ព្រះ​សង្ឃ​មួយ​អង្គ​ដែល​គង់​នៅ​ក្នុង​អាស្រម​មួយ​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​គេ​បង្ហោះ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​ព្រះ​សង្ឃ​អង្គ​នោះ​ គ្រង​ស្បង់​និង​បំពាក់​ឧបករណ៍​ស្រូប​សំឡេង​ជា​ច្រើន​នៅ​លើ​ស្បង់​ផង​នោះ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ព្រះ​អង្គ​រង​នូវ​ការ​រំខាន​ពី​សំណាក់​អ្នក​ផលិត​មាតា​ព័ត៌មាន ឬ​មាតិកា​បណ្ដាញ​សង្គម។ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​​នោះ​ គឺ​ជា​រូបភាព​កាត់​ត។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ «Chim Sophat = ជីម​ សុផាត» បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​ព្រះ​សង្ឃ​មួយ​អង្គ​​បំពាក់​ជាមួយនឹង​ឧបករណ៍​ស្រូប​សំឡេង​ជាច្រើន​គ្រឿង​នៅ​លើ​ស្បង់​របស់​ព្រះ​អង្គ​ផ្ទាល់​។​

រូប​ថត​ដដែល​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​រៀប​រាប់​ថា​ «បុគ្គល​ខ្លះ​ព្រោះ​តែផល​ប្រយោជន៍ផ្ទាល់​ខ្លួន​ រំខាន​ព្រះ​គុណម្ចាស់​ទាំង​យប់ទាំ​ងថ្ងៃ​»។​

រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ព្រះ​អង្គ​ត្រូវបាន​បំពាក់​នូវ​ឧបករណ៍​ស្រូប​សំឡេង​ជា​ច្រើន​។​

Facebook Link | Archived Link

រូប​ថត​ដូច​គ្នា​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​ផងដែរ​ ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​

Facebook Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

រូបថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញនៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​។​

យើង​សង្កេត​ឃើញ​ថា​ នៅ​ក្នុង​វីដេអូ​សម្ភាស​ប្រមាណ​ជាង​ ៦​នាទី​នោះ​ ពុំ​មាន​ចំណុច​មួយ​ណា​​បាន​បង្ហាញ​ទិដ្ឋភាព​របស់​ព្រះ​អង្គ​​ បាន​បំពាក់​ជាមួយ​ឧបករណ៍​ស្រូប​សំឡេង​ជាច្រើន​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីបទាំង​ស្រុង​នៃ​ការ​ធ្វើ​បទ​សម្ភាស​ជាមួយ​ព្រះ​អង្គ​ វន ​វាសី​ ចន្ទមុនី​។​

YouTube Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ និង​រូប​ថត​ផ្តាម​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ដូច​គ្នា​នេះ យើង​ក៏​រក​ឃើញ​វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ ដែល​ធ្វើ​ការ​សម្ភាស​ដោយ​ក្រុម​ការងារ​ Rumduol TV ផង​ដែរ​ កាល​ពី​​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​ពុំ​មាន​ការ​បំពាក់ ឧបករណ៍​ស្រូប​សំឡេង​ជាច្រើន​នៅ​លើ​ស្បង់​របស់​ព្រះ​អង្គ​នោះ​ទេ​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​វីដេអូ​ឃ្លីប​សម្ភាស​របស់​ព្រះ​អង្គ​ វន​ វាសី​ ចន្ទមុនី​ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​ព្រះ​អង្គ​​ បាន​បំពាក់​ជាមួយ​ឧបករណ៍​ស្រូប​សំឡេង​ជាច្រើន​នោះ​ឡើយ​។​

Avatar

Title:រូប​ថត​ព្រះសង្ឃ​មួយ​​អង្គ​បំពាក់​ជាមួយ​ឧបករណ៍​ស្រូប​សំឡេង​ច្រើន​ ជា​រូប​ភាព​កាត់​ត​

Written By: Kakada Sim

Result: Altered