បន្ទាប់​ពី​ព្រះតេជគុណ វន វាសី ចន្ទមុនី បាន​ល្បី​ព្រះ​នាម​នៅ​លើ​បណ្ដាញ​សង្គម​នាប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ រាជសារ​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដោយ​លើក​ឡើង​ថា ហ្លួង​ម៉ែ​បាន​និមន្ត​ព្រះ​សង្ឃ​អង្គ​នេះ​ចូលរួម​ទេសនា​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​វត្ត​មួយ​នៅ​ឯ​ខេត្ត​កំពត។ រាជសារ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រាជសារ​នេះ​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​នៃ​​ព្រះ​រាជសារ​មួយ​សន្លឹក​របស់​ព្រះ​រាជ​វាំង ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែលបាន​លើក​ឡើង​ថា ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​មាតា​នៃ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី បាន​និមន្ត​ព្រះ​តេជគុណ វន វាសី ចន្ទមុនី ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​កឋិន​ទានដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​វត្ត​មួយ​ស្ថិត​ក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត​ នៅ​ខែ​ក្រោយ​នេះ។

ព្រះតេជគុណ វន វាសី ចន្ទមុនី គឺ​ជា​ព្រះ​សង្ឃ​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ល្បី​ល្បាញ​លើ​បណ្ដាញ​សង្គម​ថា ជា​សង្ឃ​ធុតង្ត​ និង​មាន​សិល្បិ៍​វិជ្ជាការ ដែល​អូស​ទាញ​បាន​ការ​គោរព​ពី​ប្រជាជន​កម្ពុជា​ជាច្រើន។

ការ​អះអាង​ខាង​លើ​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបភាព​នៃ​លិខិត​មួយ​ច្បាប់របស់​ព្រះ​រាជ​វាំង ដែល​មាន​ព្រះ​រាជ​ហត្ថលេខា​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី និង​ព្រះ​មាតា​របស់​ទ្រង់​ផង​ដែរ។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែលរៀបរាប់​ថា «សាធុៗ តែ​បុណ្យ​ឱ្យ​ផល​ហើយ​ប្រកែក​មិន​បាន​ទេ… ហ្លួង​យាយ​សូម​គោរព​អញ្ចើញ​និមន្ត…»។

Facebook Post | Archived Link

ការ​អះអាង​ក្នុង​ន័យ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ថ្ងៃ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ដែល​សរសេរ​រៀបរាប់​ថា «សាធុៗ បុណ្យ​ឱ្យ​ផល​ហើយ​ប្រកែក​មិន​បាន​ទេ ខាង​កំពត​មាន​សំណាង​ណាស់! ជិត​កន្លែង​លោក​យាយ​ឌី​ដែរ ត្រៀម​ខ្លួន​ចៅៗ ព្រះ​មហាក្សត្រ​ខ្មែរ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ការ»។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​សារ​លិខិត និង​សំណេរ​ដូច​គ្នា​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​នៅ​ថ្ងៃ​នេះ។

Facebook Post | Archived Link

ជាង​នេះ​ទៀត សារព័ត៌មាន​ត្រយ៉ង​ក៏​បាន​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​ផង​ដែរ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​មាន​ចំណង​ជើង​ថា «១៤​ថ្ងៃ​ទៀត ព្រះ​ថេរធម្ម វន វាសី ចន្ទមុនី នឹង​សម្ដែង​ធម៌​ទេសនា​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​កឋិនទាន​របស់​ហ្លួង​ម៉ែ​ថ្វាយ​ព្រះ​បរម​រតន​កោដ្ឋ»​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ផង​ដែរ។

សារព័ត៌មាន​ត្រយ៉ង | Archived Link

សម្រាប់រូបភាព​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

រាជសារ​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​គណនី​​ហ្វេសប៊ុក​ Thong Nidamony បាន​បង្ហោះ​វា​នៅ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ប្រហែល ១​ម៉ោង​ក្រោយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​ដោយ​គណនីហ្វេសប៊ុក Thong Nidamony នៅ​ថ្ងៃ​នេះ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ផ្ដាម​ទុក មុន​នឹង​ត្រូវ​លុប​ចោល​ទៅ​វិញ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះអាង​នេះ​តាមរយៈ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ប្រភព​ផ្លូវការ​នានា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

បន្ទាប់​ពី​លិខិត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​លិខិត​មួយ​សន្លឹក​នេះ។ បញ្ហា​នេះនាំ​ឱ្យ​សារព័ត៌មាន​ក្នុង​ស្រុក បាន​ចុះ​ផ្សាយអំពី​ការ​ពិត​នៃ​លិខិត​ស្នាម​មួយ​សន្លឹក​នេះ។

នៅ​រសៀល​ថ្ងៃ​នេះ យើង​បាន​រក​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រះ​បរមរាជ​វាំង​កម្ពុជា ដែល​បាន​ច្រាន​ចោល​នូវ​លិខិត​ស្នាម​នោះ ដោយ​ចាត់​ទុក​ជា​លិខិត​«ក្លែង​ក្លាយ»​។ សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក។

ទូរទស្សន៍​ជាតិ​កម្ពុជា TVK | Archived Link

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រះ​បរម​រាជ​វាំង ក៏​ត្រូវ​បានចុះ​ផ្សាយ​ដោយ​វិទ្យុ​វាយោ (archived) បណ្ដាញ​ផ្សព្វផ្សាយ CNC (archived) បណ្ដាញ​សង្គម​ក្រសួង​មហាផ្ទៃ (archived)។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ព្រះបរម​រាជ​វាំង​បាន​ច្រាន​ចោល​នូវ​រាជសារ​ដែល​ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម​នោះ ដោយ​ចាត់ទុក​ជា​ឯកសារ​ក្លែង​ក្លាយ​ប៉ុណ្ណោះ។

Avatar

Title:រាជ​វាំង​ច្រាន​ចោល​រាជសារ​ក្លែង​ក្លាយ​និមន្ត​ព្រះ​សង្ឃ​មួយ​អង្គ​ចូល​រួម​បុណ្យ​កឋិនទាន

Written By: Jay Udom

Result: False