ខណៈ​ដែល​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ នឹងឈាន​ចូល​ដល់​ខួប ៧​ឆ្នាំ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់ Fresh News មួយ​ដែល​និយាយ​ថា លោក ហ៊ុន សែន នឹង​មិន​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​រក​យុត្តិធម៌​ជូន​លោក កែម ឡី នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ រូបភាព​អត្ថបទ​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​នេះ គ្រាន់​តែ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបភាព​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន Fresh News ដែល​មាន​ចំណង​ជើង​ថា «សម្ដេច ហ៊ុន សែន បាន​ចំអក​ទៅ​ក្រុម​ពួក​ប្រឆាំង​មួយ​ចំនួន​តូច និង​អ្នក​គាំ​ទ្រ​លោក កែម ឡី បើ​ពួក​លោក​ឯង​ចង់​បាន​យុត្តិធម៌ លុះត្រា​ណា​តែ​សម្ដេច ហ៊ុន សែន ធ្លាក់​ពី​អំណាច​សិន តែ​ពេល​នេះ​ពួក​ឯង​កុំ​សង្ឃឹម​ថា​មាន​យុត្តិធម៌​អោយ​សោះ»​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

រូបភាព​​ផ្ដាម​ពី​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន Fresh News បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​ថា «បើ​នៅ​មាន​ត្រកូល ហ៊ុន គ្មាន​ទេ​យុត្តិធម៌ គ្មាន​ទេ​សេរីភាព ប្រជាធិបតេយ្យ គ្មាន​ទេ​ការ​បង្រួប​បង្រួមជាតិ និងការ​អភិវឌ្ឍ​ពិត​ប្រាកដ​នោះ​ឡើ់យ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិតុ្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search និង​ការស្វែង​រក​ការ​បញ្ជាក់​ពី​អង្គភាព​សារព័ត៌មាន Fresh News ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​ព័ត៌មាន​លម្អិត​នៃ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​ឯ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក។

នៅ​ពេល​យើង​ស្វែង​រក​វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​កាល​បរិច្ឆេទ​នោះ យើង​ក៏​បាន​​វីដេអូ​ដែល​រក្សា​ទុក​ដោយ​វេបសាយ​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋម​ន្ត្រី។

ដោយ​បាន​ពិនិត្យ​មើល​លើ​ខ្លឹមសារ​នៃ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជការ និង​ក្រុម​ការងារ​បច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅ​ក្រុង​​ព្រះសីហនុ​នោះ យើង​រក​ឃើញ​ថា លោក​នាយករដ្ឋ​មន្ត្រី​កម្ពុជា​រូប​នេះ មិន​បាន​ថ្លែង​អ្វី​ពាក់​ព័ន្ធ​ដល់​ការ​ស្វែង​រក​យុត្តធម៌​សម្រាប់​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក កែម ឡី នោះ​ឡើយ។

សូម​ស្ដាប់​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅឯ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក។

ឆ្លើយ​តប​មក​កាន់ Fact Crescendo Cambodia តាម​រយៈ​សារ​តាម​បណ្ដាញ​តេឡេក្រាម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គ​នាយក​អង្គភាព​សារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បាន​ច្រាន​ចោល​នូវ​ខ្លឹមសារ​នៃ​រូបភាព​នេះ ដោយ​ចាត់​ទុក​ថា​ជា​​ព័ត៌មាន​«ក្លែងក្លាយ»។

ចំណែក​ឯ​អគ្គនាយក​រង​អង្គភាព​សារព័ត៌មាន Fresh News លោក ពេជ្រ ប៊ុនសាយ ដែល​​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​នយោបាយ បាន​ប្រាប់​តាម​បណ្ដាញ​តេឡេក្រាម​ថា សារព័ត៌មាន​របស់​លោក​​ពុំបាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មាន​ចំណង​ជើង​ដូច​ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ​។

