តារា​ភាពយន្ត​ឥណ្ឌា​​សម្ដែង​ជា​​តួ​អង្គ​ព្រះ​ពុទ្ធ​ សាង​ផ្នួស​ ១៥​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ថៃ

International Missing Context

តារា​សម្ដែង​ភាពយន្ត​ឥណ្ឌា​ដ៏​ល្បី​ល្បាញ លោក Gagan Malik បាន​សម្រេច​សាង​ផ្នួស​ជា​សង្ឃ​មួយ​អង្គ​នៅវត្ត​ថាតថង ស្ថិត​ក្នុង​រាជ​ធានី​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។ ដំណឹង​នៃ​ការ​សាង​ផ្នួស​របស់​តារា​ភាពយន្ត​ដែល​បាន​សម្ដែង​ជា​តួអង្គ​ព្រះ​ពុទ្ធ​ក្នុង​ភាពយន្ត​ពុទ្ធ​ប្រវត្តិ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​អ្នក​ទាំង​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ដំណឹង​នៃ​ការ​សាង​ផ្នួស​របស់​តារា​សម្ដែង​ភាពយន្ត​រូប​នេះ មិន​ទាន់​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Sovann Sculpture ​បាន​បង្ហោះ​រូបថត​តារា​សម្ដែង​ភាពយន្ត​​ឥណ្ឌា លោក Gagan Malik ដែល​បាន​សម្ដែង​ជា​តួ​អង្គ​ព្រះ​ពុទ្ធ​នៅ​ក្នុង​ភាពយន្ត​រឿង «ព្រះស្រី​តថា​គត» ឬ «Sri Siddhartha Gauthama» ជា​ខ្សែ​ភាពយន្ត​បរិយាយ​ពី​ពុទ្ធ​ប្រវត្តិ។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ដដែល​នេះ បាន​អះ​អាង​ថា តារា​សម្ដែង​ឥណ្ឌា​រូប​នេះ បាន​សាង​ផ្នួស​ជា​សង្ឃ​ហើយ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសាខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក Sovann Scuplture ដែល​សរសេរ​រៀបរាប់​ថា «តួ​អង្គ​ព្រះ​សម្មា​សម្ពុទ្ធ គាត់​បាន​បួស​ហើយ គួរ​ជា​ទី​ស្រឡាញ់ ជា​ទីជ្រះ​ថ្លា អនុមោទនា»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ស្វែង​រក​ព័ត៌មាន​ដែល​រៀប​រាប់​ពី​ការ​សាង​ផ្នួស​របស់​តារា​សម្ដែង​ឥណ្ឌា​រូប​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ព័ត៌មាន​លម្អិត​នៃ​ការ​សាង​ផ្នួស​របស់​តារា​​ភាពយន្ត​ឥណ្ឌា​រូប​នេះ។

ដំណឹង​នៃ​ការ​សាង​ផ្នួស​របស់​តារា​ភាពយន្ត​ឥណ្ឌា​រូប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​​​ថ្ងៃ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដោយ​សារព័ត៌មាន​បាងកក ប៉ុស្តិ៍​។

សារព័ត៌មាន​ថៃ​មួយ​នេះ ​រាយការណ៍​ថា លោក Gagan Malik សាង​ផ្នួស​ជា​សង្ឃ​​នៅ​វត្ត​ថាតថង នៅ​ទីក្រុង​បាងកក នៅ​ម៉ោង ១០​ព្រឹក​ ដើម្បី​សិក្សា​ឈ្វេង​យល់​ពី​​ពុទ្ធ​ឱវាទ​សម្ដែង​អំពី​ការ​ត្រាស់​ដឹង និង​ចិត្ត​ស្ងប់។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ តារា​សម្ដែង​បូលីវូដ​​រូប​នេះ សាង​ផ្នួស​ជា​ព្រះ​សង្ឃ​​រយៈ​ពេល​ត្រឹម​តែ ១៥​ថ្ងៃ​ប៉ុណ្ណោះ​ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ភិក្ខុ​សង្ឃ Gagan Malik មាន​បំណង​នាំ​យក​ធម៌ ឬ​ពុទ្ធ​ឱវាទ​ទៅ​ផ្សព្វ​ផ្សាយ​ឡើង​វិញ​នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ទឹក​ដី​កំណើត​របស់​ព្រះ​ពុទ្ធ។

Bangkok Post’s Report | Archived Link

ដំណឹង​នៃ​ការ​សាង​ផ្នួស​របស់​តារា​សម្ដែង​ឥណ្ឌា​រូប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ដោយ​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន​ មិន​បាន​ផ្ដល់​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ឡើយ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា តារា​សម្ដែង​រូប​នេះ​សាង​ផ្នួស។

