ការ​អះ​អាង​​មិន​ត្រឹម​ត្រូវ​មួយ ចោទ​បុរស​សញ្ជាតិ​​អាមេរិក​ ២​នាក់​​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់

Misleading Political

ចំពេល​ដែល​តុលាការ​កម្ពុជា​សម្រេច​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឱ្យ​ជាប់​ទោស ២៧​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា អ្នក​នយោបាយ​បក្ស​ប្រឆាំងមួយ​រូប និង​បុរស​ជន​ជាតិ​អាមេរិក​ម្នាក់ ជា​ភ្នាក់ងារ​សម្ងាត់​របស់​ CIA ត្រូវ​បាន​បញ្ជូន​មក​បំផ្លាញ​កម្ពុជា។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចំលែក​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​បន្ត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្ញុំ ជា សម រង្ស៊ី បាន​អះ​អាង​កាល​ពី​ដើម​ខែ​នេះ លោក មាជ សុវណ្ណារ៉ា និង​លោក Mark Gibbel គឺ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក (CIA)។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បុគ្គល​ទាំង​ពីរ​រូប​នេះ​ផង​ដែរ ដោយ​ថា ពួកគេ​មាន​«ឧបាយកល​​ពិស​ពុល​ខ្លាំង​ណាស់»។

ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជាង ១០០​ដង​ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​​បញ្ចេញ​​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេង​ទៅ​នឹង​ការ​អះ​អាង​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែលបង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មីនា ដែល​រៀបរាប់​ថា «ដំណឹង​ពី​បរទេស!

ក្នុង​ពេល​នេះ ជន​មុខ​សញ្ញា​ភ្នាក់ងារ​សម្ងាត់ CIA ពីរ​រូប គឺ​លោក មាជ សុវណ្ណារ៉ា និង​លោក Mark Gibbel ដែល​ជ្រក​ក្រោម​ផ្លាក​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​នយោបាយ (POLICY RESEARCH INSTITUTE)​ស្ថិត​នៅ​ទីក្រុង​ឡុងបិច (Long Beach) ដែល​កន្លង​មក​បាន​ធ្វើ​កិច្ចការ​សម្ងាត់​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០១៣​ដើម្បី​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល បាន​កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ភ្នំពេញ គ្រោង​នឹង​រៀបចំ​ផែនការ​បង្ក​ចលាចល​នៅ​ពេល​ប្រកាស​សាល​ក្រម​លោក កឹម សុខា នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

មុន​ពេល​ចេញ​ដំណើរ​ទៅ​កម្ពុជា លោក សុវណ្ណារ៉ា មាជ បាន​អួត​ប្រាប់​មិត្ត​ភក្តិ​ឱ្យ​ដឹង​ថា គឺ​ត្រូវ​តែ​មក​ដឹកនាំ​កម្លាំង​ប្រឆាំង​សាល​ក្រម​របស់​តុលាការ​ភ្នំពេញ ដែល​ប្រកាស​កាត់​ទោស​លោក កឹម សុខា ព្រោះ​គេ​មាន​បណ្ដាញ​ច្រើន​នៅ​ប្រទេស​កម្ពុជា។ គួរ​តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន ព្រោះ​ជន​ដែល​ជា​ភ្នាក់ងារ​សម្ងាត់​ពីរ​នាក់​ខាង​លើ​នេះ​មាន​ឧបាយ​កាល​ពិស​ពុល​ខ្លាំង​ណាស់»។

Facebook Post | Archived Link

មួយ​ថ្ងៃ​ក្រោយ​មក សារព័ត៌មាន​ Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ផ្សាយ​ការ​អះ​អាង​នេះ ហើយ​ក៏​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ សូម​អាន​​អត្ថបទ​ព័ត៌មាន Fresh News នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន Fresh News ដែល​បាន​ចែក​រំលែក​អត្ថបទ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «មន្ត្រី​នគរបាល​ជាន់​ខ្ពស់៖​ជន​មុខ​សញ្ញា​ភ្នាក់ងារ​សម្ងាត់ CIA ពីរ​រូប​ពិត​ជា​មាន​វត្តមាន​នៅ​រាជ​ធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ទោះបី​ មាជ សុវណ្ណារ៉ា ខំ​បក​ស្រាយ​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​មាន​ភស្តុតាង​ជាច្រើន​ទៀត​បង្ហាញ​ពី​សកម្មភាព​របស់​លោក»។

Facebook Post | Archived Link

ការអះអាង​ដដែល​នេះ ​ត្រូវ​បាន​ចុះផ្សាយ​ដោយសារ​គេហទំព័រ​ព័ត៌មាន​មួយ​ទៀត ហើយ​ក៏​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​ប្រភព​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ការ​អះ​អាង​នេះ។ ជា​លទ្ធផល យើង​បាន​រក​ឃើញ​ការ​ពិតដូច​ខាង​ក្រោម​នេះ។