លោក ប៊ុនសាយ ក៏​បាន​ផ្ញើ​មក​ផង​ដែរ​នូវ​អត្ថបទ​ព័ត៌មាន​ចំនួន ៧ ចេញ​ផ្សាយ​ដោយ​អង្គភាព​សារព័ត៌មាន Fresh News នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២០ ដោយ​បាន​ដក​ស្រង់​ប្រសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​​ពុំ​មាន​អត្ថបទ​ព័ត៌មាន​ណា​មាន​ចំណង​ជើង​ដូច​អ្វី​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​ចំណង​ជើង​នៃ​អត្ថបទ​ព័ត៌មាន​​ទាំង ៧ ដែល​ចេញ​ផ្សាយ​ដោយ Fresh News កាល​ពី​ថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ​២០២០ ដោយ​បាន​ស្រង់​ប្រសាសន៍​របស់​លោក ហ៊ុន សែន៖

១. សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា មូលដ្ឋាន​សមុទ្រ​រាម​កម្ពុជា​មិន​បាន​ផ្ដល់​ផ្ដាច់​មុខ​ឱ្យ​បរទេស​ណា​នោះ​ទេ គឺ​ស្វាគមន៍​គ្រប់​នាវា​បរទេស​ទាំង​អស់​ចូល​សំចត (archived)

២. សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ព្រមាន​ចាប់​ខ្លួន​ជន​បំផុស​មិន​ឱ្យ​ចាយ និង​កាត់​ទឹក​លុយ​ប្រភេទ ១​ដុល្លារ ២​ដុល្លារ ៥​ដុល្លារ (archived)

៣. សម្ដេច​តេជោ ហ៊ុន សែន៖ ខេត្ត​ព្រះសីហនុ​បាន​ក្លាយ​ទៅ​ជា​ខេត្ត​អភិវឌ្ឍន៍​ពហុ​ជាតិ​សាសន៍ និង​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដ៏​មាន​សក្ដានុពល​សម្រាប់​កម្ពុជា (archived)

៤. សម្ដេច​តេជោ ហ៊ុន សែន៖ បើ​ចង់​កុំ​ឱ្យ​ប៉ូលិស​ចរចារណ៍​បាន​លុយ​ច្រើន ពលរដ្ឋ​ទាំង​អស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ (archived)

៥. នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រិះគន់​ប្រទេស​មួយ​ចំនួន​ដែល​បាន​វាយ​ប្រហារ​លើ​ផ្នែក​សុខាភិបាល​កម្ពុជា ខណៈ​ប្រទេស​នោះ​កំពុង​មាន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ១៩​ជា​បន្ត​បន្ទាប់ (archived)

៦. សម្ដេច​តេជោ ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​ជន​ណា​ចូល​រួម​យុទ្ធនាការ​ជាមួយ​ក្រុម​ប្រឆាំង​ក្រៅ​ប្រទេស​ចង់​ឱ្យ​ធនាគារ​ទាំង​អស់​នៅ​កម្ពុជា​ដួល​រលំ (archived)

៧. សម្ដេច​តេជោ ហ៊ុន សែន ទាមទារ​ឱ្យ ប្រែត អាដាម បក​ស្រាយ​រឿង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​កំពុង​ធ្វើការ​បង្ក្រាប​យ៉ាង​សាហាវ​លើ​ក្រុម​បាតុករ (archived)

នៅ​ពេល​ត្រូវ​បាន​សួរ​បន្ថែម​ថា តើ​សារព័ត៌មាន Fresh News ធ្លាប់​បាន​ចុះ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ដាក់​ចំណង​ជើង​បែប​ហ្នឹង​ទេ​នៅ​កាល​បរិច្ឆេទ​ផ្សេង​ទៀត​នោះ លោក ប៊ុនសាយ បាន​បញ្ជាក់​ថា អត្ថបទ​ព័ត៌មាន​មាន​ចំណង​ជើង​បែប​នេះ មិន​ធ្លាប់​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​របស់​លោក​នោះ​ឡើយ។

លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ដ៏​ល្បី​ឈ្មោះ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តារម៉ាត​មួយ​កន្លែង​នៅ​ម្ដុំ​ស្តុប​បូកគោ ក្នុង​រាជ​ធានី​ភ្នំពេញ។

ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ គឺ​ជា​ខួប ៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​រូប​នេះ ខណៈ​ដែល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​សកល​នៅ​ក្នុង​ខែ​កក្កដា​នេះ​ផង​ដែរ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ​ខ្លះៗ​ដែរ​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​ទៅ​លើ​លោក កែម ឡី នៅ​ក្នុង​រយៈ​ពេល ៧​ឆ្នាំ​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​លំដាប់​លំដោយ​នៃការ​ថ្លែង​របស់​លោក ហ៊ុន សែន ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី គិត​ចាប់​តាំង​ពី​ថ្ងៃ​ឃាតកម្ម៖

ការ​និយាយ​ដល់​ករណី​ឃាតកម្ម​លើ​លោក កែម ឡី ត្រូវ​បាន​លោក ហ៊ុន សែន លើក​ឡើង​ថ្មីៗ​បំផុត​កាល​ពី​ថ្ងៃ​ទី​១០ ខែមិថុនា​កន្លង​មក​នេះ ដោយ​លោក​និយាយ​ថា រាជ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខាត​បង់​ប្រយោជន៍​ដោយសារ​ឃាតកម្ម​លើ​លោក កែម ឡី។ សូម​មើល​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ (archived)

លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​បែប​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៦​កន្លង ពោល​គឺ​ ១​ថ្ងៃ​ក្រោយ​ពី​ឃាតកម្ម​លើ​លោក កែម ឡី នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ សូម​អាន​លម្អិត​នៅ​ទីនេះ (archived)

កាល​ពី​ឆ្នាំ​២០១៨ នៅ​ឯ​ពីធី​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​នៅ​ឯ​ប្រទេស​អូស្ត្រាលី លោក ហ៊ុន សែន បាន​ស្នើ​ទៅគ្រួសារ​លោក កែម ឡី ដែល​កំពុង​រស់​នៅ​ទីនោះ កុំ​ឱ្យ​ចាត់​ទុក​លោក​ជា​សត្រូវ។ សូម​អាន​លម្អិត​នៅ​ទីនេះ (archived)

ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន បាន​ចោទ​អាមេរិក​ថា ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​រូប​នេះ ប៉ុន្តែ ស្ថានទូត​អាមេរិក​នៅ​កម្ពុជា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ សូម​អាន​លម្អិត​នៅ​ទីនេះ (archived)

ទោះជាយ៉ាងណា ការ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ ឬ​មេ​ខ្លោង​នៃ​អំពើ​ឃាតកម្ម​នេះ មិន​បាន​រីក​ចម្រើន​ទៅ​មុខ​ទៀត​ឡើយ ដោយ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ក្នុង​សំណុំ​រឿង​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា រូបភាព​នៃ​អត្ថបទ​ព័ត៌មាន​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ អង្គភាព​សារព័ត៌មាន Fresh News បាន​ច្រាន​ចោល​នូវ​រូបភាព​នេះ ហើយ​បញ្ជាក់​ថា មិន​ធ្លាប់​ចុះ​ផ្សាយ​អត្ថបទ​មាន​ចំណង​ជើង​បែប​នេះ​ឡើយ។ រូបភាព​នៃ​អត្ថបទ​ព័ត៌មាន​របស់ Fresh News បាន​ដក​ស្រង់​សម្ដី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​នៅ​ឯ​ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក។

Avatar

Title:រូបភាព​នៃ​អត្ថបទ​ព័ត៌មាន​មួយ​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម

Written By: Jay Udom

Result: Altered