តើ​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​វៀតណាម​ដូច​ការ​អះ​អាង​​មែន​ដែរ​ឬ​ទេ​? 

Misleading Political

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ាណែត​ តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ជាមួយ​នឹង​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​ «កូន​យួន​»​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ ម៉ាណែត​ មេ​បញ្ជាការ​កង​ទ័ព​​ជើង​គោក​កម្ពុជា​ និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ពាក់​មួក​ទាហាន​វៀត​ណាម​ ចូល​ទៅ​ក្នុង​ក្រុម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​មួយ​។​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​អះ​អាង​ថា​ លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​យួន​ (វៀតណាម​)។​ រូប​ថត​ជា​មួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​រួម​ជា​មួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «#នេះ​ជាគ្រោះ​ថ្នាក់បំផុត​សម្រាប់​ជាតិ​ខ្មែ​រដែល​កូន​យួន​កំពុង​តែ​ពង្រាយ​ខ្លួ​នកាន់​តែ​ច្រើន​ឡើង​ៗពេញ​ស្រុក​ហើយ​# អា​កូន​យួន​ ឡេ​ ដឹក​ ណែត​ កំពុង​ក្លា​យជា​គូ​ប្រជែង​យ៉ាង​ចម្រូង​ចម្រាស់​ ជាមួយ​ ស ខេង​ ទា​ បាញ់​ សាយ​ ឈុំ​  ប៉ុល​ សារឿន និង​មន្ត្រី​ជាន់​ខ្ព​ស់ចាស់​ៗCPP ជា​ច្រើន​រូប​ទៀត​»​។​

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search និង​ការ​បក​ស្រាយ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ នា​ពេល​កន្លង​មក​ នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​មាន​ទម្រង់​ និង​សណ្ឋាន​ដូចគ្នា​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​កង​យោធពល​ខេមរៈ​ភូមិន្ទ​ ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១១​កន្លង​ទៅ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ពុំ​បាន​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ បាន​ពាក់​មួក​ទាហាន​វៀត​ណាម​នោះ​ឡើយ​។​

Facebook Post | Archived Link

Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ​ធ្លាប់​បាន​ច្រាន​ចោល​ជា​រឿយ​ៗ​នូវ​ការ​អះ​អាង​ទាំង​ឡាយ​ណា​ ដែល​បាន​ចោទ​ថា​ កូន​ប្រុស​ច្បង​របស់​លោក​ គឺ​ជា​កូន​វៀត​ណាម​។​ ការ​ច្រាន​ចោល​នូវ​ការ​អះ​អាង​ខាង​លើ​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​​សារព័ត៌​មាន​នានា​ដូច​ជា​ The Cambodia Daily កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៦​, សារ​ព័ត៌មាន​ VOA និង​សារព័ត៌មាន​ VOD កន្លង​ទៅ​ផង​ដែរ​។​

The Cambodia Daily Link | Archived Link

ដូច​គ្នា​នេះ សំណុំ​រឿង​នៃ​ការ​អះអាង​ថា​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​អតីត​មេដឹកនាំ​​វៀត​ណាម​ ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់​ ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​ កូន​ប្រុស​ច្បង​របស់​លោក​ គឺ​ជា​កូន​រវាង​អ្នក​ស្រី​ ប៊ុន​ រ៉ានី​ និង​លោក​ ឡេ​ ឌឹក​ថូ​ ផង​ដែរ​។​

RFA Link | Archived Link

ដោយ​ឡែក​​ ម្តាយ​របស់​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​អ្នក​ស្រី​ ប៊ុន​ រ៉ានី​ ក៏​ធ្លាប់​ត្រូវ​បាន​គេ​វាយ​ប្រហារ​ និង​ភ្ជាប់​ថា​ជា​ភរិយារបស់​អតីត​មេដឹក​នាំ​វៀត​ណាម​លោក​ ឡេ​ ឌឹក​ថូ​ ជា​រឿយ​ៗ​ផង​ដែរ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ស្ថាប័ន​ត្រួត​ពិនិត្យ​ការពិត​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ទាំង​ឡាយ​នោះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​អាន​អត្ថបទ «រូបថត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​កាត់​ត​ភ្ជាប់​នឹង​អតីត​មេដឹកនាំ​វៀតណាម» និង​អត្ថបទ​ «តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?»​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​នឹង​ការ​អះ​អាង​ដូច​ដែល​រៀប​រាប់​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ បាន​ពាក់​មួក​ទាហាន​វៀត​ណាម​ក្នុង​អំឡុង​ពេល​លោក​កំពុង​សិក្សា​​នោះ​ទេ។​ ​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ជាមួយ​នឹង​អ្នក​ស្រី​ ប៊ុន​ រ៉ានី​។​

Avatar

Title:តើ​លោក​ ហ៊ុន​ ម៉ាណែត​ គឺ​ជា​កូន​វៀតណាម​ដូច​ការ​អះ​អាង​​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.