
ខណៈដែលបណ្ដាញសង្គមនៅកម្ពុជាពោរពេញទៅការផ្សព្វផ្សាយលក់គ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់ ផលិតផលពង្រីកសុដន់មួយប្រភេទ ត្រូវបានគេផ្សព្វផ្សាយលក់ព្រោងព្រាតលើបណ្ដាញសង្គមជាមួយការអះអាងថា ផលិតផលនេះអាចការពារជំងឺមហារីកសុដន់ផងដែរ។ ការផ្សព្វផ្សាយលក់ផលិតផលថែរក្សាសម្រស់មួយប្រភេទនេះ ត្រូវបានចែករំលែកបន្តយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការផ្សព្វផ្សាយនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ផលិតផលគ្រឿងសម្អាងស្ត្រីមួយប្រភេទឈ្មោះ OILYOUNG BY JURIA ត្រូវបានផ្សព្វផ្សាយលក់នៅលើបណ្ដាញសង្គមជាមួយការអះអាងថា ផលិតផលនេះ អាចការពារជំងឺមហារីកទៀតផង បន្ថែមពីលើមុខងារជួយពង្រីកដើមទ្រូង និងបន្តឹងសុដន់របស់ស្ត្រី។
ផលិតផលនេះ ត្រូវបានផ្សព្វផ្សាយលក់ព្រោងព្រាតលើបណ្ដាញសង្គម ហើយវាក៏ត្រូវបានចែករំលែកបន្តយ៉ាងផុសផុលដែរ ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន បានបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ផ្សេងៗគាំទ្រដល់ផលិតផលនេះ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃការផ្សព្វផ្សាយលក់ផលិតផលពង្រីកសុដន់ OILYOUNG BY JURIA នៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយរៀបរាប់ថា “បើកប្រូម៉ូសិន ២ ថែម ១ ដូចដើម បងៗចង់បានឆាតមកណា បើប្រូម៉ូសិន ១០០ឈុតទេណាចា បងៗលាបឡើងៗ ប្រើដោយសុវត្ថិភាព និងទំនុកចិត្ត មិនខ្លាចប៉ះពាល់សុខភាពទៅថ្ងៃក្រោយ និងជួយបំបាត់សង្វា និងការពារជំងឺមហារីកផងដែរ ឆាប់ឃើញប្រសិទ្ធភាព ៥–១០ថ្ងៃ”។
ផលិតផលដដែលនេះ ក៏ត្រូវបានផ្សព្វផ្សាយលក់ជាបន្តទៀតប្រហែល ២ខែក្រោយមកទៀត ដោយបន្តផ្សាយដដែលថា ផលិតផលនេះជួយការពារជំងឺមហារីក បន្ថែមទៅលើមុខងារពង្រីក និងបន្តឹងសុដន់របស់ស្ត្រីហើយនោះ។ ការផ្សព្វផ្សាយលក់ផលិតផលនេះ ទទួលបានការចែករំលែកបន្តដល់ទៅ ២ពាន់ដង។
សូមមើលវីដេអូនៃការផ្សព្វផ្សាយលក់ផលិតផល OILYOUNG BY JURIA នៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក Sn shop Cambodia កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។
ការផ្សព្វផ្សាយផលិតផលមួយប្រភេទនេះ ក៏ត្រូវបានធ្វើឡើងដោយទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ Oil young by Juria កាលពីដើមខែមីនាក្នុងឆ្នាំនេះ ដោយការផ្សព្វផ្សាយនោះប្រើប្រាស់ខ្លឹមសារដូចគ្នានឹងសារខាងលើដែរ ហើយការផ្សព្វផ្សាយនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ពាន់ដង។
ខាងក្រោមនេះ គឺជាការផ្សព្វផ្សាយលក់ផលិតផលរបស់ទំព័រហ្វេសប៊ុក Oil young by Juria កាលពីឆ្នាំមុនជាមួយព័ត៌មានថា ផលិតផលនេះអាចការពារជំងឺមហារីកបាន ហើយការផ្សព្វផ្សាយនេះត្រូវបានចែករំលែកដល់ទៅជាង ២ដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការសម្ភាសប្រភពពាក់ព័ន្ធ និងអ្នកជំនាញ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើការផ្សព្វផ្សាយលក់ផលិតផលនេះ យើងបានព្យាយាមផ្ញើសារតាមបណ្ដាញសង្គម និងទូរសព្ទទៅកាន់ម្ចាស់ទំព័រហ្វេសប៊ុកដែលបានផ្សព្វផ្សាយលក់ផលិតផលពង្រីកដើមទ្រូងមួយនេះ។
ជាលទ្ធផល យើងបានរកឃើញថា ផលិតផលនេះ ត្រូវបាននាំចូល និងចែកចាយដោយអ្នកលក់ផលិតគ្រឿងសម្អាងអនឡាញម្នាក់ឈ្មោះ Heang Sokjuria (ហ៊ាង សុខជូរី) ដែលបានផ្សព្វផ្សាយលក់ផលិតផលនេះនៅលើទំព័រហ្វេសប៊ុក និងអ៊ិនស្តាក្រាមខ្លួនឯង។ នៅក្នុងគណនីបណ្ដាញសង្គមទាំងពីរនេះ អ្នកលក់អនឡាញរូបនេះ បញ្ជាក់ថា ខ្លួនជាស្ថាបនិកនៃផលិតផលមួយនេះ។
