
បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសពីការបង្ក្រាបការនាំចូល និងចែកចាយត្រីពីរ៉ាញ៉ាដែលជាប្រភេទត្រីស៊ីសាច់ជាចំណីនោះមក ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា បុរសម្នាក់នៅឯខេត្តបាត់ដំបង បានរងរបួសដោយសារតែត្រីពីរ៉ាញ៉ាខាំនៅក្នុងស្ទឹងគ្រញូង។ ការអះអាងនេះ ត្រូវបានចែករំលែក និងបញ្ចេញមតិព្រោងព្រាតចាប់តាំងពីចុងសប្ដាហ៍មុន។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូមួយដែលបង្ហាញបុរសម្នាក់មានឈាមហូរស្រោចលើជើងរបស់គាត់នោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍កន្លងមកនេះ ដោយត្រូវបានអះអាងថា បុរសម្នាក់នោះរងការវាយប្រហារពីត្រីម្យ៉ាងដែលស៊ីសាច់ជាចំណី។
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា បុរសម្នាក់នោះ បានរងរបួសហូរឈាមលើជើងម្ខាង បន្ទាប់ពីរងការវាយប្រហារពីត្រីពីរ៉ាញ៉ា(Piranha)នៅក្នុងស្ទឹងក្រញូង ស្ថិតក្នុងស្រុកសំឡូតកាលពីចុងសប្ដាហ៍មុន។
ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ហើយក៏មានការបញ្ចេញមតិយ៉ាងច្រើនផងដែរចាប់តាំងពីសប្ដាហ៍មុន។
ខាងក្រោមនេះ គឺជាវីដេអូដែលអះអាងថា អ្នកភូមិម្នាក់នៅស្រុកសំឡូតបានរងការវាយប្រហារពីត្រីពីរ៉ាញ៉ា ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
ការអះអាងថា មានបុរសម្នាក់រងការវាយប្រហារពីត្រីស៊ីសាច់ជាចំណីនេះ ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន។
សូមមើលវីដេអូនៃការអះអាងនេះតាមរយៈតំណភ្ជាប់មាននៅទីនេះ ១ (archived),២(archived), ៣(archived), ៤(archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលការបកស្រាយរបស់សមត្ថកិច្ចខេត្តបាត់ដំបង ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
បន្ទាប់ពីមានការអះអាងនៅលើបណ្ដាញសង្គមថា បុរសម្នាក់បានរងរបួសដោយសារតែត្រីពីរ៉ាញ៉ាខាំនោះ សមត្ថកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវទៅលើករណីនេះ ហើយបានរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជាក់ថា បុរសម្នាក់អាយុ ៦៣ឆ្នាំ រស់នៅភូមិតាសាញជើង ស្ថិតក្នុងតាសាញ បានរងរបួសហូរឈាម ដោយសារតែត្រីក្រពតខាំគាត់កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជាក់បែបនេះ បន្ទាប់ពីគ្រូពេទ្យនៅស្រុកសំឡូតបានពិនិត្យទៅលើស្នាមរបួសនៅលើជើងរបស់បុរសម្នាក់នោះ។
បើតាមសមត្ថកិច្ចខេត្តបាត់ដំបង ករណីត្រីក្រពតខាំមនុស្សធ្លាប់បានកើតឡើងកាលពីពេលកន្លងមកផងដែរនៅក្នុងស្ទឹងក្រញូវ ស្ថិតស្រុកសំឡូត អំឡុងរដូវវស្សា ជារដូវត្រីពង។
ខាងក្រោមនេះ គឺជាការបំភ្លឺរបស់ស្នងការនគរបាលខេត្តបាត់ដំបងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
មួយថ្ងៃបន្ទាប់មកទៀត ទំព័រហ្វេសប៊ុកស្នងការនគរបាលខេត្តបាត់ដំបង ក៏បានបង្ហោះវីដេអូមួយដែលបង្ហាញបុរសម្នាក់ចេញមុខសុំទោសសាធារណជនចំពោះការបង្ហោះព័ត៌មានមិនពិត។
ជាងនេះទៅទៀត វីដេអូមួយដែលបង្ហាញបុរសម្នាក់រុំបង់របួសនៅកំភួនជើង បានបកស្រាយថា រូបគាត់មិនមែនត្រូវត្រីពីរ៉ាញ៉ាខាំទេ ប៉ុន្តេ គឺត្រូវក្រពតខាំនៅពេលគាត់ចុះក្នុងទឹកស្ទឹងគ្រញូង។
ខាងក្រោមនេះ គឺជាវីដេអូបកស្រាយដោយបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ ៦៣ឆ្នាំ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
ករណីនេះ ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានកម្ពុជាថ្មី និងសារព័ត៌មានកោះសន្តិភាពផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ ឬនៅទីនេះ ឬនៅទីនេះមួយទៀត។
ការអះអាងអំពីករណីបុរសម្នាក់នៅខេត្តបាត់ដំបងត្រូវត្រីពីរ៉ាញ៉ាខាំបែបនេះ បានកើតឡើងតែ ៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា រដ្ឋបាលជលផលបានបញ្ឈប់ការនាំចូលត្រីស៊ីសាច់ជាចំណីនេះ និងបានបំផ្លាញចោលត្រីប្រភេទនេះដែលត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្ដីប្រកាសព័ត៌មានបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយលក់ត្រីពីរ៉ាញ៉ានៅលើបណ្ដាញសង្គមនៅដើមខែសីហានេះ។
ត្រីពីរ៉ាញ៉ា ស្ថិតនៅក្នុងអម្បូរត្រីទឹកសាបរស់នៅតាមស្ទឹងទន្លេ បឹង និងអាងទឹកនៅក្នុងតំបន់អាមេរិកខាងត្បូង ជាពិសេសប្រទេសប្រេស៊ីល និងស្ថិតក្នុងចំណោមពូជត្រីមានធ្មេញរឹងៗ។
ជាទូទៅ ត្រីប្រភេទនេះ ត្រូវបានគេចាត់ទុកជាត្រីប្រកបដោយគ្រោះថ្នាក់ ដោយសារតែការវាយប្រហាររបស់វាជាក្រុម ជាពិសេសនៅពេលយើងមានរបួស ឬហូរឈាម។
ខាងក្រោមនេះ គឺជាវីដេអូស្ដីពីត្រីពីរ៉ាញ៉ាដែលផលិតដោយកម្មវិធី BBC Earth របស់ទូរទស្សន៍អង់គ្លេស BBC កាលពីជាង ២០ឆ្នាំមុន។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ សមត្ថកិច្ចខេត្តបាត់ដំបង បញ្ជាក់ថា បុរសម្នាក់បានរងរបួសដោយសារតែត្រីក្រពតខាំកាលពីសប្ដាហ៍មុន មិនមែនដោយសារតែត្រីពីរ៉ាញ៉ាខាំនោះឡើយ។

Title:ការអះអាងមិនត្រឹមត្រូវថា បុរសម្នាក់ត្រូវត្រីពីរ៉ាញ៉ាខាំនៅខេត្តបាត់ដំបង
Written By: Jay UdomResult: Misleading
