
បន្ទាប់ពីស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានប្រកាសថា អ្នកគ្រប់គ្នាអាចបើកសញ្ញា Blue Tick ដោយចំណាយប្រាក់មិនដល់ ១៥ដុល្លារកាលពីពេលថ្មីៗនោះ នៅឯកម្ពុជាឯនេះវិញ ការអះអាងមួយ បានលើកឡើងថា ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ នឹងតម្រូវឱ្យបង់លុយជិត ១២ដុល្លារក្នុងមួយខែ សម្រាប់បង្កើតគណនីហ្វេសប៊ុកមួយនាពេលអនាគត។ ការបង្ហោះសំណេរនេះ បានទទួលនូវការចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា សំណេរដែលអះអាងខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះសំណេរមួយ ដែលអះអាងថា នាពេលអនាគត ដើម្បីបង្កើតគណនីហ្វេសប៊ុក អ្នកប្រើប្រាស់ត្រូវបង់ប្រាក់ប្រមាណ ១១.៩៩ដុល្លារក្នុងមួយខែ។
ការលើកឡើងខាងលើនេះ ត្រូវបានបង្ហោះឡើង ក្រោយពីមានការបង្ហោះមួយនៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg កាលពីថ្ងៃអាទិត្យកន្លងទៅ។
ការអះអាងនេះ ទទួលបានការចែករំលែកជាច្រើនដង និងទទួលបានមតិយោបល់ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនដង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ដែលបានបង្ហោះសំណេររៀបរាប់ថា «អនាគតឆាប់ខាងមុខនេះចង់បង្កើតគណនីហ្វេសប៊ុកត្រូវបង់លុយ១១,៩៩ដុល្លារក្នុង១ខែសម្រាប់គណនី១»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះ តាមរយៈការផ្ទៀងផ្ទាត់ជាមួយនឹងការប្រកាសព័ត៌មានរបស់លោក Mark Zuckerberg ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ស្ថាប័នបណ្ដាញសង្គម Facebook លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន META (ជាក្រុមហ៊ុនមេរបស់ Facebook) បានបង្ហោះព័ត៌មានកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលនិយាយអំពីការវិវត្តន៍ថ្មីបន្ថែមទៀតរបស់បណ្ដាញសង្គមហ្វេសប៊ុក។
បើតាមខ្លឹមសារដែលលោកបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ស្ថាបនិកបណ្ដាញសង្គមរូបនេះ បានឱ្យដឹងថា ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការនូវការទិញសញ្ញាគូសពណ៌ខៀវ (Blue Tick) ឬហៅថា សញ្ញាផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (Meta Verified) សម្រាប់គណនីហ្វេសប៊ុក។
លោក Zuckerberg បានបញ្ចាក់ទៀតថា កម្មវិធីថ្មីនេះនឹងដាក់ឱ្យដំណើរការនៅក្នុងប្រទេសអូស្ត្រាលី និងណូវែលហ្សឺឡង់ ដោយការទិញសេវាកម្មនេះមានតម្លៃ ១១.៩៩ដុល្លារសម្រាប់គេហទំព័រមួយ និងតម្លៃ ១៤.៩៩ដុល្លារសម្រាប់ប្រព័ន្ធ iOS។
បើតាមស្ថាបនិកបណ្ដាញសង្គមហ្វេសប៊ុក សេវាកម្មទិញសញ្ញាបញ្ជាក់ភាពត្រឹមត្រូវផ្លូវការនេះ គឺសម្រាប់តែអ្នកស្នើសុំបញ្ជាក់ភាពត្រឹមត្រូវនូវអត្តសញ្ញាណគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុករបស់ខ្លួនតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោក Zuckerberg មិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងយកកម្រៃសេវាពីការបង្កើតគណនីហ្វេសប៊ុកមួយរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសំណេរជាភាសាអង់គ្លេសរបស់លោក Mark Zuckerberg ដែលអាចប្រែសម្រួលជាភាសាខ្មែរដូចនេះ «អរុណសួស្ដី និងសេចក្តីប្រកាសផលិតផលសេវាកម្មថ្មី៖ នៅសប្តាហ៍នេះ យើងនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ Meta Verified ជាសេវាកម្មដែលអនុញ្ញាតឱ្យលោកអ្នកបញ្ជាក់ភាពត្រឹមត្រូវនៃគណនីហ្វេសប៊ុករបស់អ្នកដោយដាក់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន ដើម្បីទទួលបានសញ្ញាគូសពណ៌ខៀវ និងទទួលបានការការពារបន្ថែមប្រឆាំងនឹងការអះអាងណាមួយទៅលើគណនីហ្វេសប៊ុករបស់អ្នក ហើយក៏បើកផ្លូវឱ្យអ្នកទទួលបានការគាំទ្រពីអតិថិជនផងដែរ។ មុខងារថ្មីនេះ មានតម្លៃចាប់ពី ១១.៩៩ដុល្លារក្នុងមួយខែសម្រាប់គេហទំព័រ និងតម្លៃ ១៤.៩៩ដុល្លារ សម្រាប់ប្រព័ន្ធ iOS។ យើងនឹងដាក់ឱ្យដំណើរការនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងសប្តាហ៍នេះ និងប្រទេសជាច្រើនទៀតក្នុងពេលឆាប់ៗ»។

ការបើកឱ្យមានការស្នើសុំសញ្ញាគ្រីសខៀវ (Meta Verified) នៅលើគណនីរបស់អ្នកប្រើប្រាស់នេះ ក៏ត្រូវបានចុះបង្ហោះនៅលើគេហទំព័រ CNBC ផងដែរ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា។
ការបើកដំណើរការសេវាកម្ម ឬមុខងារថ្មីរបស់ក្រុមហ៊ុន META នេះ ក៏ត្រូវបានចុះផ្សាយពីសំណាក់បណ្ដាញសារព័ត៌មាននានាផងដែរ។
ខាងក្រោមនេះ គឺជាការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNBC ដែលពុំបានបញ្ជាក់សោះឡើយថា ការបង្កើតគណនីហ្វេសប៊ុក នឹងត្រូវចំណាយលុយនោះ។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ស្ថាបនិកបណ្ដាញសង្គមហ្វេសប៊ុក នឹងដាក់ឱ្យដំណើរការមុខងារទិញសញ្ញាគូសពណ៌ខៀវ (Meta Verified) ដែលបញ្ជាក់អត្តសញ្ញាណផ្លូវការរបស់គណនី ឬទំព័រហ្វេសប៊ុករបស់អ្នកប្រើប្រាស់ ចាប់ពីពេលនេះតទៅ នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដោយមានតម្លៃចាប់ពី ១១.៩៩ដុល្លារក្នុងមួយខែសម្រាប់គេហទំព័រ និងតម្លៃ ១៤.៩៩ដុល្លារ សម្រាប់ប្រព័ន្ធ iOS។ គ្មានការប្រកាសជាផ្លូវការណាមួយបញ្ជាក់ថា ការបង្កើតគណនីហ្វេសប៊ុកមួយ នឹងត្រូវចំណាយលុយនោះឡើយនាពេលអនាគតនោះ។

Title:ហ្វេសប៊ុកនៅតែបន្តអនុញ្ញាតឱ្យបង្កើតគណនីឥតគិតថ្លៃដដែល ខណៈមានការកែប្រែខ្លះសម្រាប់ប្រទេសពីរ
Fact Check By: Kakada SimResult: False