នៅពេលទាក់ទងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ តាមទូរស័ព្ទដែលត្រូវបានផ្សព្វផ្សាយជាមួយផលិតផលនេះ ស្ត្រីម្នាក់ដែល អះអាងថាឈ្មោះ Heang Sokjuria បានបញ្ជាក់បន្ថែមថា អ្នកនាងពិតជាម្ចាស់ផលិតផលគ្រឿងសម្អាងនេះមែន។
នៅពេលត្រូវបានសាកសួរថា តើផលិតផលនេះទទួលបានការត្រួតពិនិត្យ និងអនុញ្ញាតពីក្រសួងសុខាភិបាលឬយ៉ាងណានោះ អ្នកនាំចូលផលិតផលគ្រឿងសម្អាងនេះ អះអាងថា ផលិតផលរបស់ខ្លួនទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល និងបន្តអះអាងថា ផលិតផលមួយនេះ អាចការពារមហារីកសុដន់បាន។
នៅពេលត្រូវបានសាកសួររកប្រភពផលិតផល និងលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ និងលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាលនោះ ស្ត្រីអ្នកលក់អនឡាញនេះ បានប្រាប់ថា នាងនឹងផ្ញើឱ្យតាមតេឡេក្រាម ប៉ុន្តែ Fact Crescendo Cambodia មិនទទួលបានឯកសារទាំងនេះឡើយរហូតមកដល់ថ្ងៃចេញផ្សាយព័ត៌មាននេះ។
ប៉ុន្តែ លោក ហៀង គឹមសៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ផលិតផលពង្រីកសុដន់មួយប្រភេទនេះ គ្មានចុះបញ្ជីនៅស្ថាប័នរបស់លោកនោះឡើយ។
មន្ត្រីក្រសួងសុខាភិបាលរូបនេះ បញ្ជាក់បន្ថែមថា មន្ត្រីស្ថាប័នសុខាភិបាលបានព្យាយាមទាក់ទងតាមលេខទូរស័ព្ទដែលមាននៅក្នុងការផ្សព្វផ្សាយលក់ផលិតផលដែរ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ និងត្រួតពិនិត្យផលិតផល ប៉ុន្តែ ទាក់ទងមិនបាននោះឡើយ។
វេជ្ជបណ្ឌិត អ៊ាវ សុខា អ្នកជំនាញផ្នែកជំងឺមហារីក និងជំងឺឈាម នៃគ្លីនិកព្យាបាលជំងឺមហារីក អ៊ាវ សុខា បានប្រាប់ Fact Crescendo Cambodia នៅក្នុងសារតាមបណ្ដាញសង្គមថា រហូតមកដល់សព្វថ្ងៃនេះ គ្មានការសិក្សាបែបវិទ្យាសាស្ត្រណាមួយដែលបង្ហាញថា ផលិតផលពង្រីកសុដន់បែបនេះ មានប្រសិទ្ធភាព និងសុវត្ថិភាពនោះឡើយ។
អ្នកជំនាញរូបនេះ បញ្ជាក់ទៀតថា ផលិតផលនេះ មិនទាន់ត្រូវបានទទួលស្គាល់ពីអ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រឱ្យប្រើប្រាស់នៅឡើយទេ ហើយលោកថា ការផ្សព្វផ្សាយថា វាអាចការពារជំងឺមហារីកបាននោះ គ្រាន់តែចេតនាធ្វើទីផ្សារតែប៉ុណ្ណោះ។
នៅក្នុងដំណើរពិនិត្យផ្ទៀងផ្ទាត់លើការផ្សាយលក់ផលិតផលនេះ យើងក៏បានរកឃើញថា ផលិតផលដូចគ្នា ឬផលិតផលគ្រាន់តែខុសឈ្មោះតិចតួច ត្រូវបានដាក់លក់នៅលើទីផ្សារអនឡាញធំៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត ដូចជា Shopee និង Lazada។
នៅក្នុងផ្សារអនឡាញ Lazada ផលិតផលនេះ ត្រូវបានផ្សព្វផ្សាយលក់ថា វាផ្សំឡើងពីប្រេងគ្រាប់ធញ្ញជាតិមួយចំនួន និងយិនស៊ិន ដែលគេអះអាងថា ជួយពង្រីក និងបន្តឹងសុដន់របស់មនុស្សស្រី ប៉ុន្តែ គ្មានការអះអាងណាមួយថា វាជួយការពារស្ត្រីពីជំងឺមហារីកនោះឡើយ។

អ្នកនាំពាក្យកម្មវិធីគ្រប់គ្រងជំងឺមហារីកជាតិ នៃក្រសួងសុខាភិបាលប្រទេសស្រីលង្កា បានឱ្យដឹងថា គ្មានលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រសម្រាប់បញ្ជាក់ថា ផលិតផលនេះអាចការពារជំងឺមហារីកបាននោះឡើយ។ មន្ត្រីនាំពាក្យកម្មវិធីនេះ លើកឡើងថា គ្មានការណែនាំឱ្យប្រើផលិតផលបែបនេះនៅក្នុងប្រទេសស្រីលង្កានោះឡើយ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ មន្ត្រីសុខាភិបាលកម្ពុជា បញ្ជាក់ថា ផលិតផលពង្រីកសុដន់មួយប្រភេទនេះ គ្មានចុះបញ្ជីការនៅក្រសួងឡើយ ហើយអ្នកជំនាញមហារីក បានបញ្ជាក់ថា ផលិតផលនេះគ្មានឆ្លងកាត់ការវិភាគពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រនោះឡើយ។ ការផ្សព្វផ្សាយលក់ផលិតផលនេះនៅលើទីផ្សារអនឡាញអន្តរជាតិ គ្មានបញ្ជាក់ថា វាអាចការពារជំងឺមហារីកសុដន់នោះឡើយ។

Title:ប្រេងពង្រីកសុដន់មួយប្រភេទត្រូវបានផ្សព្វផ្សាយលក់ជាមួយព័ត៌មានហួសការពិត
Fact Check By: Jay UdomResult: False
