ផលិតផលមួយត្រូវបានផ្សាយដោយបំផ្លើសថា វាអាចព្យាបាលជំងឺទឹកនោមផ្អែមដោយខ្លួនឯង
ខណៈដែលបណ្ដាញសង្គមហ្វេសប៊ុក គឺជាផ្សារអនឡាញដែលត្រូវបានប្រើសម្រាប់លក់ និងទិញទំនិញនាពេលសព្វថ្ងៃនេះ ការផ្សព្វផ្សាយព្រោងព្រាតថា ផលិតផល Hypoly អាចព្យាបាលជំងឺទឹកនោមផ្អែមបានដោយមិនចាំបាច់ប្រើប្រាស់ឱសថតាមការណែនាំរបស់គ្រូពេទ្យឯកទេសឡើយ។ ការផ្សព្វផ្សាយនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់ព័ត៌មានលម្អិត យើងរកឃើញថា ការផ្សព្វផ្សាយលក់ផលិតផលខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ឱសថមួយប្រភេទឈ្មោះថា HYPOLY ត្រូវបានផ្សព្វផ្សាយលក់ព្រោងព្រាតនៅលើបណ្ដាញជាមួយការអះអាងថា ផលិតផលនេះអាចព្យាបាលជំងឺទឹកនោមដោយមិនចាំបាច់តមអាហារ និងចាក់អាំងស៊ុយលីនបញ្ចុះកម្រិតជាតិស្ករក្នុងឈាមនោះឡើយ។
ការផ្សព្វផ្សាយលក់ផលិតនេះ ត្រូវបានចែកចាយយ៉ាងច្រើនផុសផុលនៅលើបណ្ដាញសង្គម រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិយោបល់ចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយលក់ផលិតឈ្មោះ HYPOLY ដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “មិនចាំបាច់តមអាហារ មិនចាំបាច់ចាក់អាំងស៊ុយលីន។ ខ្ញុំព្យាបាលជំងឺទឹកនោមផ្អែមក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ជាមួយវិធីសាស្ត្រមួយនេះ! អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២យូរឆ្នាំហើយមិនបានជាសះស្បើយ សូមកុំមើលរំលង។ ពិតមែនហើយ ខ្ញុំដូចជារស់ឡើងវិញអ៊ីចឹងអ្នកទាំងអស់គ្នា! […]”។
យើងក៏បានរកឃើញការផ្សព្វផ្សាយលក់ផលិតផលដដែលនេះដោយទំព័រហ្វេសប៊ុក និងអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀត ដោយការផ្សព្វផ្សាយនោះសុទ្ធតែអះអាងថា ផលិតផលនេះអាចព្យាបាលជំងឺទឹកនោមជំនួសឱ្យការចាក់អាំងស៊ុយលីន និងការប្រើប្រាស់ឱសថដែលណែនាំដោយវេជ្ជបណ្ឌិតជំនាញ។
ខាងក្រោមនេះ គឺជាវីដេអូផ្សព្វផ្សាយលក់ផលិតផល HYPOLY ដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “តើអ្នកព្រួយបារម្ភអំពីផលវិបាកដ៏គ្រោះថ្នាក់ពីជំងឺទឹកនោមផ្អែមមែនទេ? តើអ្នកពិបាកគ្រប់គ្រងជាតិស្ករក្នុងឈាមមែនទេ? សូមទុកឱ្យថ្នាំគ្រាប់ទឹកពុះ HYPOLY ជួយដោះស្រាយបងប្អូន!”។
ខាងក្រោមនេះ គឺជាវីដេអូនៃការផ្សព្វផ្សាយលក់ផលិតផល HYPOLY កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយទំព័រហ្វេសប៊ុកមួយទៀត ដែលសុទ្ធតែអះអាងថា ផលិតផលនេះជួយព្យាបាលជំងឺទឹកនោម។
ផលិតផលនេះ ត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយគេអាចរកឃើញការផ្សព្វផ្សាយផលិតផលនេះដោយគ្រាន់តែវាយឈ្មោះផលិតផលនេះ “HYPOLY” នោះបណ្ដាញសង្គមហ្វេសប៊ុកនឹងបង្ហាញរាល់ការបង្ហោះផ្សព្វផ្សាយនូវផលិតផលនេះ។
ក្រៅពីសំដៅមករកទីផ្សារកម្ពុជាហើយនោះ ផលិតផលមានឈ្មោះ និងរូបរាងនៃការវេចខ្ចប់ដូចគ្នានេះ ក៏ត្រូវបានផ្សព្វផ្សាយជាភាសាឡាវដែលទៅរកទីផ្សារប្រទេសមួយផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូនៃការផ្សព្វផ្សាយផលិតផល HYPOLY ជាភាសាឡាវនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈការស្វែងរកការបញ្ជាក់ពីក្រសួងសុខាភិបាល និងគ្រូពេទ្យជំនាញទឹកនោមផ្អែម ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងដំណើរការស្វែងរកការបញ្ជាក់ពីក្រសួងសុខាភិបាល យើងបានរកឃើញថា ផលិតផលនេះត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជាហាមឃាត់ការផ្សព្វផ្សាយ ការលក់ និងចែកចាយនៅលើទីផ្សារ ដោយថា ផលិតផលនេះគ្មានចុះបញ្ជីការ និងការត្រួតពិនិត្យដោយក្រសួងនោះឡើយ។
