បន្ទាប់​ពី​កម្ពុជា​​បាន​បំបែក​កំណត់ត្រា​របស់​សៀវភៅ​កំណត់ត្រា​ពិភព​លោក​ហ្គីណេស (Guinness World Records)​ដោយ​បាន​ប្រមូល​មនុស្ស​ច្រើន​បំផុត​រាំ​ចង្វាក់​ភ្លេង​ម៉ាឌីហ្សុន និង​បង្កើត​បេះដូង​ក្រដាស​ច្រើន​គេ​កាល​ពី​ខែ​មេសា​នោះ​មក ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា កម្ពុជា​ក៏​ជាប់​កំណត់ត្រា​ជា​ប្រទេស​មាន​ពលរដ្ឋ​​ចំណាក​ស្រុក​ច្រើន​ជាងគេ​នៅ​លើ​ពិភព​លោក​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ និង​មាន​ការ​បញ្ចេញម​តិ​យោបល់​ផ្សេង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាងលើបណ្ដាញសង្គម

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កម្ពុជា​បាន​ជាប់​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភព​លោក Guinness World Records ក្នុង​នាម​ជា​ប្រទេស​មាន​​ប្រជាជន​ចំណាក​ស្រុ​កច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។

ការ​អះ​អាង​នេះដែល​ភ្ជាប់​មក​ជាមួយ​រូបថត​មនុស្ស​ដ៏​ច្រើន​កុះករ​លី​កញ្ចប់​ឥវ៉ាន់​នៅ​លើ​ស្មា​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក ដែល​រៀបរាប់​ថា «កំណត់ត្រា​ពិភព​លោក​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​របប ហ៊ុន សែន

  • ប្រទេស​តូច ពលរដ្ឋ​តិច តែ​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​ជាង​គេ​លើ​លោក
  • ប្រទេស​តូច​ពលរដ្ឋ​តិច តែ​មាន​ឯកឧត្ដម លោក​ជំទាវ​ច្រើន​ជាង​គេ​លើ​លោក
  • ប្រទេស​តូច​ ពលរដ្ឋ​តិច តែ​មាន​បណ្ឌិត​ចាប់​ឆាយ និង​ឧកញ៉ា​ស៊ី​ឈ្នួល​ច្រើន​ជាងគេ​លើលោក
  • ប្រទេស​តូច ពលរដ្ឋ​តិច តែ​មាន​អ្នក​រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ច្រើន​ជាង​គេ​លើ​លោក
  • ប្រទេស​តូច ពលរដ្ឋ​តិច ក្រីក្រ​ច្រើន តែ​មេដឹកនាំ​បែរ​ជា​មាន​ទ្រព្យ​ជាង​មេដឹកនាំ​ប្រទេស​ដទៃ​លើ​លោក។

***នៅ​មាន​ច្រើន​ទៀត សូម​ជួយ​បន្ថែម***»។

Facebook Post | Archived Link

ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​ជា​ភាសា​ថៃ​ផង​ដែរ និង​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម Amazing World Culture Club ដែល​មាន​គណនី​បណ្ដាញ​សង្គម​ជិត ៥​ម៉ឺន​ជា​សមាជិក​នៅ​ក្នុង​ក្រុម​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​ថៃ​ថា «กัมพูชาได้ลงบันทึกสถิติโลก ว่ามีแรงงานข้ามชาติมากที่สุดในโลก Cambodia» ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា កម្ពុជា​បាន​ជាប់​ក្នុង​កំណត់ត្រា​ស្ថិតិ​ពិភព​លោក​ជា​ប្រទេស​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក។

Facebook Post | Archived Link

ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ និង​ចែក​រំលែក​បន្ត​ផង​ដែរ។ សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅទីនេះ (archived)។

ការត្រួតពិនិតុ្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​កំណត់ត្រា​របស់​កម្ពុជា​នៅ​ក្នុង​សៀវភៅ Guinness World Records និង​ការ​ពិនិត្យ​មើល​របាយការណ៍​នានា​ស្ដី​ពី​របាយ​ប្រជាជន​ចំណាក​ស្រុក​នៅ​តាម​បណ្ដា​ប្រទេស​នានា ដែល​នាំ​ឱ្យ​យើង​បាន​រក​ឃើញ​ការ​ពិតដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​គេហទំព័រ Guinness World Records យើង​បាន​រក​ឃើញ​កំណត់ត្រា​ជាច្រើន​ដែល​កម្ពុជា​បំបែក​បាន ឬ​ក៏​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ក្នុង​សៀរភៅ​លំដាប់​ពិភព​លោក​មួយ​នេះ។

កំណត់ត្រា​ថ្មី​បំផុត​ដែល​កម្ពុជា​បំបែក​បាន​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ គឺ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ដ៏​ច្រើន​បំផុត​រហូត​ដល់ ៤​,៩៩៩​នាក់ ​​ដើម្បី​រាំ​ចង្វាក់​ម៉ាឌីហ្សុន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា នៅ​ឯ​ខេត្ត​សៀមរាប ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

