
ខណៈដែលកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់ដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា នឹងឈានដល់ខួប ៣០ឆ្នាំនៅក្នុងខែតុលាខាងមុខនេះ អតីតជនភៀសខ្លួនកម្ពុជាមួយចំនួន បានចែករំលែកនូវរូបថតមួយចំនួនដែលបង្ហាញពីស្ថានភាពជនភៀសខ្លួនកម្ពុជានៅតាមជំរំនានាក្នុងប្រទេសថៃ។
ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា រូបថតនោះជាទិដ្ឋភាពនៃជនភៀសខ្លួនកម្ពុជានៅជំរំភៀសខ្លួននៅក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា ការអះអាងនោះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានចែករំលែកនូវរូបថតមួយសន្លឹកជាមួយនឹងការអះអាងថា រូបថតនេះបង្ហាញទិដ្ឋភាពនៃជនភៀសខ្លួនខ្មែរនៅតាមជំរំក្នុងប្រទេសថៃកាលពីជាង ៤០ឆ្នាំមុន។
រូបថតរួមជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តគ្នាដល់ទៅរាប់រយដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។
ខាងក្រោមនេះជារូបភាពផ្ដាមចេញពីការចែកចាយនូវរូបថតរួមជាមួយការអះអាងថា «នេះជាទិដ្ឋភាពពិតនៃជនភៀសខ្លួនខ្មែរ ដែលបានរត់ចេញពីទឹកដីកំណើតនៅឆ្នាំ១៩៧៩។ តើប្រិយមិត្តណាខ្លះដែលបានឆ្លងកាត់ជំរំស្រះកែវទី១ ព្រោះថា ជំរំស្រះកែវទី១ កើតមុនដំបូងគេបង្អស់ក្នុងឆ្នាំ១៩៧៩ បន្ទាប់មកទើបមានជំរំស្រះកែវទី២ ខៅអ៊ីដាង ម៉ៃរ៉ូត កាំពុត ណងចន្ទ សាយអេក សាយធូ សាយប៊ី ជំរំសម្ដេច ឈុនបូរី»។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយនេះ បានចែករំលែករូបថត និងខ្លឹមសារនៃរូបថតនេះចេញពីប៉ុស្តិ៍មួយរបស់ទំព័រហ្វេសប៊ុកព្រះពុទ្ធសាសនា ដែលបានបង្ហោះរូបថតនេះកាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦កន្លងមក ឬកាលពីជាង ៥ឆ្នាំមុន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍មួយនៃទំព័រហ្វេសប៊ុកព្រះពុទ្ធសាសនា ដែលតំណភ្ជាប់នៃប៉ុស្តិ៍នេះ មាននៅទីនេះផងដែរ។
រូបថតនេះ ក៏ត្រូវបានចុះផ្សាយនៅក្នុងអត្ថបទព័ត៌មានរបស់សារព័ត៌មានក្នុងស្រុកផងដែរកាលពីខែសីហាឆ្នាំ២០២០កន្លងមក និងខែកុម្ភៈ ក្នុងឆ្នាំ២០២១នេះ ដែលសុទ្ធតែនិយាយថា រូបថតនេះ គឺជាទិដ្ឋភាពមួយនៃជំរំជនភៀសខ្លួនកម្ពុជានៅក្នុងប្រទេសថៃនៅទសវត្សរ៍១៩៨០ និងដើមទសវត្សរ៍១៩៩០។
AMS | Archived និង knongsrok | Archived
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យលើការអះអាង និងរូបថតនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតនៅលើ Google ដែលនាំឱ្យយើងជួបប្រទះនឹងរូបថត និងខ្លឹមសារនៃរូបថតនេះផងដែរ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅគេហទំព័រ Unforgettable Laos គេហទំព័រ Heart of Freedom និងគេហទំព័រ emaze ដែលបានផ្ដល់ព័ត៌មានអំពីរូបថតនេះ។
នៅលើគេហទំព័រ Unforgettable Laos លោក Vang Geu អតីតមន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសឡាវនៅមុនឆ្នាំ១៩៧៥នោះ សរសេរខ្លឹមសារនៃរូបថតនេះជាភាសាអង់គ្លេសថា «When refugees first arrived in the Camp in Thailand, many were sick and starving» ឬដែលមានន័យជាភាសាខ្មែរថា «នៅពេលជនភៀសខ្លួនមកដល់ជំរំនៅថៃដំបូង ជនភៀសខ្លួនជាច្រើន មានជំងឺ និងមានអាការៈស្គមស្គាំងស្រេកឃ្លាន»។
Unforgettable Laos | Archived Link
នៅក្នុងកិច្ចសម្ភាសមួយជាមួយអតីតជនភៀសជនជាតិឡាវ គេហទំព័រ Heart of Freedom ក៏បានចេញផ្សាយដោយភ្ជាប់មកជាមួយនូវរូបថតមួយសន្លឹកនេះផងដែរនៅក្នុងចំណោមរូបថតជាច្រើនផ្សេងទៀត។
Heart of Freedom | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងថា រូបថតមួយសន្លឹកនេះ ជាទិដ្ឋភាពនៃជំរំភៀសខ្លួនកម្ពុជានៅប្រទេសថៃនៅឆ្នាំ១៩៧៩នោះ មិនត្រឹមត្រូវនោះឡើយ។ រូបថតនេះ មិនមែនជាទិដ្ឋភាពជនភៀសខ្លួនកម្ពុជានៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃនោះឡើយ។ រូបថតនេះ គឺជាទិដ្ឋភាពនៃជនភៀសខ្លួនឡាវស្គមស្គាំង និងស្រេកឃ្លាន នៅពេលទៅដល់ជំរំជនភៀសខ្លួនស្ថិតក្នុងប្រទេសថៃជាលើកដំបូង។

Title:តើរូបថតនេះជាទិដ្ឋភាពជនភៀសខ្លួនកម្ពុជានៅជំរំក្នុងប្រទេសថៃមែនឬ?
Fact Check By: Jay UdomResult: Misleading
