
អ្នកជជែកវែកញែកនយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ តែងតែនិយាយរិះគន់របៀបដឹកនាំប្រទេសរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់អង្គុយនឹងកៅអី ដៃទាំងពីរដាក់ទៅក្រោយ ក្បាលត្រងោល និងមានមុខមាតដូចលោក សុខ សុគន្ធ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីចុងសប្ដាហ៍មុន។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកបន្តជាច្រើនដង ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ហាក់ជឿថា រូបថតនេះ គឺជារូបលោក សុខ សុគន្ធ ពិតប្រាកដ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង បានរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានគេកាត់។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ដែលមានសាក់រូបមួយចំនួននៅលើដងខ្លួន និងមានមុខមាត់ដូចអ្នកអត្ថាធិប្បាយនយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន ដោយមានសំណេរលើរូបថតនោះថា «បទល្មើសលួចប្រពន្ធចៅហ្វាយ»។
រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបថតដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិទៅលើរូបថតមួយសន្លឹកនេះ ដែលបង្ហាញការជឿជាក់ថា រូបថតនេះគឺជាលោក សុខ សុគន្ធ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់អង្គុយលើកៅអី ដាក់ដៃទាំងពីរទៅក្រោយ មានសាក់លើដងខ្លួន និងក្បាលត្រងោលនោះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងសារព័ត៌មានខ្មែរ ថាមស៍ កាលពីថ្ងៃទី១៨ ខែឧសភាកន្លងមកនេះ។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានមួយនេះ យើងបានដឹងថា បុរសដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនមែនជាលោក សុខ សុគន្ធ ហៅ ជែម សុខ នោះឡើយ ប៉ុន្តែ បុរសរូបនេះ គឺជាចោរលួចម៉ូតូ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន។

រូបថតចោរប្លន់ម្នាក់នេះ ក៏ត្រូវបានផ្សព្វផ្សាយនៅលើទំព័ហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរកាលពីថ្ងៃទី១៧ ខែឧសភាកន្លងមកនេះ។

ដូច្នេះ វាច្បាស់ណាស់ថា រូបថតមួយសន្លឹកខាងលើ មិនមែនជារូបថតអ្នកអត្ថាធិប្បាយនយោបាយលោក សុខ សុគន្ធ ហៅ ជែម សុខ ដែលជាពលរដ្ឋអាមេរិកដើមកំណើតខ្មែរនោះឡើយ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធឺណិត។
លោក សុខ សុគន្ធ គឺជាអ្នកជជែកវែកញែកអំពីនយោបាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ពលរដ្ឋអាមេរិកដើមកំណើតខ្មែររូបនេះ តែងតែរិះគន់របៀបដឹកនាំប្រទេសរបស់រដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ដែលការរិះគន់របស់លោកបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹងសម្បារផងដែរនៅដើមឆ្នាំនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រូបថតច្បាប់ដើម ត្រូវបានគេឃើញថា មិនមែនជាអ្នកជជែកវែកញែកនយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ នោះឡើយ។ ផ្ទុយទៅវិញ រូបថតច្បាប់ដើម គឺជាបុរសម្នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធនឹងករណីប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញ។

Title:រូបថតចោរប្លន់ម្នាក់ត្រូវបានកាត់តជាមួយមុខអ្នករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
Fact Check By: Jay UdomResult: Altered