ក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងកាលពីដើមខែមេសាកន្លងមកថា ការផ្សព្វផ្សាយលក់ផលិតផលនេះ ត្រូវបានបំផ្លើសហួសពីការពិត និងគ្មានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវនោះឡើយ។
នៅក្នុងសេចក្ដីជូនដំណឹងដដែល ក្រសួងសុខាភិបាលបានណែនាំប្រជាពលរដ្ឋកុំឱ្យទិញ និងប្រើប្រាស់ផលិតផលនេះ ដោយថា ផលិតផលនេះគ្មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនោះឡើយ ហើយប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាជីវិតអ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលក៏បានព្រមានផងដែរថា នឹងចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកផ្សព្វផ្សាយ ចែកចាយ និងលក់ផលិតផលគ្មានលេខបញ្ជីការត្រឹមត្រូវនេះ។
ខាងក្រោមនេះ គឺជាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលត្រូវបានផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។
ទោះជាយ៉ាងណា ផលិតផលនេះនៅតែត្រូវបានផ្សព្វផ្សាយលក់ព្រោងព្រាតនៅលើបណ្ដាញសង្គមដដែល បើទោះបីជាមានការព្រមានអំពីវិធានការផ្លូវច្បាប់ពីក្រសួងសុខាភិបាលក្ដី។
មិនត្រឹមតែប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញទំព័រហ្វេសប៊ុកមួយចំនួនទៀត បានផ្សព្វផ្សាយថា ផលិតផលនេះត្រូវបានក្រសួងសុខាភិបាលកម្ពុជាទទួលស្គាល់។
ប៉ុន្តែ ក្រសួងបានបដិសេធនូវការផ្សព្វផ្សាយបែបនេះ ដោយចាត់ទុកថា ជាព័ត៌មាន “ក្លែងក្លាយ” និងទាមទារឱ្យលុបចោលជាបន្ទាន់ ហើយបានព្រមានចាត់វិធានការផ្លូវច្បាប់ជាថ្មី។
វេជ្ជបណ្ឌិត គ្រុយ សួយហួរ អ្នកឯកទេសជំងឺទឹកនោមផ្អែមនៅឯគ្លីនិកឧត្ដមភាពនៅរាជធានីភ្នំពេញ បានឱ្យដឹងថា គ្មានការព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាសះស្បើយទាំងស្រុងនោះឡើយរហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែ ការព្យាបាលជាមួយគ្រូពេទ្យឯកទេស អាចជួយអ្នកជំងឺឱ្យគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ និងមានសុខភាពល្អដូចអ្នកធម្មតាដែរ។
ការប្រើប្រាស់ផលិតផលគ្មានការណែនាំត្រឹមត្រូវពីគ្រូពេទ្យឯកទេស ឬការប្រើប្រាស់ឱសថបុរាណ លោកវេជ្ជបណ្ឌិត គ្រុយ សួយហួរ ដែលបានផ្ដល់សេវាព្យាបាល និងអ្នកថែទាំងអ្នកជំងឺទឹកនោមផ្អែមអស់រយៈពេល ៥ឆ្នាំមកហើយនោះ បានព្រមានពីហានិភ័យចំពោះសុខភាព ដូចជា ខូចតម្រងនោមរហូតដល់ត្រូវលាងឈាម។
ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិតបន្ថែមថា ហានិភ័យមួយទៀតសម្រាប់សុខភាព គឺជំងឺទឹកនោមផ្អែមវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកជំងឺប្រឈមមុខនឹងជំងឺស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ជាការណែនាំ វេជ្ជបណ្ឌិត សួយហួរ បានប្រាប់ទៅអ្នកជំងឺទឹកនោមផ្អែមទាំងអស់ ឱ្យទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ ជៀសវាងការប្រើផលិតផលផ្សេងៗ។
