ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា អតីត​ព្រះ​មហាក្សត្រ​កម្ពុជា​គ្រង​ឈុត​ប្រពៃណី​វៀតណាម

Misleading Political

បើទោះបីជា​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​ករុណា នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ​ក្ដី ទ្រង់​នៅ​តែ​រង​ការ​រិះគន់ និង​ការ​អះ​អាង​ផ្សេងៗ។ កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ព្រះ​មហាក្សត្រ និង​ព្រះ​មហេសី​ទ្រង់​គ្រង​ឈុត​ប្រពៃណី​បរទេស​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ទ្រង់​ទាំង​ពីរ​ព្រះ​អង្គ​គ្រង​ឈុត​ប្រពៃណី​វៀតណាម​នៅ​ថ្ងៃ​រៀប​មង្គលការ។ ការ​អះ​អាង​លើ​រូបថត​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​មហេសី​របស់​ទ្រង់ ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​បរទេស​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ព្រះ​អង្គ​ទាំង​ពីរ​ស្លៀក​ពាក់​ឈុត​រៀបការ​តាម​ប្រពៃណី​វៀតណាម។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជាច្រើន​ដង ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺរូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​ដែល​មាន​សរសេរ​រៀបរាប់​ថា «កម្រង​រូបថត​អនុស្សាវរីយ៍​ដ៏​កម្រ​បាន​ឃើញ និង​ជួប​ប្រទះ​របស់​សម្ដេច​តា​សម្ដេច​យាយ​បាន​រៀបការ​តាម​របៀប​ប្រពៃណី​ជន​ជាតិ​ក្រុង​ហាណូយ»។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នា​២០១៧​មក។ សូម​មើល​រូបថត​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​មហេសី​របស់​ទ្រង់​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​បរទេស​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​វេបសាយ​មួយ​ឈ្មោះ​ថា Free We Chat កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​មក។

​ខ្លឹមសារ​ចុះ​ផ្សាយ​ដោយ​វេបសាយ​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​រូបថត​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​មហេសី​របស់​ទ្រង់ ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​ប្រពៃណី​ម៉ុងហ្គោល។

វេបសាយ​ដដែល​នេះ បញ្ជាក់​ថា អតីត​ព្រះ​មហាក្សត្រ​កម្ពុជា​អង្គ​នេះ និង​ព្រះ​មហេសី​របស់​ទ្រង់ ស្ថិត​នៅ​ក្នុង​ចំណោម​មេដឹកនាំ​បណ្ដា​ប្រទេស​ដទៃ​ទៀត ដែល​ធ្លាប់​​គ្រង​សម្លៀក​បំពាក់​បែប​ប្រពៃណី​ជន​ជាតិ​ម៉ុងហ្គោល។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វេបសាយ​​ខាង​លើជាមួយ​សំណេរ​រៀបរាប់​ក្រោម​រូបថត​ជា​ភាសា​អង់គ្លេស​ ដែល​អាច​ប្រែ​សម្រួល​បាន​ថា «ព្រះ​អង្គ​ម្ចាស់ នរោត្ដម សីហនុ និង​ព្រះ​មហាក្សត្រីយ៍ នរោត្ដម មុនីនាថ សីហនុ ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​ម៉ុងហ្គោល»។

Free We Chat | Archived Link

ក្រៅ​ពី​ខ្លឹមសារ​ដូច​ដែល​ត្រូវ​បាន​រក​ឃើញ​ខាង​លើ​នេះ Fact Crescendo Cambodia រក​មិន​ឃើញ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​អំពី​រូបថត​មួយ​សន្លឹក​នេះ​ឡើយ។

Fact Crescendo Cambodia បាន​ស្នើ​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះ​រាជ​លេខា​ផ្ទាល់​របស់​អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ ប៉ុន្តែ ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ​រហូត​ដល់​ពេល​ចេញ​ផ្សាយ​អត្ថបទ​សារព័ត៌មាន​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សម្លៀក​បំពាក់​ដែល​គ្រង​ដោយ​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​ករុណា​ព្រះ​បាទ នរោត្ដម សីហនុ និង​ព្រះ​មហេសី​របស់​ទ្រង់​នោះ មិន​មែន​ជា​ឈុត​ប្រពៃណី​វៀតណាម​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ឱ្យ​ឃើញ​ព្រះ​ករុណា នរោត្ដម សីហនុ និង​ព្រះ​មហេសី នរោត្ដម មុនីនាថ គ្រង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ម៉ុងហ្គោល។

Avatar

Title: ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា អតីត​ព្រះ​មហាក្សត្រ​កម្ពុជា​គ្រង​ឈុត​ប្រពៃណី​វៀតណាម

Fact Check By: Jay Udom  

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *