
កាលពីថ្ងៃម្សិលមិញនេះ ស្នងការនគរបាលខេត្តព្រះវិហារ បានផ្ញើរបាយការណ៍មួយទៅអគ្គស្នងការនគរបាលជាតិ ដែលបានបញ្ជាក់ថា ស្នងការរងនគរបាលមួយរូបនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។
ដំណឹងមរណភាពរបស់ស្នងការរងនគរបាលរូបនេះ ត្រូវបានផ្សព្វផ្សាយដោយសាររព័ត៌មានានានៅក្នុងស្រុក ក្នុងនោះក៏មានសារព័ត៌មាន The Cambodia Times ផងដែរ។ សារព័ត៌មាននេះ បានផ្សាយព័ត៌មានអំពីមរណភាពនៃស្នងការរងរូបនេះដោយភ្ជាប់ជាមួយរូបថតមន្ត្រីនគរបាលមួយរូប។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា រូបថតនោះមិនមែនជារូបថតមន្ត្រីនគរបាលខេត្តព្រះវិហារ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩នោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន The Cambodia Times បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើង «ស្លុតចិត្ត សូម្បីស្នងការរងខេត្តព្រះវិហារ ក៏ត្រូវស្លាប់ដោយសារឆ្លងកូវីដដែរ»។ គេហទំព័រសារព័ត៌មាននេះ បានរៀបរាប់ថា វរសេនីយ៍ឯក ចៅ ស៊ីផល ស្នងការរងនគរបាលខេត្តព្រះវិហារ បានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ហើយលទ្ធផលនៃការតេស្តលើសំណាក បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ-១៩ បន្ថែមទៅលើជំងឺប្រចាំកាយរបស់គាត់ផងដែរ។
គេហទំព័រសារព័ត៌មានដដែលនេះ បានដាក់រូបថតមន្ត្រីនគរបាលផ្កាយ២មួយរូបភ្ជាប់នៅក្នុងអត្ថបទនោះជាមួយអក្សរ R.I.P. ជាអក្សរកាត់មកពីពាក្យពេញថា Rest in Peace ដែលមានន័យជាភាសាខ្មែរថា «សូមទៅកាន់សុគតិភព»។ វាជាពាក្យដែលត្រូវបានគេប្រើសម្រាប់បួងសួងដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ឱ្យបានឈានទៅដល់ទីស្ងប់ ក្រោយពីស្លាប់ទៅ។
(រូបភាពផ្ដាមចេញពីអត្ថបទរបស់សារព័ត៌មាន The Cambodia Times ជាមួយរូបថតមួយសន្លឹកដែលសរសេរអក្សរ RIP លើរូបថត)
The Cambodia Times Report | Archived Link
គេហទំព័រសារព័ត៌មាននេះ ក៏បានចែករំលែកអត្ថបទនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរជាមួយរូបថតដូចដែលបានរៀបរាប់ខាងលើ។
ខ្លឹមសារផ្ដាមចេញពីអត្ថបទចែករំលែកលើទំព័រហ្វេសប៊ុក The Cambodia Times សរសេរថា «ស្លត់ចិត្ត សូម្បីស្នងការរងខេត្តព្រះវិហារ ក៏ត្រូវស្លាប់ដោយសារឆ្លងកូវីដដែរ»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់រូបថតដែលត្រូវបានប្រើនៅលើសំណេរអត្ថបទព័ត៌មានរបស់គេហទំព័រសារព័ត៌មាន The Cambodia Times តាមរយៈការផ្គូរផ្គងរូបថត និងពិនិត្យមើលការបកស្រាយពីស្នងការនគរបាលខេត្តព្រះវិហារ។
តាមរយៈការផ្គូរផ្គងរូបថត Fact Crescendo Cambodia រកឃើញថា រូបថតមានអក្សរ RIP ដែលភ្ជាប់ជាមួយអត្ថបទសារព័ត៌មាននោះ មិនមែនជារូបថតរបស់ស្នងការរងនគរបាលខេត្តព្រះវិហារ ដែលបានត្រូវបានប្រកាសថាទទួលមរណភាពនោះទេ។
រូបថតមន្ត្រីនគរបាលពាក់ផ្កាយ២នោះ តាមការពិត គឺជាលោក សួស សុខដារ៉ា ដែលមានតួនាទីជាស្នងការនគរបាលខេត្តព្រះវិហារ។ លោក សួស សុខដារ៉ា គឺជាអ្នកផ្ញើរបាយការន៍ស្ដីពីមរណភាពរបស់មន្ត្រីនគរបាលម្នាក់នៅក្រោមឱវាទរបស់ ផ្ញើទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍មួយរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្ហាញលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដឹកនាំបញ្ជាកងកម្លាំងនគរបាល ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបកស្រាយថា គេហទំព័រសារព័ត៌មាន The Cambodia Times បានប្រើប្រាស់រូបថតមិនត្រឹមត្រូវសម្រាប់សំណេរព័ត៌មានរបស់ខ្លួន។ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏បានទាមទារឱ្យសារព័ត៌មាននេះកែតម្រូវផងដែរ។
ប៉ុស្តិ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបង្ហាញរូបថតលោក ចៅ ស៊ីផល ស្នងការរងនគរបាលខេត្តព្រះវិហារ ដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយ និងឆ្លងមេរោគកូវីដ-១៩។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដែលគេហទំព័រ The Cambodia Times បានប្រើប្រាស់រូបថតជាមួយអត្ថបទព័ត៌មានរបស់ខ្លួននោះ មិនត្រឹមត្រូវនោះឡើយ។ រូបថតដែលត្រូវបានប្រើប្រាស់ភ្ជាប់ជាមួយអត្ថបទនោះ គឺជាលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដែលលោកនៅរស់រានមានជីវិតនៅឡើយ ហើយមិនមែនជារូបថតស្នងការរងនគរបាលខេត្តព្រះវិហារ ដែលត្រូវបានរាយការណ៍ថា បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩នោះទេ។

Title:រូបថតស្នងការនគរបាលខេត្តព្រះវិហារ លោក សួស សុខដារ៉ា ត្រូវបានប្រើប្រាស់មិនត្រូវនឹងអត្ថបទព័ត៌មាន
Fact Check By: Jay UdomResult: Misleading