រូបថត និង​វីដេអូ​គូ​ស្វាមី​ភរិយា​ទើប​រៀបការ​ថ្មី តែង​តែ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ រូបថត និង​វីដេអូ​មួយ​ចំនួន មិន​ត្រូវ​បាន​គេ​ដឹង​ព័ត៌មាន​ច្បាស់​លាស់​នោះ​ឡើយ។ ក្នុង​នោះរូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នារី​ម្នាក់​អង្គុយ​យំ​សោក​នៅ​មុខ​ពិធី​មង្គលការ​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយ​គូ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​អះអាង​ថា នារី​រូប​នោះ យំ​សោក ក្រោយ​ពី​បុរស​ដែល​នាង​បដិសេធ​​រៀប​ការ​នោះ បាន​សម្រេច​ចិត្ត​ទៅ​រៀបការ​ជាមួយ​នារី​ផ្សេងវិញ។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ៣​ពាន់​ដង ហើយ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ និងឡាវ យក​ទៅ​ចែក​រំលែក​បន្ត​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ពី​ត្រួត​ពិនិត្យ​ការពិត​ហើយ យើង​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​ RFN Really Fresh News បាន​​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​នារី​ម្នាក់​អង្គុយ​យំ​សោក​នៅ​មុខ​ពិធី​មង្គលការ​គូ​ស្វាមី​ភរិយា​មួយ​គូ។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀប​រាប់​ថា នារី​ក្នុង​រូបថត​នេះ បាន​យំ​សោក បន្ទាប់​ពី​បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​នារី​ផ្សេង បន្ទាប់​ពី​នាង​បដិសេធ​សំណើ​សុំ​រៀបការ​របស់​បុរស​ម្នាក់​នោះ។

រូបថតជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​រហូត​ដល់​ជិត ៣​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​គិត​ថា រូបថត​នេះ គឺ​ជា​រឿង​រ៉ាវ​ពិត​ប្រាកដ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​ទំព័រ​ហ្វេសប៊ុក​ RFN Really Fresh News ដែល​រៀបរាប់​ថា «នេះ​ហើយ​លទ្ធផល​មនុស្ស​ស្រី​ធ្វើ​ចរឹត​មាន់ គេ​សួរ​ត្រឹម​ត្រូវ សុទ្ធ​តែ​មិន​ទាន់​ចង់​បាន​ប្ដី​ទេ ដល់​តែ​គេ​ទៅ​រៀបការ​ជាមួយ​អ្នក​ផ្សេង ធ្វើ​ឯង​ទឹក​ភ្នែក ក្លាយ​ជា​ជន​រង​គ្រោះ។ នេះ​ជា​មេរៀន​សម្រាប់​មនុស្ស​មួយ​ចំនួន គេ​ខំ​តាម​ស្រឡាញ់​ហើយ​ធ្វើ​ចរឹត​មេមាន់»។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ជា​ភាសា​ឡាវ​ឈ្មោះ​ថា ມີແຕ່ໃຈ ໃຜຈີມັກ យក​ទៅ​ផ្សព្វផ្សាយ​បន្ត ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រឹត​តែ​ច្រើន​ថែម​ទៀត និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ឡាវ ដែល​គិត​ថា រូបថត​នេះ គឺ​ជា​រឿង​រ៉ាវ​កើត​ឡើង​ពិត​ប្រាកដ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​ជា​ភាសា​ឡាវ ដែល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​មក។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​គេហទំព័រ​ជា​ភាសា​ថៃ​យក​ទៅ​ចុះ​ផ្សាយ​បន្ត​ផង​ដែរ ដោយ​រៀបរាប់​ថា នារី​នៅ​ក្នុង​រូបថត​នេះ ប្រុង​ទៅ​ផ្ដួល​រលំ​រោង​ពិធី​មង្គលការ​របស់​បុរស​ជា​ប្ដី​នាង ប៉ុន្តែ នាង​បែប​ជា​ជួប​រឿង​ឈឺ​ចាប់​លើស​ដើម។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​ Google Reverse Image ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះវីដេអូ​​ដែល​បង្ហាញ​ទិដ្ឋភាព​បែប​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផលិតក​ម្ម​ចម្រៀង​មួយ​ឈ្មោះ​ Bee Production ដែល​បាន​បង្ហោះ​រូបថត​នេះកាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​មក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ផលិតកម្ម Bee Production ដែល​បាន​សរសេរ​រៀបរាប់​ថា «សរសើរ​គាត់​ក្លាហាន​ហ៊ាន​ទៅ​តតាំង​សួរ​នាំ​ឱ្យ​អស់​ចិត្ត តែ​អ្នក​ខ្លះ​មិន​ហ៊ាន​ទេ បាន​ត្រឹម​ឈឺ​ចិត្ត នេះ​ហើយ​ជា​មេរៀន​ដល់​នារី​គ្រប់​គ្នា កុំ​ងាយ​ជឿ​គេ​ពេក សូម​រង់ចាំ​ទស្សនា​ភាគ​បន្ត»។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ផ្នែក​មួយ​នៃការ​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​វីដេអូ​មួយ​មាន​ចំណង​ជើង​ថា «បើ​មិន​ច្បាស់​លាស់​ម្ដេច​ឱ្យ​ចាំ» ដែល​ច្រៀង​ដោយ​តារា​ចម្រៀង អ្នក​នាង សូ សុផលីន ហើយ​ផលិតឡើង​ដោយ​ផលិតកម្ម Bee Production។

វីដេអូ​ចម្រៀង​មួយ​នេះ​ អាច​មើល​បាន​ទាំង​ស្រុង​នៅ​លើ​ឆាណែល​ YouTube របស់​ផលិតកម្ម Bee Production ដែល​បាន​បង្ហោះ​តាំង​ពី​​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​មក។

Bee Production | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ និង​ការ​អះ​អាង​ដូច​បាន​រៀប​រាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​រឿង​រ៉ាវ​ពិត​ប្រាកដ​របស់​ស្ត្រី​ម្នាក់​យំ​សោក​ស្ដាយ​បុរស​ម្នាក់​ដែល​រៀបការ​ជាមួយ​នារី​ផ្សេង ដោយសារ​តែ​នាង​បដិសេធ​សំណើ​សុំ​រៀបការ​របស់​បុរស​​នោះ​ឡើយ។ រូបថត​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ឈុត​សម្ដែង​កាយ​វិការ​នៃ​វីដេអូ​ចម្រៀង​របស់​ផលិតកម្ម Bee Production កាល​ពី​ឆ្នាំ​មុន៕

Avatar

Title:នារី​ម្នាក់​យំ​សោក​ក្នុង​ពិធី​មង្គលការ គឺ​ជា​ឈុត​ឆាក​ក្នុង​វីដេអូ​ចម្រៀង

Fact Check By: Jay Udom

Result: Misleading