
ថ្មីៗនេះ មានការចែកចាយវីដេអូឃ្លីបមួយ ដែលអះអាងថា អ្នកកាសែតជនជាតិជប៉ុនម្នាក់ បានរកឃើញទូរស័ព្ទម៉ាក iPhone 13 តាំងពីនៅឆ្នាំ១៩៨០។ ការអះអាងលើវីដេអូឃ្លីបនេះ ទទួលបានការចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីប បង្ហាញទិដ្ឋភាពមនុស្សប្រុសម្នាក់ កាន់ទូរស័ព្ទដែលមានទម្រង់ដូចទៅនឹងទូរស័ព្ទម៉ាក iPhone 13។ វីដេអូឃ្លីបខាងលើនេះ ត្រូវបានភ្ជាប់ជាមួយនឹងការអះអាងថា បុរសម្នាក់នោះ គឺជាអ្នកកាសែតជនជាតិជប៉ុនម្នាក់ បានរកឃើញទូរស័ព្ទម៉ាក iPhone 13 នៅឆ្នាំ១៩៨០។
ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «អ្នកកាសែតជនជាតិជប៉ុនម្នាក់បានរកឃើញទូរស័ព្ទម៉ាក iPhone 13 នៅឆ្នាំ១៩៨០»។
ដូចគ្នានេះ ការអះអាងដោយភ្ជាប់ទៅនឹងវីដេអូខាងលើ ក៏ត្រូវបានរកឃើញ និងបង្ហោះផងដែរ នៅលើបណ្ដាញសង្គម TikTok កាលពីពេលថ្មីៗនេះ ដោយមានចំនួនអ្នកចែកចាយជាច្រើនដង។
វីដេអូឃ្លីបដូចគ្នាខាងលើនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X (Twitter) ផងដែរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
វីដេអូឃ្លីបដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញ និងបង្ហោះនៅគេហទំព័រវីដេអូ YouTube កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។ វីដែអូឃ្លីបខាងលើនេះ ត្រូវបានភ្ជាប់ជាមួយនឹងព័ត៌មានបន្ថែមថា វីដេអូឃ្លីបនេះ គឺជាផ្នែកមួយនៃឈុតក្នុងរឿងភាគជប៉ុន “The Woman Who Knew Too Much” ដែលត្រូវបានផលិតឡើងនៅក្នុងឆ្នាំ២០២៣កន្លងទៅ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប ដែលបានសរសេរជាភាសាជប៉ុនថា «この動画は2023年6月に制作されたもので、フィクションです。実際の人物・地名・団体・事件等とは一切関係ありません» ឬប្រែសម្រួលជាភាសាខ្មែរ តាមរយៈកម្មវិធី Google Translate មានន័យថា «វីដេអូនេះ ត្រូវបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ២០២៣ ហើយជាស្នាដៃប្រឌិតតែប៉ុណ្ណោះ។ វាមិនមានទំនាក់ទំនងជាមួយមនុស្សពិតប្រាកដ ឈ្មោះទីកន្លែង អង្គការ ឧប្បត្តិហេតុនោះឡើយ»។
ករណីវីដេអូឃ្លីបខាងលើនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យការពិតដោយគេហទំព័រ Factly ផងដែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយបានរកឃើញថា ព័ត៌មានដែលអ្នកកាសែតជនជាតិជប៉ុន រកឃើញទូរស័ព្ទម៉ាក iPhone 13 នៅឆ្នាំ១៩៨០នោះ គឺមិនត្រឹមត្រូវនោះឡើយ។ ទិដ្ឋភាពនោះ គឺគ្រាន់តែជាផ្នែកមួយនៃឈុតក្នុងរឿងភាគជប៉ុន “The Woman Who Knew Too Much” ដែលត្រូវបានផលិតឡើងនៅក្នុងឆ្នាំ២០២៣កន្លងទៅ។
Factly News Report | Archived Link
ក្រុមការងាររបស់ Fact Crescendo Cambodia ក៏បានរកឃើញផងដែរ គិតត្រឹមថ្ងៃចេញផ្សាយនេះ ពុំមានព័ត៌មានផ្លូវការណាមួយ បានបញ្ជាក់ថាអ្នកកាសែតជនជាតិជប៉ុនម្នាក់បានរកឃើញទូរស័ព្ទម៉ាក iPhone 13 នៅឆ្នាំ១៩៨០នោះឡើយ។ ដោយឡែកចំណែកទូរស័ព្ទម៉ាក iPhone 13 យើងរកឃើញថា គឺជាប្រភេទស្មាតហ្វូនដែលរចនា និងដាក់លក់ដោយក្រុមហ៊ុន Apple។ ពួកគេគឺជា iPhone ជំនាន់ទី១៥ (បន្តបន្ទាប់ iPhone 12 និង iPhone 12 Mini)។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការពិតវីដេអូឃ្លីបនេះ គឺជាផ្នែកមួយនៃឈុតក្នុងរឿងភាគជប៉ុន “The Woman Who Knew Too Much” ដែលត្រូវបានផលិតឡើងនៅក្នុងឆ្នាំ២០២៣កន្លងទៅ។

Title:អ្នកកាសែតជប៉ុនរកឃើញទូរស័ព្ទ iPhone 13 ជាង៤០ឆ្នាំមុន តើជាការពិតទេ?
Fact Check By: Kakada SimResult: Misleading
