រូបថត​ចោរ​ប្លន់​ម្នាក់​ត្រូវ​បាន​កាត់​ត​ជាមួយ​មុខ​អ្នក​រិះ​គន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

Altered Political

អ្នក​ជជែក​វែក​ញែក​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ តែង​តែ​និយាយ​រិះ​គន់​របៀប​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​អង្គុយ​នឹង​កៅអី ដៃ​ទាំង​ពីរ​ដាក់​ទៅ​ក្រោយ ក្បាល​ត្រងោល និង​មាន​មុខ​មាត​ដូច​លោក សុខ សុគន្ធ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​មុន។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ហាក់​ជឿ​ថា រូបថត​នេះ គឺ​ជា​រូប​លោក សុខ សុគន្ធ ពិត​ប្រាកដ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​កាត់។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​​ដែល​មាន​សាក់​រូប​មួយ​ចំនួន​នៅ​លើ​ដង​ខ្លួន និង​មាន​មុខ​មាត់​ដូច​អ្នក​អត្ថាធិប្បាយ​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​សំណេរ​លើ​រូបថត​នោះ​ថា «បទ​ល្មើស​លួច​ប្រពន្ធ​ចៅហ្វាយ»។

រូបថត​មួយ​សន្លឹក​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២។

Facebook Post | Archived Link

​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញមតិ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ ដែល​បង្ហាញ​ការ​ជឿ​ជាក់​ថា រូបថត​នេះ​គឺ​ជា​លោក សុខ សុគន្ធ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​អង្គុយ​លើ​កៅអី ដាក់​ដៃ​ទាំង​ពីរ​ទៅ​ក្រោយ មាន​សាក់​លើ​ដង​ខ្លួន និង​ក្បាល​ត្រងោល​​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ខ្មែរ ថាមស៍ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា​កន្លង​មក​នេះ។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​មួយ​នេះ យើង​បាន​ដឹង​ថា បុរស​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិនមែន​ជា​លោក សុខ សុគន្ធ ហៅ ជែម សុខ នោះ​ឡើយ ប៉ុន្តែ បុរស​រូប​នេះ គឺ​ជា​ចោរ​លួច​ម៉ូតូ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន។

Khmer Times | Archived Link

រូបថត​ចោរ​ប្លន់​ម្នាក់​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័ហ្វេសប៊ុក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​កន្លង​មក​នេះ។

Facebook Post | Archived Link

ដូច្នេះ វា​ច្បាស់​ណាស់​ថា រូបថត​មួយ​សន្លឹក​ខាង​លើ មិន​មែន​ជា​រូបថត​អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក សុខ សុគន្ធ ហៅ ជែម សុខ ដែល​ជា​ពលរដ្ឋ​អាមេរិកដើម​កំណើត​ខ្មែរ​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក សុខ សុគន្ធ គឺ​ជា​អ្នក​ជជែក​វែក​ញែក​អំពី​នយោបាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​រូប​នេះ តែង​តែ​រិះ​គន់​របៀប​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ដែល​ការ​រិះគន់​របស់​លោក​បាន​ធ្វើ​ឱ្យ​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ខឹង​សម្បារ​ផង​ដែរ​នៅ​ដើម​ឆ្នាំ​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ ត្រូវ​បាន​កាត់​ត មុននឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបថត​ច្បាប់​ដើម ត្រូវ​បាន​គេ​ឃើញ​ថា មិន​មែន​ជា​អ្នក​ជជែក​វែក​ញែក​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ នោះ​ឡើយ។ ផ្ទុយទៅ​វិញ រូបថត​ច្បាប់​ដើម គឺ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ពាក់​ព័ន្ធ​នឹង​ករណី​ប្លន់​យ៉ាង​សកម្ម​នៅ​រាជ​ធានី​ភ្នំពេញ។

Avatar

Title:រូបថត​ចោរ​ប្លន់​ម្នាក់​ត្រូវ​បាន​កាត់​ត​ជាមួយ​មុខ​អ្នក​រិះ​គន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.