
ក្រោយពីមានការអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនជួបជុំគ្នានៅលើដីចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីរួចផុតពីគ្រោះមហន្តរាយទឹកជន់លិចភពផែនដីកន្លងទៅនោះ រូបថតមួយសន្លឹក បង្ហាញនារីម្នាក់ក្របួចកអាវមេដឹកនាំបក្សនយោបាយរូបនេះ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់។ រូបថតនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់ជាច្រើននាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថារូបថតខាងលើ គឺត្រូវបានកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពលោក ខឹម វាសនា ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈ្លោះប្រកែកគ្នា ដែលមានមនុស្សស្រី បានចាប់ក្របួចអាវរបស់លោកផងដែរ។
ការបង្ហោះនេះ ត្រូវបានភ្ជាប់ជាមួយនឹងសំណេរថា «ថ្ងៃ៣០ហើយ គ្មានឃើញលិចអីទេ»។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ បានសរសេរថា «ថ្ងៃ៣០ហើយ គ្មានលិចអីទេ!! ជ្រូកមាន់ទា ផ្ទះអញលក់អស់ហើយ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលនេះ ពុំបានបង្ហាញរូបលោក ខឹម វាសនា នោះឡើយ។ ផ្ទុយទៅវិញ រូបថតមួយសន្លឹកនេះ គឺជារូបថតបង្ហាញឱ្យឃើញភាពមិនចុះសម្រុងគ្នារវាងគូស្នេហ៍គូ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានសរសេរជាភាសាអង់គ្លេស ឬប្រែជាភាសាខ្មែរថា «គូស្នេហ៍ខឹងឈ្លោះគ្នា ពេលមានបញ្ហាក្នុងទំនាក់ទំនង»។

Getty Images Link | Archived Link
តាមរយៈគេហទំព័រ IStock ក៏បានផ្សព្វផ្សាយ និងបង្ហាញទិដ្ឋភាពរូបថតជាច្រើនសន្លឹកដែលមានទម្រង់ដូចគ្នាទៅនឹងរូបថតបង្ហោះខាងលើផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានបង្ហាញទិដ្ឋភាពជាការសម្ដែងមិនចុះសម្រុង និងប្រកែកគ្នារបស់គូស្នេហ៍មួយគូ។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញបង្ហោះនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពនៃការថតសម្ដែងជាគូស្នេហ៍ប្រុស-ស្រីមួយគូ ឈ្លោះប្រកែក និងមិនចុះសម្រុងគ្នា ដែលរូបថតនេះពុំបានបង្ហាញទិដ្ឋភាពរូបលោក ខឹម វាសនា ត្រូវបានគេក្របួចអាវនោះឡើយ។

Title:រូបថតនារីម្នាក់ចាប់ក្របួចកអាវមេបក្ស LDP លោក ខឹម វាសនា គឺជារូបភាពកាត់ត
Fact Check By: Kakada SimResult: Altered
