
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចនៅក្នុងប្រទេសកម្ពុជាជាង ៣ទសវត្សរ៍មកហើយ ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេបំផុតនៅលើពិភពលោក។ មេដឹកនាំបក្សកាន់អំណាចរូបនេះ តែងតែជារងនូវការរិះគន់ផង និងការចែកចាយនូវព័ត៌មានអាស្រូវមួយចំនួនពាក់ព័ន្ធនឹងរូបលោក និងក្រុមគ្រួសារលោកផងដែរ។ ថ្មីៗនេះ រូបថតលោក ហ៊ុន សែន អង្គុយជិតនារីវ័យក្មេងម្នាក់ ត្រូវបានអះអាងលើបណ្ដាញសង្គមថា លោកកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងនោះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា ការអះអាងបែបនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹកបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានផ្លូវការ និងអង្គុយនៅទល់មុខនឹងមនុស្សនារីម្នាក់។ ទំព័រហ្វេសប៊ុកដដែលនេះ បានសរសេររៀបរាប់ថា លោក ហ៊ុន សែន កំពុងសាងសង់ស្នេហាជាមួយនារីម្នាក់នោះ។ អ្នកប្រើហ្វេសប៊ុកមួយចំនួន បានបញ្ចេញប្រតិកម្មទៅនឹងរូបថតជាមួយនឹងសំណេរបែបនេះ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «កុំភ័យនៅជាមួយតាតែ៣ថ្ងៃដឹងតែឃ្លាម្ជូហើយ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់រូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថត Yandex ដែលនាំឱ្យឈានទៅឃើញរូបថតដើម និងព័ត៌មានលម្អិតនៃរូបថតមួយសន្លឹកនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅក្នុងគណនី Instagram មួយដែលដាក់ឈ្មោះ «Hun Sem Cambodia»។ ព័ត៌មានលម្អិតនៃរូបថតនៅលើគណនី Instagram នេះ បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបនារីវ័យក្មេងម្នាក់ឈ្មោះ «ស្រីពេជ្យ» ដែលជាចៅស្រីរបស់លោក នៅឯសណ្ឋាគារមួយអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។
Instagram Post | Archived Link
រូបថតលោក ហ៊ុន សែន ជួបជាមួយចៅស្រីរបស់លោក ក៏ត្រូវបានរកឃើញផងដែរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីឆ្នាំ២០១៩កន្លងមកនេះ។
រូបថតនេះ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ជាមួយសំណេរនៅខាងចុងក្រោយថា «សូមជូនរូបថតជាមួយចៅ១សន្លឹក ថតនៅហុងគ្រីកាលពីថ្ងៃទី ១៣ មិថុនា កន្លងមកនេះ»។
កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន បានបង្ហោះរូបថតនៃការជួបជុំរវាងលោក និងចៅស្រីរបស់លោកនៅឯសណ្ឋាគារមួយដែលលោក និងគណៈប្រតិភូកម្ពុជាស្នាក់នៅអំឡុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសហុងគ្រី។
កាលពីខែតុលា ឆ្នាំ២០១៩កន្លងមក លោក ហ៊ុន សែន ក៏បានជួបជាមួយចៅស្រីរបស់លោកជាថ្មីម្ដងទៀតនៅអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសប៊ុលហ្ការី។
ប៉ុស្តិ៍មួយរបស់ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញថា ស្រី ពេជ្យ (ឬពេជ្រ) គឺជាចៅស្រីច្បងរបស់លោក ហ៊ុន សែន ដែលកំពុងសិក្សានៅក្នុងប្រទេសមួយនៅតំបន់អឺរ៉ុប។ ចៅស្រីច្បងរបស់មេដឹកនាំកម្ពុជារូបនេះ អាចកំពុងសិក្សានៅក្នុងប្រទេសបារាំង ដោយសារក្នុងប៉ុស្តិ៍នោះ បានបង្ហាញវត្តមានមន្ត្រីការទូតបារាំងប្រចាំនៅកម្ពុជាបានចូលរួមជូនដំណើរចៅស្រីរបស់លោក ហ៊ុន សែន វិលត្រឡប់ទៅបន្តការសិក្សានៅឯបរទេសផងដែរ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានមានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងនោះទេ។ នារីវ័យក្មេងដែលអង្គុយជិតលោក ហ៊ុន សែន គឺជាចៅស្រីច្បងរបស់លោក ហើយបានជួបលោកនៅពេលលោកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រីកាលពីខែមិថុនា ឆ្នាំ២០១៩។

Title:រូបថតលោក ហ៊ុន សែន ជាមួយចៅស្រីច្បង ត្រូវបានអះអាងដោយមិនត្រឹមត្រូវលើបណ្ដាញសង្គម
Fact Check By: Jay UdomResult: False
