Fact-Check: រូបថត​លោក ហ៊ុន សែន ជាមួយ​ចៅ​ស្រី​ច្បង​ ត្រូវ​បាន​អះ​អាង​​ដោយ​មិន​ត្រឹម​ត្រូវ​លើ​បណ្ដាញ​សង្គម

False Political

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង ៣​ទសវត្សរ៍​មក​ហើយ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។ មេដឹកនាំ​បក្សកាន់​អំណាច​រូប​នេះ តែង​តែ​ជា​រង​នូវ​ការ​រិះ​គន់​ផង និង​ការ​ចែក​ចាយ​នូវ​ព័ត៌មាន​អាស្រូវ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​រូប​លោក និង​ក្រុម​គ្រួសារ​លោក​ផង​ដែរ។ ថ្មីៗ​នេះ រូបថត​លោក​ ហ៊ុន សែន អង្គុយ​ជិត​នារី​វ័យ​ក្មេង​ម្នាក់ ត្រូវ​បាន​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​វ័យ​ក្មេង​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រកឃើញ​ថា ការ​អះ​អាង​បែប​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឯក​សណ្ឋាន​ផ្លូវការ និង​អង្គុយ​នៅ​ទល់​មុខ​នឹង​មនុស្ស​នារី​ម្នាក់។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀប​រាប់​ថា លោក ហ៊ុន សែន កំពុង​សាង​សង់​ស្នេហា​ជាមួយនារី​ម្នាក់​នោះ។ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ។

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ​ រៀបរាប់​ថា «កុំ​ភ័យ​នៅ​ជាមួយ​តា​តែ៣​ថ្ងៃ​ដឹង​តែ​ឃ្លា​ម្ជូហើយ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​រូបថត​មួយ​សន្លឹក​នេះ​​​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត Yandex ដែល​នាំ​ឱ្យ​ឈាន​ទៅ​​ឃើញ​រូបថត​ដើម​ និង​ព័ត៌មាន​លម្អិត​​នៃ​រូបថត​មួយ​សន្លឹក​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​គណនី Instagram​ មួយ​ដែល​ដាក់​ឈ្មោះ​ «Hun Sem Cambodia»។ ព័ត៌មាន​លម្អិត​នៃ​រូបថត​នៅ​លើ​គណនី​ Instagram នេះ បង្ហាញ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជួប​នារី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ «ស្រីពេជ្យ» ដែល​ជា​ចៅស្រី​របស់​លោក​ នៅ​ឯ​សណ្ឋាគារ​មួយ​​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​​ប្រទេស​ហុងគ្រី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩។

Instagram Post | Archived Link

រូបថត​លោក ហ៊ុន សែន ជួប​ជាមួយ​ចៅ​ស្រី​របស់​លោក ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​​នៅ​ក្នុង​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ឆ្នាំ​២០១៩​កន្លង​មក​នេះ។

រូបថត​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៩ ជាមួយ​សំណេរ​នៅ​ខាង​ចុង​ក្រោយ​ថា «សូមជូនរូបថតជាមួយចៅ១សន្លឹក ថតនៅហុងគ្រីកាលពីថ្ងៃទី ១៣ មិថុនា កន្លងមកនេះ»។

Facebook Post | Archived Link

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន បាន​បង្ហោះ​រូបថត​នៃ​ការ​ជួប​ជុំ​រវាង​លោក និង​ចៅ​ស្រី​របស់​លោក​នៅ​ឯ​សណ្ឋាគារ​មួយ​ដែល​លោក និង​គណៈ​ប្រតិភូ​កម្ពុជា​ស្នាក់​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ហុងគ្រី។

Facebook Post | Archived Link

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩​កន្លង​មក លោក ហ៊ុន សែន ក៏​បាន​ជួប​ជាមួយ​ចៅ​ស្រី​របស់​លោក​ជា​ថ្មី​ម្ដង​ទៀត​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​ប៊ុលហ្ការី។

Facebook Post | Archived Link

ប៉ុស្តិ៍​មួយ​របស់​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហាញ​ថា ស្រី ពេជ្យ (ឬ​ពេជ្រ) គឺ​ជា​ចៅស្រី​ច្បង​របស់​លោក ហ៊ុន សែន ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​មួយ​នៅ​តំបន់​អឺរ៉ុប។ ចៅស្រី​ច្បង​របស់​មេដឹកនាំ​កម្ពុជា​រូប​នេះ អាច​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​បារាំង ដោយសារ​ក្នុង​ប៉ុស្តិ៍​នោះ បាន​បង្ហាញ​​​វត្តមាន​​មន្ត្រី​ការទូត​​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ចូល​រួម​ជូន​ដំណើរ​ចៅ​ស្រី​របស់​លោក ហ៊ុន សែន វិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សា​នៅ​ឯ​បរទេសផ​ងដែរ។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​វ័យ​ក្មេង​នោះ​ទេ។ នារី​វ័យ​ក្មេង​ដែល​អង្គុយ​ជិត​លោក ហ៊ុន សែន គឺ​ជា​ចៅ​ស្រី​ច្បង​របស់​លោក ហើយ​បាន​ជួប​លោក​នៅ​ពេល​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហុងគ្រី​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩។

Avatar

Title:រូបថត​លោក ហ៊ុន សែន ជាមួយ​ចៅ​ស្រី​ច្បង​ ត្រូវ​បាន​អះ​អាង​​ដោយ​មិន​ត្រឹម​ត្រូវ​លើ​បណ្ដាញ​សង្គម

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.