ក្រុម​ការងារ​នៃ​ស្ថាប័ន​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ Fact Crescendo នៅ​ក្នុង​ប្រទេស​ស្រីលង្កា ក៏​បាន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ តាម​រយ​ៈ​ពិនិត្យ​មើល​ទៅ​ការ​រៀប​រាប់​នៅ​លើ​ហ្វេសប៊ុក​របស់​សាមី​ខ្លួន​ដោយ​ផ្ទាល់។

Facebook Post | Archived Link

លោក Gagan Malik មាន​ឈ្មោះ​ល្បី​ល្បាញ​ បន្ទាប់​ពី​បាន​សម្ដែង​ជា​តួ​អង្គ​​ព្រះ​រាម​នៅ​ក្នុង​ខ្សែ​ភាពយន្ត​រាមកេរ្តិ៍ ឬ «Ramayana» ដែល​ខ្សែ​ភាពយន្ត​នេះ​ទទួល​បាន​ពាន​រង្វាន់​ជាច្រើន​នៅ​ឯ​​វេទិកា​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ដេលី។

លោក Malik ក៏​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ផង​ដែរ បន្ទាប់​ពី​សម្ដែង​ជា​តួ​អង្គ​ព្រះ​ពុទ្ធ​នៅ​ក្នុង​ភាពយន្ត​«ស្រី​សត្ថាគត» ឬ «Sri Siddhartha Gautama» ដែល​ជួយ​ឱ្យ​លោក​ដណ្ដើម​បាន​ពាន​រង្វាន់​ជា​តារាង​សម្ដែង​ល្អ​ជាង​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​ភាព​យន្ត​ពុទ្ធសាសនា​អន្តរជាតិ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​២០១៤។

នៅក្នុង​ឆ្នាំ​២០១៤​នោះ​ដែរ តារាង​សម្ដែង​ឥណ្ឌា​រូប​នេះ បាន​ប្រែ​ក្លាយ​មក​ជា​ពុទ្ធសាសនិក​នៅ​ក្នុង​ប្រទេស​ស្រីលង្កា។

ប្រទេស​ស្រី​លង្កា ក៏​គោរព​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​តារា​សម្ដែង​បូលីវូដ​រូប​នេះ មិន​សាង​ផ្នួស​នៅ​ទីនោះ។

នៅ​ក្នុង​អត្ថបទ​ផ្ទៀង​ផ្ទាត់​របស់​ខ្លួន ក្រុម​ការងារ Fact Crescendo នៅ​ក្នុង​ប្រទេស​ស្រីលង្កា បាន​​បញ្ជាក់ថា ពុទ្ធសាសនា​នៅ​ប្រទេស​មួយ​នេះ មិន​ទទួល​​សាង​ផ្នួស​រយៈ​ពេល​ខ្លី​ឡើយ។

ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា និង​ថៃ អនុញ្ញាត​ឱ្យ​បុរស​សាង​ផ្នួស​រយៈ​ពេល​ខ្លី ដើម្បី​តប​ស្នង​សង​គុណ​គ្រួសារ និង​បុព្វ​បុរស ឬ​ក៏​មនុស្ស​ប្រុស​ធំ​ពេញ​វ័យ។

គេ​អាច​អាន​ខ្លឹមសារ​លម្អិត​នៃ​អត្ថបទ​ត្រួត​ពិនិត្យ​ការពិត​របស់ Fact Crescendo នៅ​ប្រទេស​ស្រីលង្កា នៅ​ក្នុង​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ទាន់​ត្រឹម​ត្រូវ​នោះ​ឡើយ។ តារា​ភាពយន្ត​ឥណ្ឌា លោក Gagan Malik ដែល​បាន​​សម្ដែង​ជា​តួ​អង្គ​ព្រះ​ពុទ្ធ​ក្នុង​ភាពយន្ត​ «ស្រី​សត្ថាគត» ឬ «Sri Siddhartha Gautama» បាន​សាង​ផ្នួស​ជា​ព្រះ​សង្ឃ​នៅ​ក្នុង​ប្រទេស​ថៃ​ត្រឹម​តែ ១៥​ថ្ងៃ​ប៉ុណ្ណោះ មិន​មែន​ជា​បួស​រហូត​នោះ​ឡើយ។

Avatar

Title:តារា​ភាពយន្ត​ឥណ្ឌា​​សម្ដែង​ជា​​តួ​អង្គ​ព្រះ​ពុទ្ធ​ សាង​ផ្នួស​ ១៥​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ថៃ

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published.