សំ​ណើ​ច្បាប់​ដាក់​ទណ្ឌកម្ម​​កម្ពុជា​​​ទើប​ឆ្លង​ផុត​ពី​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធ​សភា​អាមេរិក

False Political

សំណើ​ច្បាប់​មួយ​​សម្រាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្ដារ​ស្ថានភាព​​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​​នោះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​តាំង​ពី​ឆ្នាំ​មុន។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សំណើ​ច្បាប់​មួយ​នេះ ត្រូវ​បាន​ស្ថាប័ន​ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សំណើ​ច្បាប់​មួយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ដាក់​ទណ្ឌកម្ម​លើ​របប​ដឹកនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​សាទរ​ចំពោះ​ព័ត៌មាន​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រៀបរាប់​ថា «ថ្ងៃ​សុក្រុ ទី​២៩ កក្កដា ឆ្នាំ​២០២២ ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិកាំង បាន​​អនុម័ត​ច្បាប់​ជា​ផ្លូវការ​ហើយ S 3052 ច្បាប់​នេះ​សម្រាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំផ្ដាច់ការ ហ៊ុន សែន ចប់​ហើយ​ប្ដូរ។ សប្បាយ​ចិត្ត​ណាស់​ខ្ញុំ​សូម​រាំង​លេង​ម្ដង​ហើយៗ»។

Facebook Post | Archived Link

អ្នក​បង្ហោះ​ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​បាន​ផ្សាយ​ជា​វីដេអូ​ផង​ដែរ​ ដែល​និយាយ​ថា ព្រឹទ្ធ​សភា​អាមេរិក​បាន​អនុម័ត​សំណើ​ច្បាប់​​មួយ​ឈ្មោះ​ថា «Cambodia Democracy and Human Rights Act» សម្រាប់​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សាក​សួរ​ព័ត៌មាន​ទៅ​តំណាង​រដ្ឋាភិបាល​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ការ​ពិនិត្យ​មើល​ដំណើ​រ​វិវត្ត​នៃ​សំណើ​ច្បាប់​ស្ដី​ពី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ទាក់​ទង​នឹង​ការ​អះ​អាង​នេះ Fact Crescendo Cambodia បាន​ស្វែង​រក​ការ​បញ្ជាក់​ពីស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​​ផង​ដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក បាន​ប្រាប់​ឱ្យ​សាក​សួរ​ទៅ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ដែល​បាន​ស្នើ​ច្បាប់​នេះ​ឡើង។

សំណើ​ច្បាប់​​ស្ដី​ពី​«​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ច្បាប់» ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Cambodia Democracy and Human Rights Act ត្រូវបាន​ស្នើ​ឡើង​​ដោយ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក Edward J. Markey និង​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​មួយ​រូប​ទៀត​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​ ​លោក Marco Rubio កាល​ពីថ្ងៃ​ទី​២១ ​ខែ​តុលា ឆ្នាំ​២០២១​កន្លង​មក។

គេហទំព័រ​សភា​អាមេរិក (www.congress.gov) ដែល​ដាក់​បង្ហាញ​ជា​សាធារណៈ​នូវ​ដំណើរ​វិវត្ត​ជា​ជំហ៊ាន​នៃ​សំណើរ​ច្បាប់​នានា​នៅ​ក្នុង​ស្ថាប័ន​សភា​អាមេរិក​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សំណើរ​ច្បាប់​សម្រាប់​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​នៅ​កម្ពុជា​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៅ​ឡើយ ឬ​ស្ថិត​នៅ​ឯ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​ព្រឹទ្ធ​សភា​អាមេរិក​នៅ​ឡើយ។

U.S. Congress | Archived Link

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ លោក Marco Rubio បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សំណើ​ច្បាប់​សម្រាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា​នេះ ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​ពី​សមាជិក​ទាំង ១៥​រូប​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​​ព្រឹទ្ធ​សភា​អាមេរិក​​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​កន្លង​មក​នេះ។

Marco Rubio’s Press Release | Archived Link

ព័ត៌មាន​នៅ​លើ​​គេហទំព័រ​របស់​ព្រឹទ្ធ​សភា​អាមេរិក បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា សំណើ​ច្បាប់​ស្ដី​ពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​កម្ពុជា ឬ​សំណើ​ច្បាប់មាន​លេខ​សម្គាល់ S.3052 ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង​ប្រតិទិន​របស់​​ព្រឹទ្ធ​សភា​អាមេរិក​ហើយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា​កន្លង​មក​នេះ ប៉ុន្តែ របៀប​វារៈ​នៃ​ការ​ពិភាក្សា និង​អនុម័ត​សំណើ​ច្បាប់​មួយ​នេះដោយ​សភា​ពេញ​អង្គ មិន​ទាន់​ត្រូវ​បាន​កំណត់​ពេល​វេលា​នៅ​ឡើយ​ទេ។

U.S. Congress | Archived Link

ជាង​នេះ​ទៀត ​កាល​ពី​​ថ្ងៃ​ទី​២២ ខែ​កក្កដា​កន្លង​មក​នេះ សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក VOA បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា សំណើ​ច្បាប់​ស្ដី​ពី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​កិច្ចការ​បរទេស​ នៃ​ស្ថាប័ន​ព្រឹទ្ធ​សភា​អាមេរិក​។

សូម​ទស្សនា​សេចក្ដី​រាយការណ៍​លម្អិត​របស់​សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក VOA នៅ​ខាង​ក្រោម​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ សំណើ​ច្បាប់​ស្ដី​ពី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​កម្ពុជា (Cambodia Democracy and Human Rights Act) មិន​ទាន់​ត្រូវ​បាន​ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​នៅ​ឡើយ​ទេ។ សំណើ​ច្បាប់​មាន​លេខ​សម្គាល់ S.3052 នេះ ទើប​តែ​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​កិច្ចការ​បរទេស​​របស់​​ព្រឹទ្ធ​សភា​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថាប័ន​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា។

Avatar

Title:សំ​ណើ​ច្បាប់​ដាក់​ទណ្ឌកម្ម​​កម្ពុជា​​​ទើប​ឆ្លង​ផុត​ពី​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធ​សភា​អាមេរិក

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.