមួយនៅឯខេត្តកំពង់ឆ្នាំង ត្រូវបានគេបង្ហោះ និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកដែលព្រះសង្ឃអង្គនោះ គ្រងស្បង់និងបំពាក់ឧបករណ៍ស្រូបសំឡេងជាច្រើននៅលើស្បង់ផងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមក្នុងន័យថា ព្រះអង្គរងនូវការរំខានពីសំណាក់អ្នកផលិតមាតាព័ត៌មាន ឬមាតិកាបណ្ដាញសង្គម។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតនោះ គឺជារូបភាពកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយមានឈ្មោះថា «Chim Sophat = ជីម សុផាត» បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញព្រះសង្ឃមួយអង្គបំពាក់ជាមួយនឹងឧបករណ៍ស្រូបសំឡេងជាច្រើនគ្រឿងនៅលើស្បង់របស់ព្រះអង្គផ្ទាល់។
រូបថតដដែលនេះ ត្រូវបានភ្ជាប់ជាមួយនឹងការសរសេររៀបរាប់ថា «បុគ្គលខ្លះព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន រំខានព្រះគុណម្ចាស់ទាំងយប់ទាំងថ្ងៃ»។
រូបថតភ្ជាប់ជាមួយនឹងសំណេរខាងលើ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានបង្ហាញទិដ្ឋភាពព្រះអង្គត្រូវបានបំពាក់នូវឧបករណ៍ស្រូបសំឡេងជាច្រើន។
រូបថតដូចគ្នាបែបនេះ ក៏ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកដទៃទៀតផងដែរ ដែលបានបង្ហោះកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញនៅក្នុងវីដេអូឃ្លីបមួយ ដែលបានបង្ហោះនៅលើគេហទំព័រវីដេអូ YouTube កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
យើងសង្កេតឃើញថា នៅក្នុងវីដេអូសម្ភាសប្រមាណជាង ៦នាទីនោះ ពុំមានចំណុចមួយណាបានបង្ហាញទិដ្ឋភាពរបស់ព្រះអង្គ បានបំពាក់ជាមួយឧបករណ៍ស្រូបសំឡេងជាច្រើននោះឡើយ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុងនៃការធ្វើបទសម្ភាសជាមួយព្រះអង្គ វន វាសី ចន្ទមុនី។
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតផ្តាមច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ដូចគ្នានេះ យើងក៏រកឃើញវីដេអូឃ្លីបមួយផ្សេងទៀត ដែលធ្វើការសម្ភាសដោយក្រុមការងារ Rumduol TV ផងដែរ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដោយពុំមានការបំពាក់ ឧបករណ៍ស្រូបសំឡេងជាច្រើននៅលើស្បង់របស់ព្រះអង្គនោះទេ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើនេះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ គឺត្រូវបានផ្ដាមចេញពីវីដេអូឃ្លីបសម្ភាសរបស់ព្រះអង្គ វន វាសី ចន្ទមុនី ដោយពុំបានបង្ហាញទិដ្ឋភាពព្រះអង្គ បានបំពាក់ជាមួយឧបករណ៍ស្រូបសំឡេងជាច្រើននោះឡើយ។
Title:រូបថតព្រះសង្ឃមួយអង្គបំពាក់ជាមួយឧបករណ៍ស្រូបសំឡេងច្រើន ជារូបភាពកាត់ត
Written By: Kakada SimResult: Altered