យើងបានស្វែងរកព័ត៌មានលម្អិតបន្ថែមទៀតអំពីផលិតផលឈ្មោះ HYPOLY នេះ ហើយក៏បានរកឃើញព័ត៌មានកាន់តែច្បាស់លាស់បន្ថែមទៀតអំពីប្រភពនៃផលិតផលនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញព័ត៌មានផ្សាយដោយវេបសាយមួយចំនួន ដែលនិយាយថា ផលិតផល HYPOLY នេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនមួយរបស់វៀតណាមឈ្មោះក្រុមហ៊ុន Tavuco Vietnam Trading Co., Limited ។
បើតាមសេចក្ដីរាយការណ៍ព័ត៌មានមួយកាលពីឆ្នាំ២០២២ អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារវៀតណាម បានផាកពិន័យក្រុមហ៊ុន Tavuco Vietnam Trading Co., Limited ចំនួន ៥០លានដុង ឬប្រហែល ២ពាន់ដុល្លារអាមេរិក ដោយសារតែក្រុមហ៊ុនមួយនេះ បានផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនឈ្មោះ HYPOLY ហួសពីការពិត។
អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារវៀតណាម បានលើកឡើងថា ការផ្សព្វផ្សាយលក់ផលិតផលអាហារបំប៉នរបស់ក្រុមហ៊ុនមួយនេះ មិនត្រឹមតែបំពានច្បាប់ទេ ប៉ុន្តែ ក៏បំពានទៅលើសីលធម៌ និងជាបទល្មើសបំពានលើអ្នកជំងឺផងដែរ។
អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារវៀតណាម បញ្ជាក់ថា អាហារបំប៉នសុខភាព មិនមែនជាឱសថទេ មិនអាចប្រើជំនួសឱសថបានឡើយ ហើយថា ប្រសិនបើឈឺ ប្រជាជនត្រូវតែទៅមន្ទីរពេទ្យពិនិត្យសុខភាព និងទទួលការព្យាបាលឱ្យទាន់វេលា។
សេចក្ដីរាយការណ៍ព័ត៌មានដដែលនេះ បានបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ បានផ្សព្វផ្សាយហួសពីការពិតថា ផលិតផល HYPOLY របស់ខ្លួន អាចព្យាបាលជំងឺទឹកនោមផ្អែមនៅផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់ប្រើថ្នាំវេជ្ជសាស្ត្រចេញដោយគ្រូពេទ្យជំនាញនោះឡើយ។
Doanhng Hiephoinhap | Archived Link
បើតាមការផ្សាយមួយទៀតរបស់សារព័ត៌មានវៀតណាម ក្រុមហ៊ុន Tavuco Vietnam Trading Co., Limited ក៏ត្រូវបានអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារវៀតណាម ផាកពិន័យម្ដងរួចមកហើយកាលពីឆ្នាំ២០២១កន្លងមក ដោយសារតែបានផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនហួសពីការពិត។ អត្ថបទទាំងស្រុងនៅទីនេះ (archived)
ចំណែកអត្ថបទព័ត៌មានមួយទៀត បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះ បានផ្សព្វផ្សាយដោយមិនត្រឹមត្រូវនូវផលិតផលរបស់ខ្លួន ដោយនិយាយថា ផលិតផលអាហារបំប៉នរបស់ខ្លួន គឺជាឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការផ្សព្វផ្សាយលក់ផលិតផល HYPOLY មិនត្រឹមត្រូវនោះឡើយ។ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ថា ផលិតផលនេះគ្មានបញ្ជីការរបស់ក្រសួងទេ ហើយដាស់តឿនប្រជាពលរដ្ឋកុំឱ្យប្រើប្រាស់ផលិតផលនេះ ដែលនាំឱ្យប៉ះពាល់សុខភាព។ ចំណែកអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពចំណីអាហារវៀតណាមវិញ បានបញ្ជាក់ថា ផលិតផល HYPOLY មិនមែនជាឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមទេ ដោយវាគ្រាន់តែជាអាហារបំប៉នប៉ុណ្ណោះ។
Title:ផលិតផលមួយត្រូវបានផ្សាយដោយបំផ្លើសថា វាអាចព្យាបាលជំងឺទឹកនោមផ្អែមដោយខ្លួនឯង
Fact Check By: Jay UdomResult: False