ព្រះ​រាជ​ដំណាក់​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​មួយ​​ថ្ងៃ​ក្រោយ​ភ្លើង​ឆាប​ឆេះ

False Political

ត្រឹម​តែពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​បរម​រតនកោដ្ឋ​នៅ​ឯ​ខេត្ត​សៀមរាប​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ហេតុការណ៍​អគ្គិភ័យ​នេះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​យក​ដី​លក់​យក​លុយ​ចែក​គ្នា។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​រាជ​ដំណាក់​មួយ​កន្លែង​របស់អតីត​ព្រះ​មហាក្សត​កម្ពុជា​ សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​លួច​ដុត ដើម្បី​យក​ដី​លក់​ដូរ​យក​លុយ​ចែក​គ្នា។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដែល​រៀបរាប់​ថា «ដុត​វាំង​ស្ដេច​មួយ​ចោល យក​ដី​លក់​ចែក​លុយ​គ្នា​ចាយ រឿង​នេះ​យើងមិន​ពិបាក​យល់​នោះ​ទេ ល្បិច​ក្រយ៉ៅ​ពួក​នេះ រត់​លែង​រួច​ពី​យើង​ហើយ»។

Facebook Post | Archived Link

ការ​អះ​អាង​ដូច​គ្នា​នេះ ក៏ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ផងបដែរ​​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ពោល​គឺ ២​ថ្ងៃ​ក្រោយ​ព្រះ​រាជ​ដំណាក់​នៅ​ឯ​ខេត្ត​សៀមរាប ត្រូវ​ភ្លើង​ឆាប​ឆេះ។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ក៏​បាន​បង្ហោះ​ការ​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ផងដែរ​កាល​ពីថ្ងៃ​ទី​១៣ ខែ​មីនា។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការពិនិត្យ​មើល​សេចក្ដី​រាយការណ៍​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​គួរ​ឱ្យ​ទុក​ចិត្ត​បាន​មួយ​ចំនួន ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា វិទ្យុ​អាស៊ី​សេរី​ (RFA)​ បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព្រះ​បរម​រាជ​វាំង ដែល​និយាយ​ថា រាជ​ដំណាក់​តូច​​នៃ​ព្រះ​រាជ​ដំណាក់​ព្រះ​រតនកោដ្ឋ​នៅ​ខេត្ត​សៀមរាប បាន​រង​ភ្លើង​ឆាប​ឆេះ​ដោយសារ​តែ​ឆ្លង​ចរន្ត​អគ្គិសនី។ សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

TVK | Archived Link

បើ​តាម​ការ​ផ្សាយ​របស់​​ទូរទស្សន៍​រដ្ឋ ទទក នៅ​១​ថ្ងៃ​ក្រោយ​កើត​ហេតុការណ៍​ភ្លើង​ឆេះ​រាជ​ដំណាក់​តូច​នោះ​មក លោក គង់ សំអុល រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង បាន​ដឹកនាំ​ពិធី​ក្រុង​ពាលី​រុះរើ និង​ជួស​ជុល​ឡើង​វិញ​នូវ​រាជ​ដំណាក់​តូច​នោះ។

TVK | Archived Link

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ​ បាន​ជំរុញ​ដំណើរការ​ជួស​ជុល​រាជ​ដំណាក់​តូច​នេះ​ឱ្យ​បាន​ឆាប់​រហ័ស បើទោះបី​ជា​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ ក៏​បាន​អំពាវ​នាវ​ទៅ​សាធារណជន​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ទៅ​លើ​ហេតុការណ៍​អគ្គិភ័យ​នេះ និង​កុំ​បក​ស្រាយ​លើស​ពី​ការពិត។ សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅទីនេះ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ព្រះ​រាជ​ដំណាក់​របស់​ព្រះ​បរម​រតន​កោដ្ឋ​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប មិន​ត្រូវ​បាន​ដោះ​ដូរ​នោះ​ឡើយ បន្ទាប់​ពី​អគ្គិភ័យ​បាន​ឆាប​ឆេះ​រាជ​ដំណាក់​តូច​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា​កន្លង​មក​នេះ។ ព្រះ​បរម​រាជ​វាំង​បាន​ចាប់​ផ្ដើម​រៀបចំ​រុះ​រើ និង​ជួស​ជុល​ឡើង​វិញ​នូវ​រាជ​ដំណាក់​តូច តែ ១​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​អគ្គិភ័យ​បាន​កើត​ឡើង។

Avatar

Title:ព្រះ​រាជ​ដំណាក់​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​មួយ​​ថ្ងៃ​ក្រោយ​ភ្លើង​ឆាប​ឆេះ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *