បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅ​តែ​ទទួល​បាន​ការ​វាយ​ប្រហារ​ជារឿយៗ។ ជា​ឧទាហរណ៍ ថ្មីៗ​នេះ រូបថត​អ្នកស្រី មូរ សុខហួរ មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា ពួកគេ​ជា​គូ​ស្នេហ៍​នឹង​គ្នា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អ្នកស្រី មួរ សុខហួរ មេដឹកនាំ​បក្ស​ប្រឆាំង​ឈាន​មុខ​មួយ​រូប មានឱប​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ក្នុង​មាន​សំណេរ​ក្នុង​ន័យ​ថា អ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែករំលែក​បន្ត​ និង​ទទួល​បាន​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។

ខាង​ក្រោមនេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​មាន​សំណេរ​រៀបរាប់​ថា «រឿង​និទាន​ស្នេហារ​កម្លោះ​ក្រមុំ ១​គូ ព្រោះ​តែ​ការ​ស្រឡាញ់​ទើប​សុំ​ស្នេហ៍​អូន​រហូត​បាន​ចូល​រោងការ បន្ទាប់​មក​យើង​រក​ស៊ី​ជុំគ្នា​រហុត​មាន​បាន​កើត​ជា​មហា​សេដ្ឋី ព្រោះ​តែ​កម្ម​ពៀរ​ពី​អតីត ស្នេហា ១​គូនោះ​ត្រូវ​ប្រេះ​ស្រាអ​ដោយសារ​ខាង​ស្រី​ចូល​តួ​អំនួត រហូត​អូន​ស្នើ​សុំ​បង​លែង​លះ​គ្នា​ព្រើ​តែ​គំនិត? ព្រោះ​តែ​ស្នេហ៍​ស្មោះ […]»។

Facebook Post | Archived Link

​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពីឆ្នាំ​២០១៩​កន្លង​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះអាង​នេះ​តាមរយៈការ​​ដំណើរ​ការ TinEye ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​គូ​ស្នេហ៍​មួយ​គូ​ស្និទ្ធ​ស្នាល​ជាមួយ​គ្នា​នៅ​ក្នុង​ហាង​ហែល​ទឹក​មួយ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​វេបសាយ www.shuttterstock.com ដែល​ជា​វេបសាយ​រក្សា​ទុក​នូវ​រូបភាព​សោទស្សន៍​ដ៏​ច្រើនរបស់​សហរដ្ឋ​អាមេរិក។

តាម​រយៈ​វីដេអូ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​វេបសាយ​នេះ យើង​ឃើញ​នារី និង​បុរស​ស្បែក​ស​មួយ​គូ​ឱប​គ្នា​នៅ​ក្នុង​អាង​ហែល​ទឹក​មួយ​កន្លែង ប៉ុន្តែ មិន​មែន​ជា​រូបថត​អ្នកស្រី មូរ សុខហួរ ឱប​គ្នា​ជាមួយ​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅកូរ៉េ​ខាង​ត្បូង​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វេបសាយ Shutterstock ដែល​បង្ហាញ​គូស្នេហ៍​ស្បែក​ស​មួយ​គូ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​នៅ​ក្នុង​អាង​ហែល​ទឹក​មួយ។

Shutterstock | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​កាត់​ដែល​បង្ហាញ​​អ្នកស្រី មូរ សុខហួរ មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​វេបសាយ​ដ៏​ធំ​មួយ​។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដា​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ គឺ​ជា​រូបថត​កាត់​ត​តែ​ប៉ុណ្ណោះ។ រូបថត​ច្បាប់​ដើម បង្ហាញ​ឱ្យ​ឃើញ​គូ​ស្នេហ៍​ស្បែក​ស​មួយ​គូ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​នៅ​ក្នុង​អាង​ហែល​ទឹក​មួយ​កន្លែង ប៉ុន្តែ មិន​មែន​ជា​អ្នក​ស្រី មូរ សុខហួរ និង​សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង​នោះ​ឡើយ។

Avatar

Title:រូបថត​អ្នកស្រី មូរ សុខហួរ ឱប​សកម្មជន​ម្នាក់​ក្នុង​អាង​ទឹក គឺ​ជា​​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ

Written By: Jay Udom

Result: Altered