Fact Check: តើ​អង្គការ​សុខភាព​ពិភព​លោកបាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចិន​ស៊ីណូវ៉ាក់​ហើយ​ឬ​នៅ​​?

COVID-19 False

គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៥៩,១៣​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca) វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​​យ៉ាង​ផុស​ផុល​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​​ចិន។​

ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ទេ​។​ 

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ស្លាប​ប៉ាក​កា​ទេវ​រាជ បាន​បង្ហោះនូវ​​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​និយាយ​អះ​អាង​ថា​វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះឡើយ​​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​នេះ​ គឺ​ធ្វើឲ្យ​មាន​ហានិភ័យ​ខ្ពស់ណាស់​ ​ចំពោះ​សុខភាព​របស់​ប្រជា​ជន​កម្ពុជា​ទាំង​មូល​។​

វីដេអូឃ្លីប​​ និង​សំណេរ​​នេះ​​មាន​​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​សែន​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​ពាន់​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​វ៉ាក់​សាំង​របស់​ប្រទេស​ចិន​ មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​អង្កេត​​​ និង​ផ្ទៀង​ផ្ទាល់​លើ​ការ​អះ​អាង​មួយ​នេះ​ តាម​រយៈ​ត្រួត​ពិនិត្យទៅ​លើ​សេច​ក្តី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភព​លោក​ និង​សេចក្តី​រាយការណ៍​របស់បណ្តា​​សារព័ត៌មាន​អន្តរជាតិ​ ដែល​នាំ​ឲ្យ​រក​ឃើញ​នូវ​ការ​ពិត​ដូច​ខាង​ក្រោម​។​

កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ នៅ​ក្នុង​គេហទំព័រ​អង្គការ​សុខភាព​ពិភព​លោក​ បាន​ធ្វើ​ការ​ចេញ​សេចក្តី​សម្រេច​ និង​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ជា​បន្ទាន់​នូវ​វ៉ាក់​សាំង​របស់​ប្រទេស​ចិន​ស៊ីណូវ៉ាក់​ទៅ​ក្នុង ​«បញ្ជី​ប្រើ​ប្រាស់​បន្ទាន់»។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «WHO validates Sinovac COVID-19 vaccine for emergency use and issues interim policy recommendations»​ ឬ​ប្រើ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «អង្គការ​សុខភាព​ពិភព​លោក​ អនុម័ត​វ៉ាក់សាំងចិនស៊ី​ណូវ៉ាក់​​​ សម្រាប់​ការ​ប្រើ​ប្រាស់​ជា​បន្ទាន់​ និង​ចេញ​សេចក្តី​ណែនាំ​គោល​នយោបាយ​ជា​បណ្តោះ​អាសន្ន​»។​ 

World Health Organization​’s Report | Archived Link

តាម​រយៈ​បណ្តា​សារព័ត៌​មាន​អន្តរជាតិ​ដូច​ជា​សារព័ត៌មាន​ BBC News​ និង​​សារព័ត៌​មាន​ Reuters ​ដទៃ​ទៀត​ជា​ដើម​ ក៏​បាន​ធ្វើ​ការ​ចុះ​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​អំពី​ការ​​អនុម័ត​ឱ្យ​ដាក់​បញ្ចូល​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ទៅ​ក្នុង​ «បញ្ជី​ប្រើ​ប្រាស់​បន្ទាន់» ផង​ដែរ​កាល​ពី​ខែ​មិថុនា​ថ្មី​ៗ​នេះ​​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ BBC News ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា​ «Covid: China’s Sinovac vaccine gets WHO emergency approval»​ ឬ​ប្រើ​ជា​ភាសាខ្មែរ​ថា​ «កូវីដ​៖​ វ៉ាក់សាំង​ស៊ីណូវ៉ាក់ ​របស់​ប្រទេស​ចិន​ ទទួល​បាន​ការ​យល់ព្រម​ជា​បន្ទាន់​ពី​អង្គការ​សុខភាព​ពិភពលោក​»។​ 

BBC News’s Report | Archived Link 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន​ Reuters ដែល​បាន​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «WHO approves Sinovac COVID shot in second Chinese milestone»​ ឬ​ជា​ភាសាខ្មែរ​មាន​ន័យ​ថា​ «អង្គការ​សុខភាព​ពិភពលោក យល់​ព្រមដាក់​បណ្ចូល​នូវ​វ៉ាក់​សាំង​ស៊ី​ណូវ៉ាក់​ ដែល​ជា​វ៉ាក់សាំង​ទី​​២​របស់​ប្រទេស​ចិន​»។​ 

Reuters’s Report | Archived Link 

រហូត​មក​ដល់​ពេ​ល​នេះ អង្គការ​សុខភាព​ពិភព​លោក​បាន​អនុម័ត​ដាក់​បណ្ចូល​វ៉ាក់​សាំង​ទៅ​ក្នុង​ «បញ្ជី​ប្រើ​ប្រាស់​បន្ទាន់» មាន​ដូច​ជា​ វ៉ាក់​សាំង​Pfizer, វ៉ាក់​សាំង​Moderna, វ៉ាក់​សាំង​​AstraZeneca, វ៉ាក់​សាំង​​Johnson & Johnson, វ៉ាក់​សាំង​ស៊ីណូហ្វាម​ និង​ថ្មី​​ៗនេះ​ គឺ​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​។​

រូប​ភាព​ផ្តាម​នូវ​​ប្រភេទ​វ៉ាក់​សាំងដែល​បាន​អនុម័ត​ដោយ​​អង្គការ​សុខភាព​ពិភពលោក។​

World Health Organization​’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អត្ថាធិប្បាយ​មួយ​នៅ​ក្នុង​វីដេអូ​ឃ្លីប​ខាង​លើ​នេះ​គឺ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​ពិត អង្គការ​សុខភាព​ពិភព​លោក បាន​អនុម័ត​ឱ្យ​ដាក់​បញ្ចូល​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ទៅ​ក្នុង​ «បញ្ជី​ប្រើ​ប្រាស់​បន្ទាន់» ​រួច​ហើយកាល​ពី​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

Avatar

Title:តើ​អង្គការ​សុខភាព​ពិភព​លោកបាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចិន​ស៊ីណូវ៉ាក់​ហើយ​ឬ​នៅ​​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.