
រូបថតចំនួន២សន្លឹកដែលបង្ហាញឱ្យឃើញមនុស្សកកកុញនៅក្នុងផ្សារទំនើបមួយកន្លែង និងក្មេងស្រីដេកសន្លប់ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ ការបង្ហោះនេះ ត្រូវបានភ្ជាប់អះអាងថា បានកើតឡើងនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលទំព័រហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «ប្រេស ដានី» បានបង្ហោះរូបថតចំនួន ៤សន្លឹក ដែលក្នុងនោះ ២សន្លឹកបង្ហាញឱ្យឃើញមនុស្សកកកុញ និងក្មេងស្រីម្នាក់បានដួលសន្លប់ផងដែរ។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ទៅនឹងការអះអាងមួយថា នោះគឺជាហេតុការណ៍ដែលបានកើតឡើងនៅផ្សារទំនើបអ៊ីអនម៉ល ក្នុងរាជធានីភ្នំពេញ។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់មូលហេតុថា បណ្ដាលមកពីមនុស្សជាច្រើនបានតម្រង់ជួរជាច្រើនម៉ោង ដើម្បីទិញម៉ាស៊ីនត្រជាក់ចល័ត។
ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «ខ្ញុំឈរតម្រង់ជួរអស់ ៣ម៉ោង ហើយមានអ្នកខ្លះក៏ដួលសន្លប់នៅផ្សារទំនើប AEON MALL ក្នុងរាជធានីភ្នំពេញ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលបង្ហាញឱ្យឃើញមនុស្សច្រើនកុះករនោះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រវីដេអូ YouTube កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយបានបញ្ជាក់ព័ត៌មាននៃផ្សារទំនើបមួយនេះថា គឺជាទិដ្ឋភាពផ្សារទំនើប Nikolsky ក្នុងប្រទេសអ៊ុយក្រែន។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីប ដែលបង្ហាញទិដ្ឋភាព និងបរិវេណផ្សារទំនើប Nikolsky។
ចំណែកឯរូបថតមួយសន្លឹកទៀតដែលបង្ហាញឱ្យឃើញស្ត្រីម្នាក់ដេកនៅលើការ៉ូឥដ្ឋនោះ ត្រូវបានរកឃើញនៅលើគេហទំព័រ Saostar ផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦កន្លងមក។ គេហទំព័រដដែលនេះ បានបញ្ជាក់ជាភាសាវៀតណាម ឬប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate មានន័យថា «ក្មេងស្រីម្នាក់បានដួលសន្លប់នៅផ្សារទំនើបអ៊ីអន (វៀតណាម) ពេលចូលរួមទស្សនាតារាចម្រៀង Noo Phước Thịnh»។

ការអះអាងនេះ ក៏ត្រូវបានក្រុមការងារផ្ទៀងផ្ទាត់ការពិតរបស់ហ្វីលីពីនត្រួតពិនិត្យផងដែរកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ លទ្ធផលនៃការផ្ទៀងផ្ទាត់ ត្រូវបានរកឃើញថា រូបថតរូបមួយសន្លឹកខាងលើនេះ គឺជានារីជនជាតិវៀតណាមម្នាក់ ដួលសន្លប់នៅពេលចូលរួមទស្សនាការប្រគុំតន្រ្ដីរបស់តារាចម្រៀងវៀតណាម លោក Noo Phước Thịnh។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះផងដែរ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត និងការលើកឡើងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតបង្ហាញមនុស្សកកកុញនោះ គឺជាទិដ្ឋភាពផ្សារទំនើប Nikolsky ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ចំណែកឯរូបថតបង្ហាញទិដ្ឋភាពក្មេងស្រីដេកសន្លប់នោះ គឺជាក្មេងស្រីវៀតណាម ដែលបានសន្លប់នៅផ្សារទំនើបអ៊ីអន (វៀតណាម) ខណៈពេលកំពុងទស្សនាការប្រគុំតន្រ្តីរបស់តារាចម្រៀងលោក Noo Phước Thịnh។

Title:រូបថតបង្ហាញទិដ្ឋភាពមនុស្សកកកុញនេះ មិនមែនស្ថិតនៅកម្ពុជានោះឡើយ
Fact Check By: Kakada SimResult: False