Fact Crescendo Cambodia បាន​ស្នើ​សុំ​ការ​បក​ស្រាយ​ពន្យល់​ពី​លោក មាជ សុវណ្ណារ៉ា តាម​រយៈ​ការ​ជជែក​តាម​បណ្ដាញ​តេឡេក្រាម ​ជុំ​វិញ​ការ​អះ​អាង​ថា លោក​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក (CIA) ប៉ុន្តែ បញ្ជាក់​ថា លោក​បាន​បក​ស្រាយ​រួច​ហើយ​ទាំង​នៅ​លើ​បណ្ដាញ​សង្គម និង​សារព័ត៌មាន។

នៅ​ក្នុង​វីដេអូ​មាន​រយៈ​ពេល​ជិត ៧​នាទី​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​កាល​ពី​ថ្ងៃ​ទី​០៣ ខែមីនា​នោះ លោក មាជ សុវណ្ណារ៉ា បាន​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Fresh News ដោយ​ចាត់​ទុក​ការ​ចុះ​ផ្សាយ​នោះ​ថា​ជា​«ព័ត៌មាន​មិន​ពិត»។

Archived Link

លោក មាជ សុវណ្ណារ៉ា ក៏​បាន​បក​ស្រាយ​នៅ​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន​ The Cambodia Daily Khmer ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Fresh News។ សូម​ស្ដាប់​ការ​បក​ស្រាយ​ទាំង​ស្រុង​របស់​លោក​នៅ​ទីនេះ

វិទ្យុ​បារាំង​អន្តរជា​ផ្សាយ​ជា​ភាសា​ខ្មែរ RFI ក៏​បាន​ចុះ​ផ្សាយ​នូវ​សេចក្ដី​រាយការណ៍​មួយ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា ដោយ​បាន​ដក​ស្រង់​សម្ដី​លោក មាជ សុវណ្ណារ៉ា ដែល​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Fresh News ទៅ​តាម​សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ «ខ្ញុំ​ជា សម រង្ស៊ី»។ សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ

RFI | Archived Link

ចំពោះ​លោក Mark Gibbel វិញ យើងបាន​រក​ឃើញ​សេចក្ដី​រាយការណ៍​មួយ​របស់​វិទ្យុ​អាស៊ី​សេរី (Radio Free Asia) កាល​ពី​ថ្ងៃ​ទី០៦ ខែមីនា​ ដែល​បាន​ឱ្យ​ដឹង​ថា បុរស​អាមេរិក​រូប​នេះ បាន​ធ្វើ​ដំណើរមក​កាន់​កម្ពុជា ដើម្បី​មក​សួរ​សុខ​ទុក្ខ​គូ​ដណ្ដឹង​របស់​លោក​ជា​ជន​ជាតិ​ខ្មែរ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី លោក Mark Gibbel គឺ​ជា​វិស្វករ​មួយ​រូប​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ហើយ​លោក​បាន​ចូល​និវត្តន៍​ហើយ។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​ចុះ​ផ្សាយ​ដោយ​វិទ្យុ​អាស៊ី​សេរី លោក Mark Gibbel ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Fresh News ថា ជា​​ការ​ចោទ​ប្រកាន់​គួរ​ឱ្យ​អស់​សំណើច ហើយ​លោក​ថា លោក​បាន​ដឹង​ព័ត៌មាន​នេះ បន្ទាប់​ពី​លោក​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ដល់​ប្រទេស​ថៃ​ហើយ។

ជាង​នេះ​ទៅ​ទៀត លោក Mark Gibbel បាន​ឱ្យ​ដឹង​ថា លោក និង​លោក មាជ សុវណ្ណារ៉ា បាន​រួម​គ្នា​បង្កើត​អង្គការ​សប្បុរស​ធម៌​មួយ​ឈ្មោះ Policy Research Institute (វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ) ដែល​លោក​អះ​អាង​ថា អង្គការ​នេះ​ស្ថិត​នៅ​ជា​អព្យាក្រឹត្យ ដើម្បី​ផ្ដល់​សម្ភារៈ​សិក្សា​ដល់​យុវជន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Mark Gibbel បាន​ឱ្យ​ដឹង​បន្ថែម​ថា លោក​មាន​មិត្ត​ភក្តិ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក និង​ធ្លាប់​គិត​ថា នឹង​ព្យាយាម​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៀត​ផង។

RFA’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ គ្មាន​ភស្តុតាង​រឹង​មាំ​ណា​បញ្ជាក់​ថា លោក Mark Gibbel និង​លោក មាជ សុវណ្ណារ៉ា ជា​ភ្នាក់ងារ​របស់​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក CIA ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​មក​បង្ក​ភាព​វឹកវរនៅ​កម្ពុជា​នោះ​ឡើយ។ លោក Mark Gibbel ​បញ្ជាក់​ថា ការ​ចុះ​ផ្សាយ​របស់ Fresh News ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ ហើយ​លោក មាជ សុវណ្ណារ៉ា បាន​ចាត់​ទុក​សេចក្ដី​រាយការណ៍​នេះ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

Avatar

Title:ការ​អះ​អាង​​មិន​ត្រឹម​ត្រូវ​មួយ ចោទ​បុរស​សញ្ជាតិ​​អាមេរិក​ ២​នាក់​​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *