Fact-Check: រូបថត​វិនាសកម្ម​ព្រៃ​ឈើ​ភូមា​ត្រូវ​បាន​ភ្ជាប់​ដោយ​​មិន​ត្រឹម​ត្រូវ​នឹង​វិនាសកម្ម​ព្រៃ​ឈើ​តំបន់​ព្រៃឡង់​កម្ពុជា

Green Misleading

ថ្មីៗ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​សម្រេចផ​្ដាច់​ជំនួយ​សម្រាប់​ជួយ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​តំបន់​ការពារ​ព្រៃ​ឈើ​«ព្រៃឡង់» បន្ទាប់​ពី​មើល​ឃើញ​ថា ព្រៃឈើ​នៅ​តំបន់​ការពារ​មួយ​នេះ បន្ត​រង​ការ​កាប់​បំផ្លាញ ហើយ​សកម្មជន​ការពារ​ព្រៃឈើ ត្រូវ​បាន​បង្ក្រាប។ បន្ទាប់​ពី​ស្ថានអាមេរិក​សម្រេច​បែប​នេះ ព័ត៌មាន រូបថត និង​វីដេអូ​អំពី​វិនាស​កម្ម​ព្រៃ​ឈើ​​នៅ​តំបន់​ព្រៃឡង់ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម។

ក្នុង​នោះ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ជាមួយ​នឹង​រូបថត​បង្ហាញ​ពី​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​បៃតង។ រូបថត​ជាមួយ​នឹង​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​រាប់​ពាន់​ដង​ផង​ដែរ។

ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​របស់​កម្ពុជា។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​លោក​ អេង ឆៃអ៊ាង ​បាន​​រៀបរាប់​ថា សហរដ្ឋ​អាមេរិក​បាន​កាត់​ផ្ដាច់​ជំនួយ​សម្រាប់​គម្រោង​ថែរក្សា​ព្រៃ​ឡង់​របស់​ប្រទេស​កម្ពុជា​ហើយ បន្ទាប់​ពី​គម្រប់​ព្រៃ​ឈើ​បៃតង​មួយ​នេះ នៅ​តែ​រង​ការកាប់​ឈើ​ដដែល ហើយ​អាជ្ញាធរ​ប្រទេស​នេះ បាន​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​សកម្មជន​ការពារ​ព្រៃឈើ។

ភ្ជាប់​ជាមួយ​សំណេរ​ខាង​លើ​នេះ ទំព័រ​ហ្វេសប៊ុក​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ ក៏​បាន​បង្ហោះ​រូបថត ៨​សន្លឹក​ផង​ដែរ ដែល​រូបថត​មួយ​ក្នុង​ចំណោម​នោះ បាន​បង្ហាញ​នូវ​គម្រប់​ព្រៃឈើ ត្រូវ​បាន​កាប់​ឆ្ការ។

រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ភ្ជាប់​ទៅ​នឹង​ការ​កាប់​ឈើ​នៅ​តំបន់​ការពារ​ព្រៃឡង់​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​ប្រតិកម្ម​រាប់​ពាន់ និង​មតិ​​ដល់​ទៅ​រាប់​រយ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​លោក អេង ឆៃអ៊ាង រៀបរាប់​ដូច​ខាង​ក្រោម៖

«ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១

————————-

សហរដ្ឋ​អាមេរិក​ប្រកាស​កាត់​ផ្ដាច់​ជំនួយ​អភិរក្ស​ព្រៃឡង់ ដែល​ធ្លាប់​ផ្ដល់​ឱ្យ​របប​ក្រុង​ភ្នំពេញ​កន្លង​មក ដោយសារ​តែ​ពិនិត្យ​ឃើញ​ថា ព្រៃឡង់​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្លាំង​ក្លា​ដដែល ហើយ​អាជ្ញាធរ​នៃ​របប​នេះ បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ឥត​ស្រាក​ស្រាន្ត​លើ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ចូលរួម​ការពារ​ព្រៃឡង់»។