៤​ថ្ងៃ​មុន​កម្ពុជា​បង្កើត​បាន​កំណត់ត្រា​ខាង​លើ​នេះ កម្ពុជា​ក៏​បង្កើត​បាន​កំណត់ត្រា​មួយ​រួច​ទៅ​ហើយ​ ដោយកម្ពុជា​បាន​បង្កើត​បេះដូង​ក្រដាស​រហូត​ដល់​​ជិត ៤​លាន​សន្លឹក​ដាក់​បង្ហាញ​នៅ​ប្រាសាទ​អង្គរវត្ត ដែល​នេះ​គឺ​ជា​ការ​តាំង​បង្ហាញ​​បេះដូង​ក្រដាស​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

ក្រៅ​ពី​កំណត់ត្រា​ទាំង​ពីរ​ខាង​លើ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​បាន​បង្កើត​ឱ្យ​មាន​រួច​មក​ហើយ​នូវ​កំណត់ត្រា​ផ្សេងៗ​ទៀត​នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

កាល​ពី​អំឡុង​ពិធី​សង្ក្រាន្ត​នៅ​ក្នុង​ខែ​មេសា ឆ្នាំ​២០១៥​កន្លងមក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​គៀងគរ​មនុស្ស​ឱ្យ​ចូលរួម​ធ្វើ​នំ​អន្សម​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក ដែល​ផលិត​ពី​អង្ករ​ដំណើប​មាន​ទម្ងន់​ដល់​ទៅ​ជាង ៤​តោន។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​កម្ពុជា​ដោយ​បង្កើត​នូវ​សិក្ខាសាលា​ធំ​បំផុត​នៅ​លើ​ពិភព​លោក ដែល​មាន​អ្នក​ចូលរួម​រហូត​ដល់ ២,៣០៤​នាក់ កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

៣​ឆ្នាំ​ក្រោយ​មក កម្ពុជា​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ទៀត ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​បាន​បង្កើត​ទូក​ង​វែង​ជាង​គេ​នៅ​លើ​ពិភព​មាន​ប្រវែង​រហូត​ដល់ ៨៧.៣​ម៉ែត្រ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​កន្លង​មក។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

កាល​ពី​ឆ្នាំ​២០២១​កន្លង​មក កម្ពុជា​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ទៀត​ដោយ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​​បាន​​សម្បែង​សៀក​រហស្សកម្ម​បាន​យូរ​ជាង​គេ​បំផុត​រហូត​ដល់​ជាង ២៤​ម៉ោង នៅ​ឯ​ខេត្ត​បាត់ដំបង ចន្លោះ​ពី​ថ្ងៃ​ទី​០៧ ដល់ថ្ងៃ​ទី​០៨ ខែ​មីនា។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅទីនេះ (archived)។

ទាំង​នេះ គឺ​ជា​កំណត់ត្រា​មួយ​ចំនួន​ដែល​យើង​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Guinness World Records នៅ​ត្រឹម​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣​នេះ។

ទោះជាយ៉ាងណា នៅ​ក្នុង​ចំណោម​កំណត់ត្រា​ទាំង​ឡាយ​នៅ​លើ​គេហទំព័រ​ Guinness World Records យើង​រក​មិន​ឃើញ​កំណត់ត្រា​ណា​មួយ​ដែល​បញ្ជាក់​ថា កម្ពុជា​ជាប់​ក្នុង​កំណត់ត្រា​ជា​ប្រទេស​មាន​ប្រជាជន​ចំណាក​ស្រុក​ច្រើន​ជាង​នៅ​លើ​ពិភព​លោក​នោះ​ឡើយ។

តើកម្ពុជាមានប្រជាជនចំណាកស្រុកច្រើនជាងគេនៅលើពិភពលោកមែនឬទេ?

របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ឱ្យ​ដឹង​ថា ពលករ​ចំណាក​ស្រុក​នៅ​ទូទាំង​ពិភព​លោក មាន​ចំនួន​ដល់​ទៅ ១៦៩​លាន​នាក់​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ចំណាក​ស្រុក ២៧២​លាន​នាក់​គិត​ត្រឹម​ឆ្នាំ​២០១៩​កន្លង​មក​នេះ។

​របាយការណ៍​របស់​អង្គការ​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា តំបន់​អឺរ៉ុប​ផ្នែក​ខាង​ជើង ខាង​លិច និង​ខាង​ត្បូង មាន​ពលករ​ចំណាក​ស្រុក​អន្តរជាតិ​រហូត​ដល់ ២៤.២ភាគរយ ហើយ​តំបន់​អាមេរិក​ខាង​ជើង មាន​ពលករ​ចំណាក​ស្រុក​អន្តរជាតិ​ ២២.១​ភាគរយ ខណៈ​ដែល​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក មាន​ពលករ​ចំណាក​ស្រុក​ត្រឹម​តែ ៧.២​ភាគរយ​ប៉ុណ្ណោះ បើធៀប​ទៅ​នឹង​ចំនួន​ពលករ​ចំណាក​ស្រុក​អន្តរជាតិ ១៦៩​លាន​នាក់។ សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ

ចំណែក​ឯ​អង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ (International Migration Organization) បង្ហាញថា ប្រទេស​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​តំបន់​អាស៊ី សុទ្ធ​តែ​មាន​ចំនួន​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ​ផង​ដែរ។ បើ​តាម​របាយការណ៍​របស់​អង្គការ​នេះ ឥណ្ឌា គឺ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ចេញ​ទៅ​ធ្វើការ​ជា​ពលករ​ចំណាកស្រុក​នៅ​ឯ​ក្រៅ​ប្រទេស ​និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ម៉ិកស៊ិក និង​រុស្ស៊ី។

សម្រាប់​តំបន់​អាស៊ី​ទាំង​មូល របាយការណ៍​អង្គការ​មួយ​នេះ បង្ហាញ​ថា ប្រទេស​ឥណ្ឌា​មាន​ចំនួន​ប្រជា​ពលរដ្ឋ​ជា​ពលករ​ចំណាក​ស្រុក​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន បង់ក្លាដែស ហ្វីលីពីន និង​អាហ្វហ្កានីស្ថាន។ សូម​មើល​របាយការណ៍​លម្អិត​នៅ​ទីនេះ (archived)។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន កាសែត​ខ្មែរ ថាមស៍ បាន​ដក​ស្រង់​សារ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២២ របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​លើក​ឡើង​ថា កម្ពុជា​មាន​ពលករ​ចំណាក​ស្រុក​ទៅធ្វើការ​នៅ​ក្រៅ​ប្រទេសជាង ១​.៣​លាន​នាក់ គិត​ត្រឹម​ឆ្នាំ​២០២១​កន្លង​មក​។

កាសែត​ដដែល​នេះ បាន​លម្អិត​បន្ថែម​ថា ពលករ​កម្ពុជា​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ចំនួន ៧ ក្នុង​នោះ​ប្រទេស​ថៃ​មាន​ចំនួនជាង ១,២២០,១៩៧​​នាក់ កូរ៉េ​ខាង​ត្បូង​​មាន​ចំនួន ៤៥,៨៦៦​នាក់ ម៉ាឡេស៊ី​មាន​ចំនួន​ ២​៣,០២៧​នាក់ ជប៉ុន​មាន​ចំនួន ១១,៤៥៣​នាក់ សិង្ហបុរី​មាន​ចំនួន ៨២១​នាក់ ហុងកុង​មាន​ចំនួន ២០២​នាក់ និង​អារ៉ាប៊ីសាអ៊ូឌីត​មាន​ចំនួន ៤៣​នាក់។ សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

វេបសាយ​ទិន្នន័យ​អន្តោ​ប្រវេសន៍ បាន​បង្ហាញ​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០២០​កន្លង​មក ប្រទេស​ហ្វីលីពីន​មាន​ប្រជាជន​រហូត​ដល់​ទៅ​ជាង ៦​លាន​នាក់ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស តាម​ពី​ក្រោយ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​ប្រជាជន​ដល់​ទៅ​ជាង​ ៤​លាន​នាក់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។

វេបសាយ​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា មាន​ប្រជាជន​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ចំនួន​ជាង ៣.៧​លាន​នាក់ ខណៈ​ដែល​ប្រទេស​វៀតណាម​ស្ថិត​នៅ​លំដាប់​ទី​៤ មាន​ប្រជាជន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ជាង ៣.៣​លាន​នាក់។

ចំណែក​ឯ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់​ទី៧​នៅ​ក្នុង​ចំណោម​ ១១​ប្រទេស​នៅ​ក្នុង​តំបន់ ដែល​មាន​ប្រជាជន​ចំនួន​ជាង ១.១​លាន​នាក់ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​តារាង​ចំនួន​ពលរដ្ឋ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​បាន​ធ្វើ​ចំណាក​ស្រុកទៅ​ក្រៅ​ប្រទេស គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០២០​កន្លង​មក។

Migration Data Portal | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ កម្ពុជា​មិន​ជាប់​ក្នុង​កំណត់ត្រា Guinness World Records ក្នុង​នាម​ជា​ប្រទេស​មាន​ប្រជាជន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ​នោះ​ឡើយ។ បើ​តាម​របាយការណ៍​អង្គការ​អន្តរជាតិ​នានា ប្រទេស​ឥណ្ឌា​ជាប់​ចំណាក់​ថ្នាក់​លេខ​១ ជា​ប្រទេស​មាន​ប្រជាជន​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ​បំផុត​ បើធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក។

Avatar

Title:តើ​កម្ពុជា​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​ជាង​គេ​លើ​ពិភព​លោក​មែន​ឬទេ?

Written By: Jay Udom

Result: False