
កាលពីចុងខែវិឆ្ឆិកាកន្លងមកនេះ ក្រុមប្រឹក្សាអឺរ៉ុបបានជំរុញទៅគណៈកម្មការអឺរ៉ុបឱ្យពិនិត្យសើរើបន្ថែមទៀតការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធមកកម្ពុជាជុំវិញការរួមកាន់តែតូចនៃលំហរសិទ្ធិសង្គមស៊ីវិលនៅប្រទេសនេះ។ បន្ទាប់មក ការអះអាងដ៏ផុសផុលនៅលើបណ្ដាញសង្គម បានលើកឡើងថា វៀតណាមនឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ១០០ភាគរយពីសហភាពអឺរ៉ុប ហើយកម្ពុជានឹងបាត់បង់ទាំងស្រុង។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គមនាពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានលើកឡើងថា ប្រទេសវៀតណាមនឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ “អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ” (Everything But Arms) ឬហៅកាត់ថា EBA នៅឆ្នាំ២០២៥ខាងមុខ ហើយកម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុង។
ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “យួនបាន EBA ១០០% លេខ២ នៅអាស៊ីបន្ទាប់ពីសិង្ហបុរី ខ្មែរអាច ០%ក្នុងឆ្នាំ២០២៥ បន្ទាប់ពីក្លាយជាប្រទេសអ្នកមាន”។
ការអះអាងដូចគ្នានេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតចម្លងយកទៅបង្ហោះបន្ត ដែលនាំឱ្យមានការចែករំលែកបន្តយ៉ាងច្រើនផងដែរ ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនជឿទៅតាមការផ្សាយព័ត៌មាននេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននេះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយចម្លងព័ត៌មានទាំងស្រុង។
ដោយសារតែវាកំពុងតែផុសផុលនៅលើបណ្ដាញសង្គម គេអាចរកមើលការអះអាងនេះតាមរយៈការបង្ហោះរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបដែលផ្ដាល់ទៅឱ្យប្រទេសវៀតណាម និងកម្ពុជា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
សហភាពអឺរ៉ុបបានបង្កើតប្រព័ន្ធអនុគ្រោះពន្ធទូទៅ (Generalized Scheme of Preferences – GSP)តាំងពីឆ្នាំ១៩៧១ ដែលប្រព័ន្ធនេះផ្ដល់ការលើកលែង ឬកាត់បន្ថយអត្រាពន្ធគយសម្រាប់ទំនិញនាំចូលមកពីប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍ ចូលទៅទីផ្សារសហភាពអឺរ៉ុប។
ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហភាពអឺរ៉ុបនេះ មាន ៣កម្រិតផ្សេងគ្នាសម្រាប់ផ្ដល់ទៅឱ្យប្រទេសនានាទៅតាមស្ថានភាពសេដ្ឋកិច្ច ឬកម្រិតអភិវឌ្ឍន៍របស់ប្រទេសនោះ។
- កម្មវិធីអនុគ្រោះពន្ធ Standard GSP គឺជាកម្មវិធីលើកលែងពន្ធគយ ឬកាត់បន្ថយពន្ធគយសម្រាប់ទំនិញនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ទៅទីផ្សារអឺរ៉ុប។ កម្មវិធីមួយនេះ នឹងមិនត្រូវអនុវត្តនោះឡើយ ប្រសិនបើប្រទេសណាមួយដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានធនាគារពិភពលោកចាត់ថ្នាក់ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឬជាប្រទេសមានប្រាក់ចំណូលខ្ពស់។
- កម្មវិធីអនុគ្រោះពន្ធ GSP+ គឺជាប្រព័ន្ធបន្ធូបន្ថយអត្រាពន្ធគយសម្រាប់ទំនិញនាំចូលពីប្រទេសនានាដែលបានផ្ដល់សច្ចាប័ន និងអនុវត្តតាមអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន ២៧ ក្នុងនោះមានការគោរពសិទ្ធមនុស្ស និងសិទ្ធិការងារ បរិស្ថាន និងអភិបាលកិច្ចល្អ។ និយាយម្យ៉ាងទៀត វាគឺជាប្រព័ន្ធលើកទឹកចិត្តសម្រាប់ប្រទេសនានាដែលគោរពបានល្អទៅតាមអនុសញ្ញាអន្តរជាតិ។
- ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី “អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ” (Everything But Arms – EBA) ឬហៅកាត់ខ្លីថា EBA គឺជាកម្មវិធីលើកលែងពន្ធគយទាំងស្រុងសម្រាប់ទំនិញគ្រប់ប្រភេទលើកលែងតែអាវុធដែលនាំពីបណ្ដាប្រទេសក្រីក្រ ឬប្រទេសមានការអភិវឌ្ឍតិចតួច (least developed countries – LDC)ចូលទៅទីផ្សារសហភាពអឺរ៉ុប។ ប្រទេសមានការអភិវឌ្ឍតិចតួច ឬហៅម្យ៉ាងទៀតថា ប្រទេសក្រីក្រ ត្រូវបានវាយតម្លៃដោយអង្គការសហប្រជាជាតិ។
European Union | Archived Link
តើកម្ពុជាស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធមួយណា?
បើតាមបញ្ជីរបស់អង្គការសហប្រជាជាតិ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសមានការអភិវឌ្ឍតិចតួច ឬហៅម្យ៉ាងទៀតថា ប្រទេសក្រីក្រ ដែលស្ថានភាពនេះនាំឱ្យកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនៅក្រោមកម្មវិធី “អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ” ឬហៅកាត់ថា EBA។
សហភាពអឺរ៉ុបបានផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជាចាប់តាំងពីឆ្នាំ២០០៤ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ តាមរយៈកម្មវិធីអនុគ្រោះពន្ធគយមួយនេះ ទំនិញគ្រប់ប្រភេទរបស់កម្ពុជា (លើកលែងតែអាវុធ) ត្រូវបាននាំចូលទៅទីផ្សារសហគមន៍អឺរ៉ុបដោយមិនចាំបាច់បង់ពន្ធគយឡើយ។
សហភាពអឺរ៉ុប បានលើកឡើងនៅក្នុងវេបសាយគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនថា ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប ភាគច្រើនជាសម្លៀកបំពាក់ និងស្បែកជើង ទោចក្រយាន ផលិតផលអាហារកែច្នៃសម្រេច និងអង្ករ ដែលស្មើនឹង ៩៤.២ភាគរយនៃទំនិញសរុបដែលកម្ពុជានាំទៅទីផ្សារអឺរ៉ុបនៅក្នុងឆ្នាំ២០២១។
ប៉ុន្តែ ចាប់តាំងពីដើមឆ្នាំ២០២០មក គណៈកម្មការអឺរ៉ុបបានសម្រេចដកហូតផ្នែកខ្លះនៃការអនុគ្រោះពន្ធគយដែលផ្ដល់មកកម្ពុជា ដោយសារតែមានការរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើគោលការណ៍សិទ្ធិមនុស្សដែលមានចែងនៅក្នុងអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ។
ចាប់តាំងពីពេលនោះមក កម្ពុជាបានបាត់បង់ប្រពន្ធអនុគ្រោះពន្ធ ២០ភាគរយ ឬនៅសល់ប្រព័ន្ធអនុគ្រោះពន្ធគយ ៨០ភាគរយនៃកម្មវិធីអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
ទោះជាយ៉ាងណា ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុម័តសេចក្ដីសម្រេចមួយស្ដីពីការកាន់តែរួមតូចនៃលំហរសិទ្ធិសេរីភាពសង្គមស៊ីវិលនៅកម្ពុជា ហើយបានជំរុញឱ្យគណៈកម្មការអឺរ៉ុបសើរើពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធនៅសេសសល់ ៨០ភាគរយដែលផ្ដល់មកឱ្យកម្ពុជា។
EU Trade Policy | Archived Link
តើវៀតណាមទទួលបានប្រព័ន្ធអនុគ្រោះពន្ធមួយណារបស់សហភាពអឺរ៉ុប?
បើតាមវេបសាយ GPS HUP របស់សហភាពអឺរ៉ុប នៅមុនឆ្នាំ២០២៣ ប្រទេសវៀតណាមទទួលបានប្រយោជន៍នៅក្រោមកម្មវិធីអនុគ្រោះពន្ធគយ Standard GSP របស់សហភាពអឺរ៉ុប ដោយសារតែប្រទេសមួយនេះត្រូវបានធនាគារពិភពលោកចាត់ថ្នាក់ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
តាមរយៈកម្មវិធីអនុគ្រោះពន្ធគយ Standar GSP ទំនិញវៀតណាមដែលមិនមែនជាផលិតរសើប ទទួលបានការលើកលែងពន្ធគយទាំងស្រុងសម្រាប់ការនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ខណៈទំនិញរសើបវិញ ត្រូវបានសហភាពអឺរ៉ុបបន្ធូបន្ថយពន្ធគយរហូតដល់ខ្ទង់ ៦៦ភាគរយឯណោះ។
ប៉ុន្តែ វៀតណាមលែងស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធគយរបស់សហភាពអឺរ៉ុបទៀតហើយចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣មក ហើយទំនាក់ទំនងពាណិជ្ជកម្មអឺរ៉ុប-វៀតណាម ត្រូវបានជំនួសមកវិញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម។
យោងតាមអត្ថបទមួយចេញផ្សាយនៅលើវេបសាយ International Economics កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម ផ្ដល់អត្ថប្រយោជន៍សម្រាប់ទំនិញនាំចេញពីវៀតណាមទៅអឺរ៉ុបប្រហាក់ប្រហែលទៅនឹងប្រព័ន្ធអនុគ្រោះពន្ធ GSP ដែរ។
International Economics | Archived Link
ខាងក្រោមនេះ គឺជាបញ្ជីប្រទេសនានានៅជុំវិញពិភពលោកដែលទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនៅក្រោមកម្មវិធីផ្សេងៗគ្នា ក្នុងនោះមានកម្ពុជាផងដែរស្ថិតនៅក្នុងកម្មវិធីអនុគ្រោះពន្ធគយ “អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ” ឬហៅកាតថា EBA ប៉ុន្តែ មិនពេញលេញនោះឡើយ ក្រោយពីសហភាពកាត់បន្ថយអស់ ២០ភាគរយចាប់តាំងពីឆ្នាំ២០២០មក។
ចំណែកឯវៀតណាមវិញ លែងស្ថិតនៅក្នុងបញ្ជីប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប GSP តទៅទៀតហើយចាប់តាំងពីឆ្នាំ២០២៣មក ដោយសារតែវៀតណាមបានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instgram
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វៀតណាមលែងស្ថិតនៅក្នុងបញ្ជីនៃប្រទេសទទួលបានប្រព័ន្ធអនុគ្រោះពន្ធសហភាពអឺរ៉ុប GSP ចាប់តាំងពីដើមឆ្នាំ២០២៣មក។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម បានចូលមកជំនួសវិញ ដោយសហភាពអឺរ៉ុបព្រមព្រៀងលើករបាំងពន្ធគយលើទំនិញវៀតណាមជាច្រើនប្រភេទ។

Title:ការអះអាងមិនត្រឹមត្រូវថា វៀតណាមនឹងទទួលបាន EBA ពេញលេញពីសហភាពអឺរ៉ុប
Fact Check By: Jay UdomResult: False