Facebook Post | Archived Link

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ និង​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​នឹង​ខ្លឹមសារ​នៃ​ការ​អះ​អាង​នេះ ដើម្បី​បញ្ជាក់​ថា តើ​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​​ឬ​យ៉ាង​ណា។

ដើម្បី​ផ្ទៀង​ផ្ទាត់​ការ​អះ​អាង​នេះ យើង​បាន​ពិនិត្យ​មើល​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ហើយ​សម្រាប់​ការ​ត្រួត​ពិនិត្យ​រូបថត​មួយ​សន្លឹក​នេះវិញ Fact Crescendo Cambodia បាន​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ឈាន​ទៅ​ជួប​នឹង​រូបថត​ដូច​គ្នា​ទាំង​ស្រុង និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។

ក្នុង​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ពិត​ជា​បាន​ប្រកាស​ពី​ការ​កាត់​ផ្ដាច់​ជំនួយ​ ដែល​ខ្លួន​បាន​ផ្ដល់​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​គាំ​ទ្រ​ដល់​កិច្ខ​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​ធនធាន​ធម្មជាតិ​តំបន់​ព្រៃឡង់។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ស្ថានទូត​អាមេរិក​បញ្ជាក់​ថា ការ​សម្រេច​បែប​នេះ បាន​កើតឡើង បន្ទាប់​ពី​មើល​ឃើញ​កំណើន​នៃ​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ការពារ​ធម្មជាតិ​មួយ​នេះ និង​ការ​ទុក្ខ​បុកម្មេញ​ទៅ​លើ​សហគមន៍​មូលដ្ឋាន សកម្មជន​ និង​សង្គម​​ស៊ីវិល​ការពារ​បរិស្ថាន។

U.S. Embassy in Phnom Penh Press Release | Archived Link

ទោះជាយ៉ាងណា រូបថត​មួយ​សន្លឹក​នេះ ដែល​ត្រូវ​បាន​បង្ហោះ​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ ត្រូវ​បាន​រក​ឃើញ​ថា មិន​មែន​ជា​ទិដ្ឋភាព​នៃ​តំបន់​ព្រៃ​ឡង់​របស់​កម្ពុជា​នោះ​ទេ ក្រោយ​ពី​ការ​ផ្ទៀង​ផ្ទាត់​តាម​រយៈ​កម្មវិធី Google Reverse Image។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​​សង្ខេប​មួយ​របស់​​សហព័ន្ធ​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ (IUCN) ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ក្នុង​ឆ្នាំ​២០២១​នេះ។ នៅ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន​របស់​ខ្លួន ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បញ្ជាក់​ថា រូបថត​នៃ​ការ​កាប់​ព្រៃ​ឈើ​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា ហើយ​រូបថត​នេះ​ត្រូវ​បាន​ថត​ដោយ​អ្នកថត​រូប​ លី ជា (Li Jia)។

IUCN Publication | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ ពិត​ជា​ត្រឹម​ត្រូវ ប៉ុន្តែ រូបថត​ដែល​បង្ហោះ​ភ្ជាប់​ជាមួយ​នឹង​ព័ត៌មាន​នេះ មិន​ជាប់​ពាក់​ព័ន្ធ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ទិដ្ឋភាព​នៃ​ការ​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ ដែល​ជា​តំបន់​ការពារ​ព្រៃ​ឈើ​របស់​កម្ពុជា​នោះ​ទេ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ការ​កាប់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​ភូមា ដែល​ទិដ្ឋភាព​នេះ​ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូប លី ជា នៃ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ (IUCN)។

Avatar

Title:រូបថត​វិនាសកម្ម​ព្រៃ​ឈើ​ភូមា​ត្រូវ​បាន​ភ្ជាប់​ដោយ​​មិន​ត្រឹម​ត្រូវ​នឹង​វិនាសកម្ម​ព្រៃ​ឈើ​តំបន់​ព្រៃឡង់​កម្ពុជា

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.